បរទេស៖ ក្រុម Sheriff Tiraspol បាន​បង្កើត​ឲ្យ​មានលទ្ធ​ផល​ដ៏​​​ភ្ញាក់​ផ្អើល​មួយ​ក្នុង​ចំណោម​លទ្ធផល​ដ៏​គួរ​ឲ្យភ្ញាក់​ផ្អើល​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​នៃក្រប​ខ័ណ្ឌ Champions League កាលពីថ្ងៃ​អង្គារ តាមរយៈការ​ផ្តួលក្រុម​ជើង​ខ្លាំង Real Madrid ២-១ នា​កីឡដ្ឋាន Santiago Bernabeu ខណៈ​ដែល Sebastien Thill ជា​អ្នក​រក​គ្រាប់​បាល់​ឈ្នះ​ដ៏​អស្ចារ្យ​នៅ​នាទី ទី​៨៩​។

ខ្សែ​ប្រយុទ្ធ Frank Castaneda ដែល​ជា​ប្រធានក្រុម Sheriff បាន​ឲ្យដឹង​ថា៖ «សម្រាប់​យើង នេះ​គឺ​ជា​សុបិន​មួ​យ​ដែល​ក្លាយ​ជា​ការ​ពិត ក្នុង​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​នៅ​ទីនេះ​។ យើង​ពិត​ជា​រីក​រាយ​ណាស់ និង​រំភើប​»​។ ខ្សែ​ប្រយុទ្ធ​កូឡុំ​ប៊ី​រូបនេះ បាន​បន្ថែមទៀត​ថា៖ «យើង​មក​ទីនេះ​ដើម្បី​ឈ្នះ​។ យើង​មិន​បាន​មក​ទី​នេះ​ដើម្បី​អង្គុយមើល​គេ​ឡើយ​។ យើង​ដឹង​ពី​កម្រិត​ខ្លាំង​របស់​កីឡាករ​យើង និងសំណាង​សម្រាប់​យើង​​។ Real មិន​អាច​ដណ្តើម​យក​ឱកាស​របស់​ពួក គេ ហើយ​​យើង​ដណ្តើម​យក​ឱកាស​របស់​យើង»​។

Real Madrid បាន​ដេញ​តាមពីក្រោយ​តាម​រយៈ​គ្រាប់បាល់​របស់ Jasurbek Yakhshiboev នៅ​តង់​ទី​១ ប៉ុន្តែ គ្រាប់បាល់​ប៉េណាល់​ទី​របស់ Karim Benzema ទំនង​ដូច​ជា​ការ​ជួយ​ឲ្យក្រុម​ម្ចាស់​ផ្ទះ​ដណ្តើម​បាន​១ពិន្ទុ​ទៅហើយ នៅមុន​ពេល Thill រក​បាន​គ្រាប់​បាល់​ឈ្នះ​។ លទ្ធផល​នេះ នឹង​ត្រូវ​ចាត់ទុ​ក​ថា ជា​លទ្ធផល​ដ៏គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត​មួយ ក្នុង​ប្រវត្តិ​សាស្ត្រ​នៃ​យុទ្ធនា​ការ​នេះ និង​ធ្វើឲ្យ​​ក្រុម Sheriff កាន់​តែ​សង្ឃឹម​ខ្ពស់ក្នុងការ​ឈាន​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia