បរទេស៖ ក្លិប Manchester City បានធ្វើការតវ៉ាជាផ្លូវការទៅកាន់ក្លិប Liverpool ក្រោយពីអ្នកគាំទ្របានស្តោះទឹកមាត់លើកីឡាករបម្រុងនៃក្រុមគូបដិបក្ខ អំឡុងពេលនៃការប្រកួតតង់ទី២ដ៏រំភើប ខណៈដែលខ្សែបម្រើ Kevin De Bruyne បានរកគ្រាប់បាល់តាមស្មើរបស់ Mohamed Salah។
Liverpool បានចាប់ផ្តើមធ្វើការស៊ើបអង្កេត និងកំពុងតែសិក្សាទៅលើវីដេអូពីកាមេរ៉ាសុវត្ថិភាព ខណៈដែលលោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្លិប Man City បានជំរុញឲ្យពួកគេចាត់វិធានការដាក់អ្នកគាំទ្ររូបនោះ។ លោកបានឲ្យដឹងថា៖ «ខ្ញុំមិនបានមើលឃើញឡើយ ប៉ុន្តែ ខ្ញុំបានឮពីបញ្ហានេះ។ មនុស្សជាច្រើនបានប្រាប់ខ្ញុំថា បញ្ហានេះ បានកើតឡើង។ ខ្ញុំប្រាកដចិត្តថា Liverpool FC នឹងចាត់វិធានការប្រឆាំងនឹងបុគ្គលរូបនោះ។ នៅគ្រប់ក្លិបទាំងអស់ តែងតែមានមនុស្សប្រព្រឹត្តទង្វើអាក្រក់ ដោយសារតែការរំជួលចិត្តរបស់ពួកគេ»។ លោក Guardiola ក៏បានផ្ទុះកំហឹងដែល James Milner មិនបានរងពិន័យកាតក្រហមជាលើកទី២ផងដែរ ក្រោយពីបានព្រឹត្តកំហុសលើខ្សែបម្រើ Bernardo Silva។
លោកបានឲ្យដឹងថា៖ «មុននឹងលោកអាជ្ញាកណ្តាលផ្តល់ការពិន័យកាតលឿងដល់រូបខ្ញុំ គាត់ត្រូវតែផ្តល់ការពិន័យកាតលឿងជាលើកទី២ដល់ James សិន។ វាមិនមែនមានន័យថា អ្នកនឹងឈ្នះពេលប្រកួតជាមួយនឹង Liverpool នៅ Anfield ឡើយ ប៉ុន្តែសកម្មភាពនេះ វាច្បាស់ពេកហើយ»៕
ប្រភពព័ត៌មាន៖ Channel News Asia