បរទេស៖ គ្រាប់បាល់​ស៊ុត​បញ្ចូល​​ទី​យ៉ាងល្អ​របស់ Nicolo Barella និង​គ្រាប់​បាល់​ប៉េណាល់​ទី​របស់​កីឡាករ Domenico Berardi បាន​ជួយ​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​អ៊ីតាលី ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធផល ២-១ លើ​ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក កាលពីថ្ងៃ​អាទិត្យ និង​ដណ្តើម​បាន​លេខ​៣ ក្នុង​ការ​ប្រកួត National League​។

ជ័យ​ជម្នះ​នេះ គួរ​តែ​ផ្តល់នូវ​ការ​លួង​ចិត្ត​មួយ​ដល់​ក្រុម​ម្ចាស់​ជើង​ឯក​ទ្វីប​អឺ​រ៉ុប ដែល​ការ​រង​បរា​ជ័យ​របស់ពួក​គេ​ក្រោមស្នា​ដៃក្រុម​អេ​ស្ប៉ាញ ក្នុង​ទីក្រុងមីឡាន កាល​ពីថ្ងៃ​ពុធ បានប​ញ្ចប់​កំណត់ត្រា​មិនស្គាល់​ចាញ់​​ជាប់​ៗ​គ្នា​របស់​ពួកគេ ត្រឹម​៣៧​ប្រកួត​តែម្តង​។ ពួក​គេ​បាន​វិល​ទៅកាន់​ផ្លូវ​នៃ​ជ័យ​ជម្នះ​វិញ ខណៈ​ដែល Barella បាន​ស៊ុត​បាល់​បញ្ចូល​ទី​​យ៉ាងល្អ​ ក្រោយពី​ចូល​លេង​បាន​ត្រឹម​តែ​១​នាទី​នៅ​តង់ទី​២ ហើយ Berardi បាន​បន្ថែម​គ្រាប់​បាល់​ទី​២ ពី​ការ​ស៊ុត​បាល់​ចេញពី​ចំណុច​ពិន័យ​១១​ម៉ែត្រ នៅ​នាទី ទី​៦៥ ក្រោយ​ពី​កីឡាករ Timothy Castagne បានធ្វើ​ឲ្យ​កីឡាករ Federico Chiesa ដួល​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់​។ ក្រុម​ជម្រើស​ជាតិ​បែល​ហ្ស៊ិក​បាន​វាយ​បក​១​គ្រាប់​វិញ​នៅនាទី ទី​៨៦ នៅពេល​ដែល​កីឡាករ​បម្រុង Charles De Ketelaere បាន​បំពេញ​ការ​វាយ​បក​រហ័ស​យ៉ាងល្អ​។

បែលហ្ស៊ិក ដែល​លេង​ដោយ​គ្មាន​ខ្សែ​បម្រើ​ប្រយុទ្ធ​ដ៏ឆ្នើម Eden Hazard និង​ខ្សែ​ប្រយុទ្ធ Romelu Lukaku ហើយ​បាន​ដាក់​ឲ្យ Kevin De Bruyne ចូល​លេ​ងនៅ​តង់ទី​២​នោះ បាន​ស៊ុត​បាល់​ប៉ះ​នឹង​របារ​ទី​៣លើក ប៉ុន្តែ មិន​បាន​បង្ហាញពី​ទម្រង់​លេង​ដ៏រឹង​មាំ​ឡើយ​៕​

ប្រភព​ព័ត៌​មាន៖ Channel news Asia