ការរួមគ្នាទម្លាក់ក្រុមជម្រើសជាតិហ្គាម តាមរយៈការយកឈ្នះទាំង២ជើង ដោយលទ្ធផលសរុប ៣-១ វាមិនត្រឹមតែបានជួយឱ្យក្រុមជម្រើសជាតិកម្ពុជា បានឈ្នះកៅអី ឡើងទៅប្រកួតជុំទី៣ នៃពានរង្វាន់ AFC Asian Cup 2023 ប៉ុណ្ណោះទេ ប៉ុន្តែក្រុមមួយនេះ ទទួលបានប្រាក់រង្វាន់យ៉ាងច្រើន គឺលើស ១០ ម៉ឺនដុល្លារ សម្រាប់ការបញ្ចប់បេសកម្មដ៏ជោគជ័យ លើកនេះ។
បើទោះបីជា ការស៊ុតទម្លុះសំណាញ់ទីរបស់ខ្សែប្រយុទ្ធក្រុមហ្គាម Devan Mendiola នៅនាទីទី៣៦ សម្រាប់ការប្រកួតជើងទី ២ នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន កាលពីយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធនេះ បានបង្កើតលុបចោលនៅការមានប្រៀបរបស់កម្ពុជា សម្រាប់ការឈ្នះ ១-០ ដែលរកបានដោយខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ប៉ុន្តែការរួមគ្នារកបាន២គ្រាប់វិញ របស់ខ្សែប្រយុទ្ធ កែវ សុខផេង និង សុះ ស៊ូហាណា បានជួយឱ្យកម្ពុជា ធានាបានវិញ នូវការឆ្លងផុតវគ្គជម្រុះនេះ ដើម្បីឡើងទៅកាន់ការប្រកួតជុំទី៣។
តាមរយៈការប្រកួតនោះ ត្រូវបានគេមើលឃើញថា ខ្សែប្រយុទ្ធ កែវ សុខផេង ដែលដាក់ឱ្យចូលលេង នៅនាទីទី៤៦ ជំនួយ ណារ៉ុង កក្កដា បានក្លាយជាអ្នកធ្វើឱ្យទម្រង់លេងរបស់កម្ពុជា វិលមករកភាពល្អប្រសើរវិញ បន្ទាប់ពីលេងមិនសូវយល់គ្នា នៅតង់ទី១ ហើយខ្សែការពារជាប្រធានក្រុម ទេស សម្បត្តិ បានក្លាយជាជួយរារាំងក្រុមហ្គាម យ៉ាងសំខាន់ ចំណែក សៀង ចន្ធា, សេត រ៉ស៊ីប និង លឹម ពិសុទ្ធ បានបំពេញតួនាទីយ៉ាងល្អ សម្រាប់ការលេង នៅតំបន់ខាងលើ ជាមួយមិត្តរួមក្រុមផ្សេងទៀត។
ជាមួយគ្នានេះ ការលើកបាល់ពីចម្ងាយចូលតំបន់គ្រោះថ្នាក់ក្រុមហ្គាម របស់ សេត រ៉ស៊ីប បានធ្លាក់ទៅដល់ សុះ ស៊ូហាណា ហើយ ស៊ូហាណា បានឆ្កិះបាល់នោះ ទៅឱ្យ កែវ សុខផេង។ សុខផេង បានតែត និងធាក់បាល់នោះ ទម្លាក់ទៅឱ្យ សុះ ស៊ូហាណា វិញ ដើម្បីស៊ុតបំប៉ោងសំណាញ់ទី បានសម្រេច នៅនាទីទី ៤៩។
បន្ថែមទៅលើការជួយបង្កើតឱកាសឱ្យ សុះ ស៊ូហាណា រកបានគ្រាប់បាល់តាមស្មើនេះ កែវ សុខផេង ដដែល បានរត់យ៉ាងលឿន ទៅឆាបយកបាល់ ពីការចាប់ភ្លាត់ ចេញធ្លាក់ពីដៃរបស់អ្នកចាំទី Dallas Jaye រួចស៊ុតបញ្ចូលទីយ៉ាងល្អ ដើម្បីជួយឱ្យកម្ពុជា នាំមុខ ២-១ នៅនាទីទី៥៥ ហើយក៏ជាគ្រាប់បាល់ជ័យជម្នះចុងក្រោយ ផងដែរ ដើម្បីជួយឱ្យកម្ពុជា ឈ្នះកៅអី បានទៅលើនៅជុំទី ៣ នៃពានរង្វាន់ AFC Asian Cup 2023 នេះ។
ជាមួយការរកបានជ័យជម្នះដ៏សំខាន់នេះ ក្រុមជម្រើសជាតិកម្ពុជា ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តជាង១១ម៉ឺនដុល្លារ ព្រោះគ្រាន់តែថវិកា ឧត្តម្ភពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានចំនួន ១០ ម៉ឺនដុល្លារ ទៅហើយ ចំណែកអ្នកស្រី ទ្រី ដាណា ដែលសន្យារឧត្ថម្ភដល់ក្រុមកម្ពុជា ១គ្រាប់ចំនួន៥ពាន់ដុល្លារ គឺមានចំនួន ១៥០០០ដុល្លារ ព្រោះកម្ពុជា រកបាន៣គ្រាប់ ហើយថវិកានេះ នៅមិនទាន់គិតពីការចូលរួមឧបត្ថម្ភពីសប្បុរសជន ជិតឆ្ងាយ មួយចំនួនទៀត នៅឡើយទេ។
សម្រាប់ការចូលរួមឧបត្ថម្ភទឹកប្រាក់ ១០ ម៉ឺនដុល្លារនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរបង្ហោះនៅផេចហ្វេសប៊ុកផ្លូវការរបស់លោក នៅថ្ងៃពុធនេះថា៖ «ខ្ញុំសូមអបអរសាទរ ចំពោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជ័យជំនះលើក្រុមកីឡាករក្រុមកោះហ្គាមរបស់អាមេរិក ក្នុងជំនួបជើងទី ២ នៃវគ្គជម្រុះ Play-Off នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន និងសូមឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជា ដែលឈ្នះលើការប្រកួតនេះ ចំនួន ១០០០០០$ (ដប់ម៉ឺនដុល្លារអាមេរិក) ដើម្បីជាការលើកទឹកចិត្ត»។
លោកនាយករដ្ឋមន្រ្តី បានបន្ថែមថា៖ «ថវិកានេះ សូមទទួលពី ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ ខ្ញុំសូមកោតសរសើរ ចំពោះ លោក Honda ដែលបានដឹកនាំក្រុមកីឡាករជម្រើសជាតិកម្ពុជា ទទួលបានជោគជ័យនេះ»៕