ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា និងខ្សែ​បម្រើ​កណ្តាល ច្រឹង ពលរដ្ឋ ដែល​ខក​ខាន​បាន​ចូល​ក្រុមជម្រើសជាតិ អស់រយៈពេល​ជា​ច្រើន​ឆ្នាំមក​ហើយ​នោះ ត្រូវ​បានកោះហៅឱ្យ​ចូល​រួម​ជាមួយ​ក្រុមជម្រើសជាតិ​កម្ពុជា សម្រាប់​ត្រៀម​ការ​ប្រកួតវគ្គ​ Play off នៃ​ពានរង្វាន់ AFC ASIAN CUP CHINA 2023 Qualifiers និង​វគ្គជម្រុះពាន​រង្វាន់ AFC U23 ASIAN CUP Uzbekistan 2022 ដែលការប្រកួត​ នឹង​ចាប់ផ្ដើមពីថ្ងៃទី៩ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នៅ​ប្រទេស​បារ៉ែន និងជប៉ុន។

ខ្សែ​ប្រយុទ្ធ​របស់បឹងកេត ចាន់ វឌ្ឍនាកា និងខ្សែ​បម្រើ ច្រឹង ពលរេដ្ឋ របស់​ក្លិប​វិសាខា ដែល​ធ្លាប់​បង្ហាញ​ទម្រង់លេង​យ៉ាង​ល្អ​បំផុត នៅក្នុង​ក្រុមជម្រើសជាតិ​កម្ពុជា នោះ បាន​បាត់ឈ្មោះ​ពីបញ្ជី​ឈ្មោះ​ក្រុមជម្រើសជាតិ អស់​រយៈពេល​ចូល​៥​ឆ្នាំ​មក​ហើយ បន្ទាប់ពី​អ្នក​ទាំង​២ មិនសូវ​បាន​បង្ហាញ​ខ្លួន នៅលើ​ទី​លាន ដោយសារសារបញ្ហា​របួស និង​បញ្ហា​ផ្ទាល់​ខ្លួន​មួយចំនួន ធ្វើ​ឱ្យ​ទម្រង់លេង មានការ​ធ្លាក់ចុះ​នោះ។

យ៉ាងណាក៏​ដោយ តាមរយៈ​បញ្ជីឈ្មោះក្រុមជម្រើសជាតិ​កម្ពុជា​ ដែល​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា បាន​ប្រកាស កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ គឺ ចាន់ វឌ្ឍនាកា និង ច្រឹង ពលរដ្ឋ ​ត្រូវ​បាន​អ្នក​​ចាត់​ការ​ទូទៅ​លោក Keisuke Honda និង​ក្រុមគ្រូ​បង្វឹកក្រុម​ជម្រើសជាតិ​កម្ពុជា ​បាន​ផ្តល់​ទំនុកចិត្ត ដល់​អ្នកទាំង​២ ជា​ថ្មី ដើម្បី​ដាក់​ឱ្យ​ចូល​រួម​ជាមួយ​​ក្រុមជម្រើសជាតិ​កម្ពុជា ឡើង​វិញ ប៉ុន្តែ​បញ្ជី​ឈ្មោះ​លើកនេះ គ្មាន​វត្តមាន​ខ្សែ​ប្រយុទ្ធ​ជើងចាស់ ប្រាក់ មុន្នីឧត្តម និងខ្សែ​ការពារ ធារី ចន្ថាប៊ីន នោះ​ទេ។

​ការមានឈ្មោះ​នៅក្នុងក្រុមជម្រើសជាតិ សារ​ឡើង​វិញ​នេះ ក៏​ព្រោះតែ ចាន់ វឌ្ឍនាកា បានបង្ហាញ​ទម្រង់​ល្អ​ឡើង​វិញ និង​បាន​ក្លាយជា​ខ្សែ​ប្រយុទ្ធ​យ៉ាងសំខាន់ ដែល​អាចជួយ​ឱ្យ​បឹងកេត ឱ្យ​ទទួលបានជ័យជម្នះជា​បន្ត​បន្ទាប់ ហើយ ច្រឹង ពលរដ្ឋ ក៏បានបង្ហាញ​ខ្លួន​ នៅ​ក្នុងជម្រើស​ជាតិ​១១នាក់ដំបូង របស់​ក្រុម​វិសាខា បានញឹកញាប់ ឡើ​ងវិញ ផងដែរ ជាមួយ​ទម្រង់​លេង គួរ​ឱ្យ​ចាប់អារម្មណ៍ ផងដែរ។

ជាមួយ​គ្នា​នេះ ក្រុមជម្រើសជាតិ​កម្ពុជា ដែលមានការ​ច្របាច់បញ្ចូល​គ្នា​រវាង​ក្រុម​U23​ជម្រើសជាតិ និងក្រុមធំ​ជម្រើសជាតិ​នោះ  គឺ​បាន​ហោះ​ហៅ​កីឡា​វ័យ​ក្មេង​ជាង​១០នាក់ ឱ្យ​ចូល​រួម​បំបេញបេសកកម្ម ជូនជាតិ លើកនេះ ផងដែរ ក្នុង​នោះ​រួមានកីឡាករ វីរៈ ដារ៉ា, ចាន់ សារ៉ាពេជ្រ, លីម អារុណរ៉េយមិន, គី រីណា, ស៊ិន សុវណ្ណមករា, ជួន ចាន់ចាវ, ឡុង ម៉េងហាវ, មិន រតនៈ, អ៊ាន ពិសី, ជឿន ណាចា, ញាណ សុស៊ីដាន, រដ្ឋ សំណាង និង រ៉េត លីហេង ចំណែក សឿត បារាំង និង ណារ៉ុង កក្កដា ក៏​ត្រូវ​បាន​កោះ​ហៅ​ឱ្យ​ចូល​ជម្រើសជាតិ ថ្មី​ផង​ដែរ ខណៈ​កីឡាករ​វ័យ​ក្មេង ញឹម លីហួរ, ឡេង ណូរ៉ា និង ស រតនា ត្រូវបាន​កោះ​ហៅឱ្យ​ចូល​រួមជាមួយ​ក្រុមជម្រើសជាតិ ជា​លើក​ទី​២៕