គ្រូបង្គោលស្តីទី លោក Akeeb Tunji Ayoyinka មិនបានធ្វើឱ្យ ក្រុមវិសាខា ថមថយនៅឱកាសប្រជែងយកពានលីគកំពូលកម្ពុជា ក្រោមការដឹកនាំដោយផ្ទាល់ ជាលើកដំបូងរបស់លោកនោះទេ បន្ទាប់ពី វិសាខា បានយកឈ្នះក្រុមគិរីវង់សុខសែនជ័យ កាន់តែធំ និងកាន់តែរំភើប កាលពីថ្ងៃពុធ ប៉ុន្តែក្រុមកងយោធពលខេមរភូមិន្ទ (ទ័ព) នៅតែបន្តជួបភាពសោកសៅ ក្រោមស្នាដៃ ក្រុមអង្គរថាយហ្គឺរ ទោះជំនួបលើកនេះ ធ្វើនៅកីឡដ្ឋានស្តាតចាស់ ដែលជាមូលដ្ឋានរបស់ពួកគេ។
វាហាក់មានភាពមន្ទិលខ្លះៗ ទៅលើសមត្ថភាពរបស់លោក Akeeb Tunji Ayoyinka ថាតើ គ្រូជំនួយ ដែលត្រូវបានតែងតាំងឱ្យធ្វើជាគ្រូបង្គោលស្តីទី កាលពីថ្ងៃចន្ទ ជំនួសគ្រូបង្វឹកលោក Curtis Colum Gerard រូបនេះ អាចដឹកនាំក្រុមវិសាខា បន្តបាននៅភាពខ្លាំងឬយ៉ាងណា? ប៉ុន្តែតាមរយៈការប្រកួត នៅលើទឹកដីខ្លួនឯង កាលពីម្សិលមិញនេះ វាបានបង្ហាញច្បាស់ថា ការដឹកនាំរបស់ Akeeb Tunji Ayoyinka កាន់តែធ្វើឱ្យ វិសាខា មានសម្ទុះខ្លាំង ក្រោយពេលពួកគេ បានយកឈ្នះក្រុមគិរីវង់ រហូតដល់ ៥-០ បន្ថែមទៅលើការឈ្នះត្រឹម ៣-១ កាលពីជើងទី១នោះ។
ការរកបាន៥គ្រាប់ មិនឱ្យក្រុមគិរីវង់ តដៃបាននេះ គឺជាការរួមគ្នាល្អបានកាន់តែល្អរបស់ក្រុមុំវិសាខា ដើម្បីផ្តល់ឱកាសឱ្យខ្សែប្រយុទ្ធទាំង៣ រកបានគ្រាប់បាល់ជាបន្តបន្ទាប់គ្នា ដោយក្នុងនោះ កីឡាករមានកម្ពស់ខ្ពស់ Haber Marcus និង Ajayi Opeyemi រកបានម្នាក់២គ្រាប់ បន្ទាប់ពី ស៊ិន កក្កដា រកបានគ្រាប់បាល់បើកឆាក នៅនាទីទី២៧។
ការឈ្នះ៣ពិន្ទុបន្ថែមនេះ បានជួយឱ្យ វិសាខា នៅតែរក្សាបាននូវឱកាសពេញដៃ ក្នុងការប្រជែងយកពានលីគកំពូលកម្ពុជា ព្រោះពេលនេះ ពួកគេ មាន៣៤ពិន្ទុ ស្មើជាមួយក្រុមព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន តែច្រើនជាងក្រុមការពារជើងឯក បឹងកេត ចំនួន១ពិន្ទុ ជាមួយការប្រកួតចំនួន១៥លើកដូចគ្នា ហើយតាមរយៈការមានពិន្ទុស្មើគ្នា និងប្រកៀកប្រកឹតគ្នានេះ នឹងធ្វើឱ្យការប្រកួតប្រជែងយកពាន សម្រាប់ក្រុមឈរនៅតំបន់ Top8 នេះ នឹងកាន់តែមានភាពតានតឹងខ្លាំង។
ផ្ទុយពីនេះ ក្រុមទ័ព មិនអាចប្រើការមានប្រៀប ក្នុងនាមជាម្ចាស់ផ្ទះ ដើម្បីជម្រះបញ្ជីជាមួយក្រុមអង្គរថាយហ្គឺរ បាននោះទេ ដោយពួកគេ បានបន្តចាញ់ទាំងប្រផិតប្រផើយ ២-១ សម្រាប់ការប្រកួតជើងទី២ នេះ បន្ថែមទៅលើការចាញ់ ៣-២ កាលពីជើងទី១។
តាមរយៈការប្រកួតនោះ កីឡាករ Taleila Maksim ជាអ្នករកបានគ្រាប់បាល់បើកឆាកឱ្យក្រុមអង្គរថាយហ្គឺរ នៅនាទីទី៦៣ មុនពេលកីឡាករចំណូលថ្មីជនជាតិកូរ៉េខាងត្បូង Chanyon Ha រកបានគ្រាប់បាល់ដំបូងឱ្យក្រុមទ័ព តាមរយៈការស៊ុតបាល់ពិន័យ១១ម៉ែត្រ នៅនាទីទី៧០ ប៉ុន្តែឱកាសស្វែងរកគ្រាប់បាល់ជ័យជម្នះរបស់ក្រុមទ័ព ត្រូវបានបញ្ចប់ ដោយសារគ្រាបវ់បាល់ចុងក្រោយរបស់ខ្សែប្រយុទ្ធ Crus Guardiano នៅនាទីទី៨២ ព្រោះ១គ្រាប់នេះ បានជួយឱ្យ អង្គរថាយហ្គឺរ អាចបន្តយកឈ្នះ ២-១ យ៉ាងរំភើប។
ជាមួយការឈ្នះបាន៣ពិន្ទុនេះ ក៏បានជួយឱ្យក្រុមអង្គរថាយហ្គឺរ ឡើងទៅឈរនៅលេខរៀងទី៦ ជាបណ្តោះអាសន្ន ផងដែរ ដោយមាន២៤ពិន្ទុ ហើយបានរុញក្រុមទ័ព ដែលមាន២២ពិន្ទុដដែល ឱ្យមកឈរនៅលេខ៧ វិញម្តង៕