ខ្សែប្រយុទ្ធ Marcio បានបង្ហាញឱ្យឃើញកាន់តែច្បាស់ ចំពោះការបោះជំហានទៅរកការឈ្នះស្បែកជើងមាស ក្នុងការប្រកួតលីគកំពូលកម្ពុជា ឆ្នាំ៣២០២១ បន្ទាប់ពីរូបគេ រកបាន៣គ្រាប់បន្ថែមទៀត តែម្នាក់ឯង ដើម្បីជួយឱ្យក្រុមណាហ្គាវើលដ៍ បន្តយកឈ្នះលើក្រុមបឹងកេត ៤-២ កាលពីថ្ងៃអាទិត្យ នៅមុនពេលថ្នាក់ដឹកនាំក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ បានផ្ញើលិខិតផ្លូវការ ទៅកាន់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ដើម្បីប្តឹងជំទាស់ទៅនឹងការពិន័យកាតក្រហមលើកូនក្រុមរបស់ខ្លួន ពីសំណាក់លោកអាជ្ញាកណ្តាល ស្រី សុវណ្ណារ៉េត។
តាមរយៈការប្រកួត កាលពីថ្ងៃអាទិត្យ ម្សិលមិញនោះ ខ្សែប្រយុទ្ធប្រេស៊ីលពាក់លេខ១៤ Marcio បានស៊ុតទម្លុះសំណាញ់ក្រុមបឹងកេត ផ្ទួន នៅនាទីទី១៣ និងទី៣២ ដើម្បីជួយឱ្យក្រុមណាហ្គាវើលដ៍ នាំមុខ ២-០ នៅក្នុងតង់ទី១ ប៉ុន្តែការរកបាន២គ្រាប់វិញ របស់ខ្សែប្រយុទ្ធ Gopane Mothusi នៅនាទីទី៥១ និងទី៥៧ បានធ្វើឱ្យក្រុមរបស់លោក មាស ចាន់ណា វិលមករកបានច្របូកច្របល់វិញ។
យ៉ាងណាក៏ដោយ គួច ដានី បានធ្វើឱ្យអ្វីៗ វិលមករកភាពប្រក្រតីវិញ សម្រាប់ក្រុមណាហ្គាវើលដ៍ តាមរយៈការរកបាន១គ្រាប់ទៀតរបស់គេ នៅនាទីទី៦០ ហើយ Marcio បានរកឃើញគ្រាប់បាល់ទី៣របស់គេ តាមរយៈការអូសបាល់រំលងខ្សែការពាររបស់ បឹងកេត តាំងម្នាក់ឯង រួចស៊ុតបំប៉ោងសំណាញ់ទី យ៉ាងល្អបំផុត នៅនាទីទី៨០ ដើម្បីដល់ ណាហ្គា ចំពោះការឈ្នះបាន៣ពិន្ទុ បន្ថែមលើកនេះ។
ការយកឈ្នះជួយឱ្យក្រុមណាហ្គាវើលដ៍ យកឈ្នះក្រុមបឹងកេត ៤-២ បន្ថែមទៅលើការឈ្នះ ១-០ កាលពីជើងទី១នេះ វាមិនត្រឹមតែធ្វើឱ្យ ណាហ្គា មាន៣១ពិន្ទុ កៀកទៅនឹង បឹងកេត ដែលមាន៣៤ពិន្ទុប៉ុណ្ណោះទេ ប៉ុន្តែការរកបាន៣គ្រាប់តែម្នាក់ឯងនេះ បានបង្ហាញឱ្យឃើញកាន់តែច្បាស់ ពីការឆ្ពោះទៅរកការឈ្នះស្បែកជើងមាស ជាលើកដំបូងរបស់ Marcio ផងដែរ ព្រោះពេលនេះ រូបគេរកបាន២០គ្រាប់ទៅហើយ ខណៈកីឡាករឈរនៅលេខ២ Haber Marcus របស់វិសាខា មានត្រឹម១៥គ្រាប់ទេ។
