លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការជាតិ ទៀ បាញ់ ដែល​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការប្រកួតអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ពិធីបើក និង​ពិធីបិទ នៃ​​ការ​ប្រកួតកីឡាស៊ីហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នឹ​ងក្លាយ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​ដ៏​ធំ នៅ​កម្ពុជា ហើយ​ក៏ជាពេល​ដែល​កម្ពុជា ​ត្រូវ​បង្ហាញពីវប្បធម៌ដ៏សម្បូរបែប និង​កិត្យា​នុភាពជាតិ ទៅ​កាន់ឆាកអន្តរជាតិ ផងដែរ។

«ជាមួយ​នឹង​ការ​ជំរុញ​ហ្វឹក​ហាត់​លើក​កម្ពស់​សមត្ថភាព បច្ចេក​ទេស ដល់​កីឡាករ កីឡាការិនី​ជម្រើស​ជាតិ​ទាំង​នៅ​ក្នុង និង​ក្រៅ​ប្រទេស ឱ្យ​ទទួល​បាន​គុណ​ផល​កីឡា​ខ្ពស់ ប្រកួត​ប្រជែង​ដណ្តើម​មេដាយ​ជូន​ជាតិ ការ​រៀបចំ​ព្រះរាជ​ពិធី​សុំ​ភ្លើង​អាទិទេព រត់​ភ្លើង​គប់ និង​ពិធី​បើក-បិទ គឺ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​ធំ​មួយ របស់​ព្រះរាជា​ណាចក្រ​កម្ពុជា សម្រាប់​ការ​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ២០២៣»។

នេះជា​ការ​លើក​ឡើង​របស់ប្រធាន CAMSOC លោក ទៀ បាញ់ នៅ​លើ​ផេច​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក កាល​ពី​ព្រឹកថ្ងៃអង្គារ គឺ​ស្របពេល​ដែល ​ក្រុមគណៈកម្មការ​អចិន្រ្តៃយ៍ CAMSOC ក្រោម​អធិបតីភាព​លោកបណ្ឌិត ថោន ខុន ជា​អនុ​ប្រធានអចិន្រ្តៃយ៍ បាន​បើក​កិច្ច​ប្រជុំ និង​ពិនិត្យ​មើល​ទៅលើ​របាយការណ៍​លម្អិតរបស់គណៈកម្មការ​ពិធី-បិទ នៃព្រឹត្តិការណ៍​ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ​២០២៣​ នេះ ផងដែរ។

លោក ទៀ បាញ់ បាន​គូស​បញ្ជាក់​ទៀត​ថា៖​ «ទន្ទឹម​នេះ ពិធី​បើក ពិធី​បិទ គឺ​ជា​ការ​រៀបចំ​មួយ​ដ៏​ធំ​ជាងគេ​បំផុត​នៅ​ក្នុង​ព្រឹត្តិការណ៍​ការ​ប្រកួត​កីឡា​ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដើម្បី​បង្ហាញ​ពី​វប្បធម៌​ដ៏​សម្បូរ​បែប កិត្យានុ​ភាព​ជាតិ​លើ​ឆាក​អន្តរជាតិ​ក្នុង​សម័យ​សន្តិភាព​តេជោ សែន​ផង​ដែរ»។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​ស៊ីហ្គេម លើកទី ៣២ នៅកម្ពុជា ត្រូវ​បាន​រាជ​រដ្ឋា​ភិបាល​កំណត់​យក​ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ជា​ថ្ងៃរៀបចំ​ពិធី​បើក ខណៈ​ពិធី​បិទ នឹង​រៀបចំ នៅថ្ងៃទី ១៧ ខែ​ឧសភា ឆ្នាំ២០២៣។ ចំណែកការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ សម្រាប់​ក្រុម​អត្ថពលិក​ជនពិការ នៅកម្ពុជា នឹងរៀបចំការប្រកួតពីថ្ងៃទី១ ដល់​ថ្ងៃ​ទី ១០ ខែមិថុនា ឆ្នាំ២០២៣ ៕