ក្រុម​ភ្នំពេញ​ក្រោន បាន​ឡើង​ទៅឈរ​នៅ​លើ​កំពូល​តារាង​នៃ​លីគ​កំពូល​កម្ពុជា យ៉ាង​រំភើប ហើយ​ក៏​កំពុង​ក្លាយ​ជា​ក្រុម​ដែល​មាន​អាទិភាព​ខ្ពស់ជាង​គេ ក្នុងការ​ឈាន​ទៅ​រកការ​ឈ្នះ​ពាន ផងដែរ បន្ទាប់​ពី​ពួកគេ​ដណ្តើមបាន ​៣ ​ពិន្ទុ ទាំង​លំបាក ពី​ក្រុម​ណាហ្គា​វើ​លដ៍ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប៉ុន្តែ​ក្រុម​សូលទីឡូអង្គរ បាន​ខិតកាន់តែ​កៀត​ទៅនឹងមាត់​ជ្រោះ សម្រាប់ការ​កាត់​ចេញពី​លីគ​កំពូល នៅ​ឆ្នាំ​ក្រោយ។

តាម​រយៈការ​ប្រកួត នៅ​កីឡដ្ឋាន​ស្តាតចាស់ កាលពី​ម្សិលមិញ​នោះ ក្រុម​ភ្ញៀវ​ភ្នំពេញ​ក្រោន បាន​យក​ឈ្នះ​ក្រុមណាហ្គាវើលដ៍ របស់​លោក មាស ចាន់ណា ៣-២ បន្ទាប់​ទៅ​លើការ​ស្មើ​គ្នា  ១-១ កាលពី​ជើង​ទី​១  ប៉ុន្តែ​ការ​ដណ្តើម​បាន​៣ពិន្ទុ​លើកនេះ ពិត​ជាមាន​ភាព​ស្វិត​ស្វាញ​ខ្លាំង។

បើ​ទោះបីជា ​ខ្សែប្រយុទ្ធ Nieto និង ប្រាក់ ធី​វ៉ា រកបាន​ម្នាក់ ​១ ​គ្រាប់ នៅ​នាទី​ទី​២៣ និង​ទី​៤៣ ដើម្បី​ជួយ​ឱ្យ​ក្រុម​ភ្នំពេញ​ក្រោ​ន នាំមុខ ណាហ្គាវើលដ៍ ២-០ នៅក្នុង​តង់​ទី​១ ​ប៉ុន្តែ​អារម្មណ៍​ច្របូកច្របល់ បាន​កើតមានឡើង សម្រាប់​ក្រុម​ភ្នំពេញ​ក្រោ​ន នៅពេល​ខ្សែប្រយុទ្ធ Marcio រកបាន២​គ្រាប់​​​ឱ្យ​ក្រុម​ណាហ្គា​វើ​លដ៍ នៅ​នាទី​ទី​៦២ និង​ទី​៨០ នោះ គឺ​នៅ​ចន្លោះពេល​ដែល Nieto រកបាន​គ្រាប់​បាល់​ទី​២ ​របស់គេនៅនាទី​ទី​៧៤​។

ជាមួយ​ជ័យជម្នះ ដែល​ទទួលបានទាំង​ព្រលឹង​ចុងសក់​នេះ បាន​ជួយ​ឱ្យ​ក្រុម​ភ្នំពេញ​ក្រោ​ន ឡើងទៅ​ឈរ​នៅ​លេខ​ ១ ជា​បណ្តោះអាសន្ន ហើយ​ការ​​មាន ​៣៧ ​ពិន្ទុ បានធ្វើឱ្យ​ពួកគេ ក្លាយជា​ក្រុម ដែល​កំពុងមាន​ភាគរ​យ​ខ្ពស់​ជាងគេ ក្នុងការ​ឈានទៅរក​ការ​ឈ្នះ​ពាន នៅ​រដូវ​កាល​នេះ។

