ក្រុមបាល់ទាត់ខេត្តព្រៃវែង និងសូលទីឡូអង្គរ បានក្លាយជាបេក្ខភាព២ក្រុមចុងក្រោយ ដែលកំពុងស្ថិតនៅក្នុងមាត់ជ្រោះ និងមានភាគរយខ្ពស់ជាងគេ ដែលនឹងអាចត្រូវកាត់ចោលមួយ ឱ្យទៅលេងនៅលីគទី២ នៅឆ្នាំ២០២២។ នេះបើយោងទៅតាមតារាងពិន្ទុ នៃការប្រកួតប្រជែងរវាងក្រុមចំណាត់ថ្នាក់ទាំង៥ក្រុមក្រោម។
បើទោះបីជាពេលនេះ ខេត្តព្រៃវែង និងសូលទីឡូអង្គរ ទើបប្រកួតបាន១៥លើក គឺតិចជាងក្រុមនគរបាលជាតិ អាស៊ីអឺរ៉ុប និងក្រុមអគ្គិសនីកម្ពុជា ប៉ុន្តែក្រុមសូលទីឡូអង្គរ ដែលកំពុងឈរនៅបាតតារាងស្រាប់នោះ មានត្រឹម៧ពិន្ទុទេ បន្ទាប់ពីបានត្រឹមស្មើ ២-២ ជាមួយក្រុមអគ្គិសនីកម្ពុជា និងបន្តស្មើក្រុមអាស៊ីអឺរ៉ុប ០-០ កាលពីថ្ងៃអាទិត្យនោះ។ ចំណែកក្រុមខេត្តព្រៃវែង មាន១០ពិន្ទុ។
យោងតាមលទ្ធផលនេះ អាចបញ្ជាក់បានថា ក្រុមសូលទីឡូអង្គរ នឹងត្រូវកាត់ចេញពីលីគកំពូលកម្ពុជា នៅត្រឹមឆ្នាំ២០២១នេះ បើសិនជាពួកគេ មិនអាចដណ្តើមបាន៣ពិន្ទុ សម្រាប់ការប្រកួតបង្រ្គប់១៦លើក ជាមួយខេត្តព្រៃវែង ទេនោះ។ ផ្ទុយទៅវិញ ក្រុមក្មេងខ្ចី ខេត្តព្រៃវែង ក៏ប្រឈមទៅនឹងការកាត់ចោលផងដែរ បើសិនជាពួកគេ មិនអាចយកឈ្នះក្រុមសូលទីឡូអង្គរ បាននោះ។
យ៉ាងណាក៏ដោយ ការស្មើគ្នា ២-២ រវាងក្រុមម្ចាស់ផ្ទះនគរបាលជាតិ និងក្រុមអគ្គិសនីកម្ពុជា កាលពីថ្ងៃអាទិត្យនោះដែរ វាក៏បានធ្វើឱ្យ ក្រុមអគ្គិសនីកម្ពុជា ស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ក្នុងការរក្សាខ្លួន នៅលីគកំពូលកម្ពុជា ដូចគ្នា ព្រោះបើសិនជា សូលទីឡូអង្គរ អាចយកឈ្នះក្រុមខេត្តព្រៃវែង បានមែន នោះ ខេត្តព្រៃវែង និងសូលទីឡូអង្គរ នឹងមាន១០ពិន្ទុស្មើគ្នា ហេតុនេះ ក្រុមអគ្គិសនីកម្ពុជា ក៏អាចធ្លាក់ទៅក្នុងតំបន់កាត់ចោលផងដែរ បើសិនជាការប្រកួតលើកទី១៧ ចុងក្រោយ ពួកគេ ជួបការបរាជ័យ ស្របពេល ក្រុមខេត្តព្រៃវែង និង សូលទីឡូអង្គរ សុទ្ធតែឈ្នះបាន៣ពិន្ទុបន្ថែមនោះ៕