សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា មិន​អាច​ដេញ​ថ្លៃ​បាន​សម្រេច ក្នុង​ការ​នាំ​យក​ការ​ប្រកួត​ពាន​រង្វាន់ AFF Suzuki Cup 2020 មក​ធ្វើ​នៅ​ពហុកីឡដ្ឋាន​ជាតិមរតកតេជោ ទៅតាម​ផែន​ការ ដែល​ខ្លួន​បាន​ដាក់​ចេញ​នោះ​ទេ បើ​ទោះបីជា ការ​ដាក់ពាក្យ​ស្នើ​សុំ​​ដេញ​ថ្លៃ​នេះ ទទួល​បាន​ការ​គាំទ្រ​​ពេញ​ទំហឹង ពី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​គណៈកម្មាធិការជាតិ​រៀបចំការ​ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ ក៏​ដោយ។

ក្រោមគំនិត​ផ្តួច​ផ្តើម​របស់​លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា គឺ​កម្ពុជា បាន​សម្រេច​ដាក់​ពាក្យស្នើសុំ​​ដេញ​ថ្លៃ​ ជាមួយ​ប្រទេស​៤​ទៀត រួម​មាន វៀតណាម ឥណ្ឌូនេស៊ី ថៃ និងសិង្ហបុរី ដើម្បី​នាំ​យក​ព្រឹត្តិការណ៍​ថ្នាក់​តំបន់មួយនេះ មក​ធ្វើ​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ នៅ​មុនពេល​ពហុកីឡដ្ឋាន​ថ្មី​នេះ ក្លាយ​ជា​កន្លែង​ដ៏​សំខាន់ ក្នុង​ការ​​រៀបចំ​​ធ្វើ​ម្ចាស់​ផ្ទះ ស៊ីហ្គេម ឆ្នាំ​២០២៣។

ប៉ុន្តែ​​ក្រោយ​កិច្ចប្រ​ជុំ​ពិ​ភាក្សា និង​ការសម្រេច​ចុង​ក្រោយ​របស់ AFF កាលពី​ថ្ងៃអង្គារ ម្សិលមិញ គឺ​ស្ថាប័នមួយនេះ បានបាន​សម្រេច​ផ្ដល់​សិទ្ធិឱ្យ​​ប្រ​ទេស​សិង្ហបុរី ធ្វើ​ម្ចាស់​​ផ្ទះ ​ការ​​ប្រ​កួត​បាល់​ទាត់​ជើង​ឯក​អាស៊ី​អាគ្នេយ៍ AFF Suzuki Cup 2020  នេះ ជា​ផ្លូវ​ការ​ហើយ ខណៈ​​ព្រឹត្តិការណ៍នេះ នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ ដល់​ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ខាងមុខ។

តាម​រយៈ​ការ​សម្រេច​របស់ AFF នេះ បាន​បញ្ជាក់ថា កម្ពុជា មិនទទួលបាន​ជោគ​ជ័យ សម្រាប់ការ​ដាក់ពាក្យ​ស្នើ​សុំ​ធ្វើជា​ម្ចាស់​ផ្ទះ​នេះ​ទេ គឺ​កម្ពុជា បាន​ត្រឹម​ធ្វើជា​ភ្ញៀវ ខណៈ​ការប្រកួត AFF Suzuki Cup 2020 នេះ បាន​ចាប់​ឆ្នោត និង​​បែង​ចែក​ពូល​រួច​ហើយ ដោយក្នុង​នោះ កម្ពុជា ស្ថិតក្នុងពូល B ជាមួយវៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងឡាវ។ រីឯពូល A គឺ​មានម្ចាស់ផ្ទះសិង្ហបុរី ថៃ មីយ៉ាន់ម៉ា ហ្វីលីពីន និងក្រុមឡើងមកពីវគ្គជម្រុះ រវាង ប្រ៊ុយណេ និងទីម័រខាងកើត៕