យ៉ាង​ណា​ក៏​ដោយ ការ​ដណ្តើម​បាន​ទីតាំងកំពូល និងការ​កើន​ភាគ​រយ​ឈ្នះ​ពាន​របស់ ភ្នំពេញក្រោន ក៏​មានការ​ចូល​រួម​យ៉ាង​សំខាន់ ពី​ខ្សែ​ប្រយុទ្ធ​វ័យក្មេង​របស់​បឹងកេត សៀង ចន្ធា ផងដែរ ព្រោះ​ការ​រក​បាន​១​គ្រាប់​របស់គេ ដែល​កើត​ចេញពីកំហុស​របស់​អ្នក​ចាំទី អាំ សុវណ្ណារ៉ាត់ នៅនាទីទី​៧៩ បាន​បំផ្លាញ​ឱកាស​របស់​ក្រុមព្រះខ័នរាជស្វាយរៀង ក្នុងការ​ឈ្នះ​បាន​៣ពិន្ទុ​បន្ថែម។

​        ក្រុម​ព្រះខ័ន​រាជ​ស្វាយ​រៀង គួរ​ណាស់ ទទួលបាន​៣ពិន្ទុបន្ថែម សម្រាប់​ការ​រក​បាន​គ្រាប់​បាល់​នាំមុខ​របស់​ខ្សែប្រយុទ្ធ Lopez នៅ​នាទី​ទី​៤៩ ដែលជា​ការ​ស៊ុត​បាល់​ពិន័យ​ ១១ ​ម៉ែត្រ បានសម្រេច​ ប៉ុន្តែ​កំហុស​របស់​អ្នកចាំទី អាំ សុវណ្ណារ៉ា​ត់ ដែល​បាន​​គប់​បាល់ ឡើង​ទៅ​លើ ​មិន​ផុត​សៀង ចន្ធា នោះ នាំ​ឱ្យ​ ច​ន្ធា ឆក់​បាន​បាល់​នោះ រួច​អូស​បន្តទៅ​មុខតែ​ម្នាក់ឯង និង​ស៊ុត​បំប៉ោង​សំណាញ់​ទី​យ៉ាង​ល្អ នៅ​នាទី​ទី​៧៩។

ជាមួយ​ការចែក​គ្នា​ម្នាក់ ​១ ​ពិន្ទុ សម្រាប់​ការប្រកួត​លើក​ទី​១៦ ​នេះ ក្រុម​ស្វាយរៀង បាន​ធ្លាក់​មកឈរ​នៅ​លេខ​ ២ ដោយមាន​ ៣៥ ​ពិន្ទុ គឺ​ចាញ់ប្រៀប ភ្នំពេញ​ក្រោន ២ពិន្ទុ​វិញ ខណៈ​បឹងកេត មាន​ ៣៤ ​ពិន្ទុ ស្មើ​ជាមួយ​ក្រុម​វិសាខា ដែល​ទើប​ប្រកួត​បាន​ ១៥ ​ដង ចំណែក​ក្រុម​ណាហ្គា​វើ​លដ៍ បន្ត​ឈរ​នៅ​លេខ​ ៥ មាន​ ២៨​ ពិន្ទុ​ដដែល។

ដោយឡែក​ក្រុម​កំពុង​ឈរ​នៅ​បាត​តារាង សូល​ទី​ឡូ​អង្គរ បាន​ចាញ់​ក្រុម​នគរបាលជាតិ ១-០ ហើយ​លទ្ធផល​នេះ បានធ្វើឱ្យ​ពួកគេ កាន់តែ​ខិតជិត​ទៅ​មាត់ជ្រោះ ដែល​នឹងត្រូវ​កាត់​ចេញពី​លី​គ​កំពូលកម្ពុជា ឱ្យ​ទៅលេខ​នៅលីគ​ទី​២ សម្រាប់រដូវកាល​ក្រោយ ព្រោះ​ពេលនេះ សូលទីឡូអង្គរ មាន​ត្រឹម​៥ពិន្ទុ​តិចជាងគេ។ តែ​ទោះបីជា​យ៉ាងណា សូលទីឡូអង្គរ នៅ​សល់​ការ​ប្រកួត​ក្នុង​ដៃ​ច្រើនជាងគេ ហេតុ​នេះឱកាស​ប្រជែង គេច​ចេញពីតំបន់កាត់​ចោល​របស់​ពួកគេ នៅតែ​មាន​តិចតួច​ផងដែរ បើ​សិនជា​ពួកគេ អាច​រក​ឃើញ​ជ័យជម្នះ បាន​វិញ​នោះ៕