ដំណើរ​ឆ្ពោះ​ទៅ​រកការ​ប្រជែង​យក​ពាន​លីគ​កំពូល​កម្ពុជា ឆ្នាំ​២០២១ របស់​ក្រុម​វិសាខា និង​ក្រុម​ព្រះខ័នរាជស្វាយរៀង សុទ្ធតែ​បាន​ធ្លាក់ចុះ​នៅ​ភាគ​រយ ខណៈ​ក្រុមទាំង​២ បាន​ត្រឹម​ចែក​គ្នា​ម្នាក់​១ពិន្ទុ ក្នុងការ​ប្រកួត កាលពី​ថ្ងៃ​អាទិត្យ ដែល​លទ្ធផលនេះ បាន​ផ្តល់ភាព​ចំណេញ​យ៉ាង​ធំ ទៅ​ដល់​ក្រុម​ភ្នំពេញ​ក្រោន។

តាម​រយៈការ​ប្រកួត កាលពីថ្ងៃ​អាទិត្យនោះ ក្រុមម្ចាស់​ផ្ទះ ព្រះខ័នរាជស្វាយរៀង ស្ទើរ​តែ​បាន​ជួប​នៅរាត្រី​កាល ដ៏​រីក​រាយ​ទៅ​ហើយ បន្ទាប់ពី​កីឡាករ មិន រតនៈ និង​ខ្សែ​ប្រយុទ្ធ Privat ស៊ុត​បាន​ម្នាក់​១​គ្រាប់ នៅនាទីទី​១២ និងទី​៤៤ ដើម្បី​ជួយ ស្វាយរៀង នាំ​មុខ​ក្រុម​ភ្ញៀវ វិសាខា ២-០ នោះ។

ប៉ុន្តែ​ភាពប្រែ​ប្រួល បាន​កើត​មាន​ឡើង តាម​រយៈការ​រកបាន​១គ្រាប់វិញ​របស់​​ខ្សែ​ប្រយុទ្ធ Ajayi Opeyemi នៅនាទីទី ៤៥+២ ហើយ​ជាមួយ​ការ​ដណ្តើម​បាន​នូវដង្ហើប​រស់​នេះ ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ចំណូល​ថ្មី Cristian Alex បាន​បន្ថែម​១​គ្រាប់​ទៀត នៅនាទីទី​៧១ ដែល​ជា​គ្រាប់បាល់​ចុង​ក្រោយ នាំ​ក្រុមទាំង​២ បានបញ្ចប់ការ​ប្រកួត​ត្រឹមស្មើ​គ្នា ២-២ ក្រោមបរិកាស​ប្រកួត​ប្រជែង​យ៉ាង​ក្តៅគគុក។

ទាំង​ក្រុមស្វាយរៀង និង​វិសាខា សុទ្ធតែ​មិនសប្បាយ​ចិត្ត ចំពោះការ​ចែកគ្នា​ម្នាក់​១​ពិន្ទុ​នេះ ព្រោះ​លទ្ធផល​នេះ បាន​ធ្វើ​ក្រុមទាំង​២ សុទ្ធតែ​ខាតបង់ឱកាស ក្នុង​ឈាន​ទៅ​រក​ការ​ប្រជែង​យក​ពាន ជាពិសេស​ក្រុម​វិសាខា ព្រោះ​ការ​ទទួលបាន​ត្រឹម​១ពិន្ទុ​នេះ វាមិនអាច​ជួយ​ឱ្យ​ពួក​គេ មាន​ភាគ​រយ​ពេញ​ដៃ​ដូច​មុន ដើម្បី​ប្រជែង​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោន ទៀតនោះ​ទេ។

ជាមួយ​លទ្ធផល​នៃ​ការ​ប្រកួតនេះ ភ្នំពេញ​ក្រោន ដែល​កំពុង​ឈរ​នៅលេខ​១នោះ អាចមាន​២ពិន្ទុនាំ​មុខ​លើ​ក្រុម​វិសាខា សម្រាប់​ការ​ប្រកួត​១៦​លើក​ដូចគ្នា គឺ ៣៧ ទល់នឹង​៣៥ ពិន្ទុ ចំណែក​ក្រុមស្វាយរៀង ដែលបាន​ប្រកួត​លើកទី​១៧ ទៅ​ហើយ​នោះ មាន​៣៦ពិន្ទុ គឺ​មាន​ន័យ​ថា ឱកាស​ប្រជែង​យកពាន​របស់ក្រុមស្វាយរៀង បានធ្លាក់ទៅ​ក្នុង​ភាព​ស្រពេច​ស្រពិល​ហើយ។

ដោយឡែក សម្រាប់​ថ្ងៃចន្ទនេះ ក្រុម​ភ្នំពេញ​ក្រោន ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់កីឡដ្ឋាន​ស្តាត​ចាស់ ដើម្បី​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ កង​យោធពល​ខេមរភូមិន្ទ (ទ័ព) ដែល​ពួកគេ​ធ្លាប់ស្មើ ១-១ កាលពី​ជើង​ទី​១ ប៉ុន្តែ​បើ​សិនជា ភ្នំពេញ​ក្រោន អាច​ជម្រះ​ភាពមន្ទិល ពីការ​ស្មើ មក​ដណ្តើម​បាន​៣ពិន្ទុ វិញ​នោះ គឺ​ពួកគេ កាន់តែ​ខិត​ជិត ទៅ​ដល់ចំណុច​ដ៏​រំភើប គឺការ​អាច​ឈ្នះ​ពាន​លីគកំពូល​កម្ពុជា នៅរដូវកាលនេះ៕