ដោយឡែក ក្រុមគិរីវង់សុខសែនជ័យ បានបង្ហាញការខកចិត្តខ្លាំង ទៅលើការកាត់សេចក្តីរបស់លោកអាជ្ញាកណ្តាល ស្រី សុវណ្ណារ៉េត ដែលបានសម្រេចពិន័យកាតក្រហមទៅលើកូនក្រុមរបស់ខ្លួន គឺខ្សែប្រយុទ្ធពាក់លេខ២៩ Osmar Francisco Moreira Jesuino នៅនាទីទី២៦ ហើយការពិន័យនេះ ត្រូវបានថ្នាក់ដឹកនាំរបស់ក្រុមមានមូលដ្ឋាន នៅខេត្តតាកែវ មួយនេះ ចាត់ទុកថា ជាមូលហេតុដ៏ចម្បង នាំឱ្យ គិរីវង់ ចាញ់ក្រុមអង្គរថាយហ្គឺរ រហូតដល់ ៦-១ កាលពីថ្ងៃសៅរ៍។
លោក ឯម តារា អគ្គលេខាធិការរង ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ បានប្រាប់ កាលពីថ្ងៃអាទិត្យថា៖ «លទ្ធផលនេះ វាពាក់ព័ន្ធនឹងការពិន័យកាតក្រហម របស់លោកអាជ្ញាកណ្តាល ទៅលើកីឡាករពាក់លេខ២៩របស់យើង ព្រោះការពិន័យនេះ បានជះឥទ្ធិពលយ៉ាងអាក្រក់ ទៅលើការប្រកួត រហូតដល់ធ្វើឱ្យក្រុមរបស់យើង ចាញ់ក្នុងលទ្ធផល ដែលមិនអាចទទួលយកបាន»។
តាមរយៈការប្រកួត កាលពីថ្ងៃសៅរ៍នោះ លោកអាជ្ញាកណ្តាល ស្រី សុវណ្ណារ៉េត បានសម្រេចពិន័យកាតក្រហមទៅលើខ្សែប្រយុទ្ធ Osmar Francisco Moreira Jesuino ដោយគ្មានភាពស្ទាក់ស្ទើរនោះទេ បើទោះជាការប៉ះទង្គិចរវាង Moreira និងអ្នកចាំទីរបស់ក្រុមអង្គរថាយហ្គឺរ ជា វណ្ណសាក់ ស្ថិតក្នុងភាពមិនច្បាស់លាស់ក៏ដោយ ហើយអ្នកទស្សនាភាគច្រើន ដែលបានមើលការប្រកួតនេះ តាមរយៈការផ្សាយផ្ទាល់ គឺបានរិះគន់ខ្លាំងទៅលើការសម្រេចរបស់លោក ស្រី សុវណ្ណារ៉េត។
ជាមួយគ្នានេះ ក្រុមគិរីវង់ ក៏បានដាក់ពាក្យប្តឹងតវ៉ា ទៅកាន់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា រួចហើយ ចំពោះការពិន័យកាតក្រហមនេះ។ លោក ឯម តារា បានបញ្ជាក់ថា៖ «ការកាត់សេចក្តីរបស់អាជ្ញាកណ្តាលនេះ បានជះឥទ្ធិពលយ៉ាងអាក្រក់ មកលើក្រុមទាំងមូល ហេតុនេះក្លិបបានដាក់ជាលិខិតផ្លូវការ ដើម្បីស្នើសុំប្តឹងតវ៉ា ទៅលើការពិន័យកាតក្រហម ដល់កីឡាកររបស់យើងនេះ ដើម្បីឱ្យសហព័ន្ធ ធ្វើការពិនិត្យពិចារណាឡើងវិញ ឱ្យបានត្រឹមត្រូវ ហើយយើងស្នើសុំដក ការពិន័យកាតក្រហមនេះ ពីកីឡាកររបស់យើងវិញ»៕