បរទេស៖ ក្រុម Barcelona បានធ្លាក់ចូលក្នុងវិបត្តិកាន់តែជ្រៅ កាលពីថ្ងៃពុធ ក្រោយពីបានរងបរាជ័យយ៉ាងចាស់ដៃក្នុងលទ្ធផល ៣-០ នៅលើទឹកដីក្រុម Benfica ក្នុងការប្រកួតក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធ ស្របពេលដែលក្រុមម្ចាស់ការពារជើងឯក Chelsea បានរងបរាជ័យ ១-០ ក្រោមស្នាដៃក្រុម Juventus។
ក្រុម Barcelonaរបស់លោក Ronald Koeman កំពុងតែធ្លាក់ចូលក្នុងហានិភ័យនៃការធ្លាក់ចេញយ៉ាងឆាប់រហ័សក្នុងការប្រកួតក្របខ័ណ្ឌ Champions League នៅរដូវកាលនេះ ក្រោយពីបានរងបរាជ័យជាលើកទី២ ក្នុងការប្រកួតទាំង២លើករបស់ខ្លួនក្នុងពូល E និងបានបញ្ចប់ការប្រកួតនៅ Lisbon ជាមួយនឹងសមាជិកត្រឹមតែ១០នាក់ប៉ុណ្ណោះ។ ជាមួយគ្នានេះ លោក Thomas Tuchel បាននិយាយថា ក្រុម Chelsea ខ្វះនូវភាពមុតស្រួចផ្នែកស្មារតី ក្រោយពីក្រុមជើងឯកមួយនេះ បានរងបរាជ័យនៅលើទឹកដីក្រុម Juventus។ Chelsea មិនបានបង្ហាញពីទម្រង់លេងដ៏រឹងមាំឡើយ នៅពេលប្រកួតជាមួយនឹងគូប្រជែងខ្លាំងក្នុងពូល H របស់ពួកគេ ដែលនាំឲ្យកីឡាករ Federico Chiesa រកបានគ្រាប់បាល់ឈ្នះភ្លាមៗនៅដើមតង់ទី២។ ពួកគេមិនបានបង្ហាញពីទម្រង់លេងប្រកបដោយការស្រេកឃ្លានដើម្បីស្តារមុខមាត់ពីការចាញ់ក្រោមស្នាដៃក្រុម Manchester City កាលពីចុងសប្តាហ៍មុនឡើយ ខណៈដែលពួកគេបានបង្កើតឱកាសតិចតួចប៉ុណ្ណោះ។
លោក Tuchel ដែលបានផ្លាស់ប្តូរកីឡាករដល់ទៅ៥នាក់ក្នុងតង់ទី២នោះ បានរិះគន់លើការផ្តោតអារម្មណ៍របស់ក្រុមលោក ក្រោយពីបានរងបរាជ័យ២លើកជាប់ៗគ្នា។ អ្នកចាត់ការទូទៅរូបនេះបានឲ្យដឹងថា៖ «ខ្ញុំគិតថា យើងមិនមានភាពមុតស្រួចពេលចាប់ផ្តើមឡើយ។ យើងបានគ្រប់គ្រងបាល់បានច្រើន ប៉ុន្តែ ខ្ញុំគិតថា រយៈពេល១២នាទី ឬ១៥នាទីដំបូង យើងគួរតែដាក់សម្ពាធដល់គូប្រកួតខ្លាំងជាងនេះ»៕
ប្រភពព័ត៌មាន៖ The Guardian