បរទេស៖ លោក Jurgen Klopp បង្ហាញពីការមិនបារម្ភលើភាពទន់ខ្សោយក្នុងតំបន់ការពាររបស់ក្រុម Liverpool ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ៣-៣ ជាមួយនឹងក្រុម Brentford ខណៈដែលលោកត្រៀមរៀបចំក្រុមរបស់លោកដើម្បីប៉ះជាមួយនឹងក្រុម Porto ក្នុងការប្រកួតក្របខ័ណ្ឌ Champions League រាត្រីនេះ។
ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប៦សម័យកាលមួយនេះ បានចាប់ផ្តើមយូទ្ធនាការ Champions League របស់ពួកគេតាមរយៈការយកឈ្នះលើក្រុម AC Milan ក្នុងលទ្ធផល ៣-២ ក្នុងការប្រកួតលើទឹកដីខ្លួនឯង ក្នុងការប្រកួតពូល B។ Liverpool កំពុងតែនាំមុខលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ប៉ុន្តែ ពួកគេមិនបានបង្ហាញពីទម្រង់លេងដ៏រឹងមាំពេលប្រកួតជាមួយនឹងក្រុម Brentford ឡើយ កាលពីចុងងសប្តាហ៍មុននេះ ដោយបានរបូតគ្រាប់បាល់នាំមុខ២គ្រាប់។ ពួកគេបានរបូតគ្រាប់បាល់ក្នុងការប្រកួតលីកត្រឹមតែ១គ្រាប់គត់ ក្នុងចំណោមការប្រកួត៥លើកដំបូងរបស់ពួកគេ។
ប៉ុន្តែ លោក Klopp បាននិយាយថា លោកបានជជែកពីបញ្ហានេះជាមួយនឹងកីឡាកររបស់លោករួចរាល់ហើយ និងជឿជាក់ថា ពួកគេអាចនឹងធ្វើឲ្យអ្វីៗល្អប្រសើរឡើងវិញ។ ក្នុងសន្និសីទសារព័ត៌មាននៅមុនពេលការប្រកួត លោក បាននិយាយកាលពីថ្ងៃចន្ទថា៖ «វាមិនមែនជាការខ្វល់ខ្វាល់ខ្លាំងឡើយ។ ខ្ញុំគិតថា អ្នកមិនគួរធ្វើឲ្យរឿងនេះធំជាងការពិតឡើយ ប៉ុន្តែ យើងត្រូវតែបង្ហាញពីការឆ្លើយតប»៕
ប្រភពព័ត៌មាន៖ Channel News Asia