បរទេស៖ លោក Gareth Southgate ជឿជាក់​ថា បរិយ៉ាង​កាស​ដ៏​រីក​រាយ​ជាមួយនឹងក្រុម​បាល់​ទាត់​ជម្រើស​ជាតិអង់គ្លេស បាន​ជួយ​ឲ្យ Harry Kane ទម្រង់​លេង​ដ៏​មុតស្រួច​របស់​​គេ​នៅ​តំបន់​ប្រយុទ្ធ ក្នុង​កម្រិត​អន្តរ​ជាតិ បើ​ទោះ​បី​​ខ្សែ​ប្រយុទ្ធ​រូបនេះ បាន​ជួប​ភាព​ត្រដាប​ត្រដួស ក្នុង​ក្រុម Tottenham ក៏ដោយ​។

Kane នៅ​តែ​ត្រូវ​រង់​ចាំ​គ្រាប់​បាល់​ជាលើក​ដំបូង​របស់​គេ​ក្នុង​ក្រប​ខ័ណ្ឌ Premier League នៅ​រដូវ​កាល​នេះ ហើយ​កា​រមាន​ទម្រង់​លេង​ខុស​គ្នា​ស្រឡះក្នុងកម្រិត​ក្លិប​របស់​គេ បាននាំ​ឲ្យ​មានការ​លើក​ឡើង​ថា រូប​គេនៅ​តែ​មិន​ទាន់​មាន​អារម្មណ៍មូល ក្រោយពី​បាន​បរា​ជ័យ​ក្នុងការ​ផ្ទេរ​ទៅកាន់ក្លិប Manchester City នៅ​រដូវក្តៅនេះ​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា ប្រធានក្រុមនៃក្រុម​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ បាន​បន្ត​បង្ហាញពី​ទម្រង់លេង​យ៉ាង​ល្អក្នុងកម្រិត​​អន្តរ​ជាតិ តាមរយៈ​ការ​ស៊ុត​បាល់បញ្ចូល​ទី​៣​គ្រាប់ ក្នុងការ​ប្រកួត​៣លើក​កាលពី​ខែ​មុន ហើយ​រូប​គេ​ជឿជាក់​ខ្ពស់​ចំពោះ​ការ​រក​បាន​គ្រាប់បាល់​ក្នុងការ​ប្រកួត​ជម្រុះ​ជាលើក​ទី​១៦​លើក​ជាប់​ៗ​គ្នា នៅពេល​ដែលក្រុម​របស់​លោក Southgate ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួលក្រុម​ជម្រើស​ជាតិ​ហុង​គ្រី កាលពីថ្ងៃ​អង្គារ​។

លោក Southgate បាន​ឲ្យដឹងថា៖ «អ្វី​ដែលកើត​ឡើង​ជាមួយ​នឹងក្លិប​របស់គេ មិនមែន​ជា​រឿង​របស់ខ្ញុំ​ឡើយ​។ ចំពោះ​ចំណុច​ដែលយើង​ចង់​ឲ្យ​រូប​គេ​ធ្វើ ខ្ញុំ​គិត​ថា យើង​បាន​ដោះស្រាយ​របៀប​លេង​នៅ​ទីនេះ​។ មិត្ត​រួម​ក្រុម​របស់​គេ​ស្គាល់​រូប​គេ​ច្បាស់ រូប​គេ​ស្គាល់ពីមិត្ត​រួមក្រុមរ​បស់​គេ​។ ហេតុនេះ គេ​ដឹង​ពី​របៀប​ដែលយើង​ត្រូវ​លេង​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia