ក្រុមជម្រើសជាតិកម្ពុជា និង​ក្រុម​ជម្រើសជាតិហ្គាម នឹង​ត្រូវ​ប្រកួត​ជើងទី ​២ នៃ​​ពាន​រង្វាន់ AFC Asian Cup 2023 នៅកីឡដ្ឋាន Khalifa Sport City ក្រុង Issa Town ប្រទេសបារ៉ែន នា​យប់​ម៉ោង ១១ ថ្ងៃអង្គារ​នេះ ដើម្បី​កាត់សេចក្តី​រក​ក្រុម​ឈ្នះ​ដ៏ពិតប្រាកដ សម្រាប់ឡើងទៅ​លេង នៅវគ្គ​បន្ត។

ការ​រក​បាន​១​គ្រាប់ របស់​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា ពីការ​បញ្ចូល់​របស់ លឹម ពិសុទ្ធ បាន​ជួយ​ឱ្យ​ក្រុម​កម្ពុជា យក​ឈ្នះ​ក្រុម​​ហ្គាម ១-០ សម្រាប់​​ប្រកួតជើង​ទី ១ កាលពី​ថ្ងៃអាទិត្យ ប៉ុន្តែ​​អ្នក​ចាត់ការទូទៅ​ លោក Keisuke Honda បាន​សម្តែង​ការ​ខក​ចិត្ត ​ទៅនឹង​ទម្រង់​លេង​របស់​ក្រុមជម្រើសជាតិ​កម្ពុជា ផ្ទុយពី​​គ្រូ​បង្គោល​ក្រុម​ហ្គាម Sang Hoon Kim ដែល​បាន​មើល​ឃើញ​ពី​ចំណុច​នៃ​ក្តីសង្ឃឹម ដែល​កូន​ក្រុម​របស់​លោក ធ្វើបាន ហើយ​លោកជឿ​ថា ការ​ប្រកួត​ជើង​ទី​២​នេះ ក្រុម​ហ្គាម នឹងអាច​ដណ្តើម​បានជ័យជម្នះ​មក​វិញ។

«ខ្ញុំ​គួរ​តែ​សប្បាយ​ចិត្ត ព្រោះ​យើង​ឈ្នះ តែ​ខ្ញុំ​បែរ​ជា​ខក​ចិត្ត​ទៅ​វិញ ព្រោះ​ទម្រង់​លេង​យើង​មិន​ល្អ​ ដូច​ពេល​លេង​ជាមួយ​ក្រុម​ខ្លាំងៗ។ ទោះ​ពេល​នោះ​ យើង​ចាញ់​មែន តែ​យើង​មាន​ទម្រង់​លេង​ល្អ​ប្រសើរ​ជាង​នេះ។ បើ​យើង​រីករាយ​ជាមួយ​លទ្ធផល​បែប​នេះ តើ​ពេល​ណា ទើប​យើង​អាច​យក​ឈ្នះ​ក្រុម​ខ្លាំងៗ​ក្នុង​តំបន់​ដូច​ជា ​វៀតណាម ឬ​ថៃ​ បាន​នោះ?»។ នេះ​ជា​លើក​ឡើង​របស់​លោក Keisuke Honda បន្ទាប់ពី​ក្រុមជម្រើសជាតិ​កម្ពុជា បាន​យក​ឈ្នះ​ក្រុម​ជម្រើសជាតិហ្គាម ១-០ នៅ​ក្នុង​ការ​ប្រកួត​ជើ​ង​ទី​ ១។

ការ​លើក​ឡើង​របស់​អ្នក​ចាត់ការ​ទូទៅ​​ក្រុមជម្រើសជាតិ​កម្ពុជា លោក Keisuke Honda ក៏​ព្រោះ​តែ​លោក​មើល​ឃើញ ពីការ​ធ្លាក់ចុះ​នៅ​ទម្រង់​លេង​របស់កូនក្រុមលោក  ចំណែក​អ្នក​ទស្សនា មួយចំនួន ក៏​បានមើល​ឃើញ​ថា ក្រុម​កម្ពុជា មានការ​ធ្លាក់ចុះ ផ្នែក​​កម្លាំង និង​ភាព​មិន​សូវស៊ីចង្វាក់​គ្នា ក្នុង​ការ​បញ្ជូន​បាល់ នៅ​ក្នុង​ការ​ប្រកួត​តង់ទី​២ ផងដែរ ហើយ​ការ​ឈ្នះ​ត្រឹម ១-០ ក្នុងជើង​ទី​១នេះ វា​នៅមិនទាន់អាច​ជួយ​ឱ្យ​កម្ពុជា ​ងើបផុត​ពី​ក្តី​បារម្ភ​នោះទេ ព្រោះ​អ្វីៗ​អាច​នឹ​ងប្រែ​ប្រួល បើសិនជាពួកគេ មិនអាច​រក្សា​ការ​មាន​ប្រៀប​នេះ​បាននោះ។

ជាមួយ​គ្នា​នេះ ​លោក Sang Hoon Kim គ្រូ​បង្វឹក​ក្រុម​ជម្រើសជាតិហ្គាម មានការ​ជឿជាក់​ថា ក្រុម​របស់​លោក នឹង​អាច​វាយ​បក​យក​ឈ្នះ​លើ​ក្រុមកម្ពុជា បាន​វិញ សម្រាប់​ការ​ប្រកួត​ជើង​ទី ២ នេះ ដើម្បីលុប​ចោល​ការ​ចាញ់​ត្រឹម ១-០ កាលពី​ជើង​ទី​១ ហើយ​ទទួលបានឱកាស ឡើង​ទៅ​ប្រកួត​ នៅវគ្គ​បន្ត។

តាម​រយៈ​ផេចហ្វេសប៊ុក​ផ្លូវ​ការ​​របស់សមាគម​បាល់​ទាត់ហ្គាម លោក Sang Hoon Kim បាន​និយាយ​ក្រោយពេល​​ក្រុម​របស់លោក ចាញ់​ក្រុមកម្ពុជា​ថា៖​ «​តាម​​ទិន្ន​ន័យ​វិភាគ នៃ​​ការ​ប្រកួត យើង​បាន​មើល​ឃើញ​ហើយ​ថា ​ក្រុម​របស់​យើង គ្រប់​គ្រង​បាល់​ បាន​​ជាងក្រុម​​កម្ពុជា ​តាំង​ពី​នាទី​ទី ៣០ នៃ​តង់​ទី ១ រហូត​ដល់​ចុង​តង់​ទី ២ ហើយ​យើង​បាន​វាយ​លុក​គូ​ប្រជែង និង​បង្កើត​​ឱកាស​​បាន​ច្រើន។ សកម្មភាពនេះ​ ជា​​សារ​នៃ​ក្តី​សង្ឃឹម​ សម្រាប់​ការ​ប្រកួត​​បន្ទាប់ ​ដោយ​កីឡាករ​របស់យើង មានបំណង​ប្រាថ្នាចង់​ឈ្នះ​ខ្លាំង​បំផុត សម្រាប់ការ​ប្រកួត​​ជើងទី ​២នេះ»។

បន្ថែម​ទៅលើ​ការ​ជឿជាក់​របស់​គ្រូ​បង្វឹកជនជាតិកូរ៉េខាងត្បូង លោក Sang Hoon Kim

នេះ សមាគមបាល់ទាត់​ហ្គាម បានឱ្យ​ដឹង​ទៀត​ថា ​ក្រុម​ជម្រើស​ជាតិហ្គាម នឹង​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ចុងក្រោយនេះ ដើម្បីបាន​ឈានទៅវគ្គបន្ត នៃ​ពានរង្វាន់ AFC Asian Cup China ២០២៣នេះ។ បន្ទាប់ពី​កម្ពុជាបានយកឈ្នះ ដោយលទ្ធផល ១-០ កាលពី​ជើង​ទី​១ គឺ​ការ​ប្រកួត​ជើង​ទី​២ ក្រុម​ហ្គាម ត្រូវតែឈ្នះយ៉ាងតិច ២ គ្រាប់ ដើម្បីឈានទៅវគ្គបន្តនៃការប្រកួតប្រចាំ​ទ្វីប​អាស៊ី​នេះ៕