បរទេស៖ លោក Mikel Arteta បានអំពាវនាវឲ្យក្រុម Arsenal រក្សាកម្រិតលេង «ដ៏ពិសេស» ដែលពួកគេបានបង្ហាញក្នុងពេលយកឈ្នះលើក្រុម Tottenham ក្នុងលទ្ធផល ៣-១ កាលពីថ្ងៃអាទិត្យ ដើម្បីឡើងឈរពីលើគូប្រជែងនៅទីក្រុងឡុងដ៍ភាគខាងជើងរបស់ពួកគេនៅលើតារាងក្របខ័ណ្ឌ Premier League។
កាលពី៣សប្តាហ៍កន្លងទៅក្រុម Spurs ស្ថិតនៅលើកំពូលតារាង ហើយក្រុម Arsenal ស្ថិតនៅបាតតារាង ក្រោយពីការជួបលទ្ធផលដ៏អន់បំផុតរបស់ពួកគេក្នុងរយៈពេល៦៧ឆ្នាំ នៅដើមរដូវកាលនៃក្របខ័ណ្ឌលីកមួយ។ ប៉ុន្តែ ទោះបីជាយ៉ាងណា ក្រុមកាំភ្លើងធំបានស៊ុតបាល់បញ្ចូលទី៣គ្រាប់ ក្នុងរយៈពេល៣៥នាទីដំបូង ខណៈដែល Emile Smith Rowe បានរកគ្រាប់បាល់បើកឆាក នៅមុនពេលខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានបន្ថែមការនាំមុខរបស់ក្រុមខ្លួន ហើយ Bukayo Saka បានរកគ្រាប់បាល់ទី៣។
ខ្សែប្រយុទ្ធ Son Heung-min បានវាយបក១គ្រាប់វិញសម្រាប់ក្រុមភ្ញៀវ នៅរយៈពេល១១នាទីចុងក្រោយ ប៉ុន្តែគ្រាប់បាល់នោះបានកើតឡើងយឺតពេលបន្តិចទៅហើយសម្រាប់ក្រុមរបស់លោក Nuno Espirito Santo។ លោក Arteta បានឲ្យដឹងថា៖ «នេះគឺជាថ្ងៃដ៏ពិសេសមួយ។ ថ្ងៃនេះគឺជាឧទាហរណ៍មួយសម្រាប់សមិទ្ធផលដែលយើងចង់បាន ប៉ុន្តែ យើងត្រូវតែរក្សាភាពរឹងមាំ»៕
ប្រភពព័ត៌មាន៖ Channel News Asia