បរទេស៖ ក្រុម Paris saint-Germain និង Manchester City មាន​ឱកាស​ដូចគ្នា​ក្នុងការ​បង្កើត​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ នៅក្នុង​ក្រប​ខ័ណ្ឌ Champions League នៅពេល​ដែលពួកគេ​ជួប​គ្នា​ក្នុងការ​ប្រកួត​វគ្គ​ចែកពូល​នា​កីឡដ្ឋាន Parc des Princes នៅ​រាត្រីនេះ ដែលនឹង​តម្រូវ​ឲ្យ​លោក Pep Guardiola និង​អតីត​កូន​សិស្ស​របស់​លោក Lionel Messi ជួប​គ្នា​ម្តង​ទៀត​។

ក្លិប PSG ដែល​មាន​ម្ចាស់​កម្មសិទ្ធិ​ជា​សេដ្ឋ​កា​តា​ និងក្លិប Man City ដែលមាន​ម្ចាស់​កម្ម​សិទ្ធិ​ជា​សេដ្ឋី​ត្រកូល​អា​ប៊ូ​ដាប៊ី បានផ្លាស់ប្តូរ​មុខ​មាត់កីឡា​បាល់ទាត់​ទ្វីបអឺ​រ៉ុប ក្នុង​រយៈពេល​១​ទសវត្សរ៍​ចុងក្រោយ​នេះ តាមរយៈ​ការ​ចំណាយ​ប្រាក់​ជាច្រើន​ដើម្បី​ទទួល​បាន​ភា​ព​ជោគ​ជ័យក្នុងក្រប​ខ័ណ្ឌ Champions League ខណៈ​ដែល​ក្លិប​ទាំង​២ សុទ្ធ​សឹង​មិន​ទាន់​បាន​ឈ្នះ​ដូចគ្នា​។ Man City ស្ទើរ​តែ​បាន​ឈ្នះ​ពាន​នេះ​កាលពី​រដូវកាល​មុន​ទៅ​ហើយ នៅពេល​ដែល​ពួកគេ​បានផ្តួលក្រុម​ PSG ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ នៅមុន​ពេល​ចាញ់​ក្រុម Chelsea ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ នៅ​ទីក្រុង Porto។

ក្រុម PSG​ ដែល​ជាម្ចាស់​ជើង​ឯក​រង​ក្នុងឆ្នាំ​២០២០ នឹង​​ចង់​សង​សឹក​ចំពោះការ​ចាញ់​នោះ ប៉ុន្តែ ពួក​គេ​បាន​យកឈ្នះលើក្រុម​ម្ចាស់​ជើងឯក​របស់​អង់គ្លេស​មួយនេះមួយ​ចំណុច​រួច​ជាស្រេច តាមរយៈ​ការ​ចុះហត្ថលេខាជាមួយនឹង Messi ដែល​ហាក់ដូច​ជា​ត្រូវ​ផ្ទេរ​ទៅ​កាន់​កីឡដ្ឋាន Etihad ទៅហើយ​។ លោក Guardiola បាន​ឲ្យដឹងថា៖ «យើង​ដឹង​ពី​សមត្ថភាព Messi រួច​ហើយ ហេតុនេះ ខ្ញុំ​មិន​បាច់​រៀង​រាប់​ពី​រូប​គេឡើយ​។ អ្វី​ដែល​រូប​គេ​បាន​ធ្វើ​គឺលើសពី​ភាព​អស្ចារ្យ​ទៅ​ទៀត ហើយ​ជាការរំពឹង​ទុក នៅថ្ងៃ​ស្អែក​នេះ រូប​គេ​អាច​លេង​ដើម្បី​ផល​ប្រយោជន៍​​ការ​ប្រកួតនេះ​»​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia