កីឡាករ​ជម្រើសជាតិ​កម្ពុជា​កម្ពុជា ចំនួន​៦នាក់ ត្រូវ​បាន​ថ្នាក់ដឹកនាំ ប្រាប់​ថា បានឆ្លង​ជំងឺ​កូវីដ​១៩ ក្នុងអំឡុង​ពេល​ស្នាក់នៅ ពេល​​ប្រកួត​ជម្រុះ​​ពាន​រង្វាន់ AFC Asian Cup 2023 ជាមួយ​​ក្រុមជម្រើសជាតិ​ហ្គាម នៅប្រទេស​បារ៉ែន ដែល​ទើប​បាន​បញ្ចប់ កាលពី​យប់​ថ្ងៃ​អង្គារ ឈាន​ចូល​ថ្ងៃពុធ ម្សិលមិញ។

តាម​ការ​ឡាញ បង្ហាញ​របស់គ្រូជំនួយ​​ក្រុមជម្រើសជាតិ​កម្ពុជា លោក ភា សុភ័ក្រ្តា និង​លោក ឈូក ពិសិដ្ឋ នៅថ្ងៃ​នេះ បាន​ឱ្យ​ដឹង​ថា  កីឡាករ គួច សុកុម្ភៈ, សឿយ វិសាល, ចាន់ វឌ្ឍនាកា, អ៊ាន ពិសី, សារ៉េត គ្រីយ៉ា និង កែវ សុខសិលា សុទ្ធតែ​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ ហើយពេល​នេះ អ្នកទាំង​ ៦ ត្រូវបានដាក់ឱ្យស្ថិត​នៅ​សណ្ឋាគារ​មួយ​កន្លែង នៅ​ក្នុងប្រទេស​បារ៉ែន ដើម្បីព្យាបាល។

យ៉ាង​ណាក៏​ដោយ ចំពោះ​ស្ថាន​ភាព​ជំងឺ​កូវីដ​របស់​អ្នក​ទាំង​ នេះ ត្រូវបាន​លោក ឈូក ពិសិដ្ឋ បញ្ជាក់​ថា៖​ «ពួកគាត់ ហើយមិនមានបញ្ហា​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ គឺ​សុខភាព​ នៅតែ​ល្អ​ប្រសើរ អ៊ីចឹង​ពួកគាត់ មិន​ត្រូវបាន​ដាក់​ព្យាបាល​នៅមន្ទីរ​ពេទ្យ​នោះ​ទេ។ ​ពួកគាត់ ត្រូវបាន​ដាក់នៅ​សណ្ឋាគារ​ដាច់​ដោយ​ឡែក​មួយ ព្រោះ​ស្ថានភាពជំងឺ​របស់ពួកគាត់ ស្ថិត​ក្នុង​កម្រិត​​ស្រាល​ ដែល​មិនចាំបាច់ ដាក់ព្យាបាល​នៅមន្ទីរ​ពេទ្យ​នោះ​ទេ»។

សម្រាប់ការ​ឆ្លងជំងឺ​កូវីដ ​១៩ ​របស់​កីឡាករ​ជម្រើសជាតិទាំង​ ៦ នាក់ នៅមុនការ​ប្រកួតជើង​ទី​២ ជាមួយ​ក្រុម​ហ្គាម​នេះ ត្រូវ​បានគ្រូជំនួយ លោក ភា សុភ័ក្រ្តា ទម្លាយ​ថា បាន​ធ្វើ​ឱ្យ​ក្រុម​គ្រូ​បង្វឹក និង​ថ្នាក់ដឹកនាំ មានការលំបាក​យ៉ាង​ខ្លាំង ប៉ុន្តែ​អ្វីៗ បានប្រែ​ប្រួល ដោយសារ​តែ​សារ​លើក​ទឹក​ចិត្ត​របស់ពួកគាត់ ទាំង​៦នាក់​នេះ។

លោក ភា សុភ័ក្រ្តា បាន​បញ្ជាក់ថា៖ ​«ពួក​ខ្ញុំ បានជម្នះ​ផ្លូវ​ចិត្ត​ខ្លាំងបំផុត​ ទៅ​លើ​បញ្ហា​នេះ ជាពិសេស​​ភ័យ​ខ្លាំង​បំផុត ខ្លាច​បញ្ហា​នេះ ជះឥទ្ធិពល​ទៅ​ដល់​ផ្លូវ​ចិត្តកីឡាករ​របស់​យើង​ផ្សេង​ទៀត នៅពេល​ប្រកួត ប៉ុន្តែ​អ្វីៗ វា​បែរ​ទៅ​ជាការ​លើកទឹក​ចិត្ត​ដ៏​ខ្លាំងទៅ​វិញ នៅពេល​កីឡាករ​ទាំង​៦ នាក់​នេះ បាន​ផ្ញើសារ ចូលទៅ​ក្នុង​គ្រុប ដើម្បី​លើកទឹក​ចិត្ត​​ដល់​កីឡាករ ដែលមាន​​ឱកាស​បាន​ចូល​លេង ហើយឈាន​ដល់​ការ​ទទួលបានជ័យជម្នះ»។

គួរ​បញ្ជាក់ថា តាម​រយៈការ​ប្រកួត នៅលើ​ទឹកដី​ប្រទេស​បារ៉ែន​នេះ ក្រុមជម្រើសជាតិ​កម្ពុជា បាន​យក​ឈ្នះ​ក្រុម​ជម្រើសជាតិ​ហ្គាម ១-០ នៅ​ជើងទី​ ១ ដែល​រក​បាន ចាន់ វឌ្ឍនាកា ហើយ​បានបន្ត​យក​ឈ្នះ ២-១ នៅជើងទី ២ ដែល​ជា​ការ​រក​បាន​ម្នាក់ ​១ ​គ្រាប់​របស់ សុះ ស៊ូហាណា និង កែវ សុខផេង។ លទ្ធផល​ដ៏​ល្អនេះ បានជួយ​ឱ្យក្រុម​ធំជម្រើសជាតិ​កម្ពុជា ឈ្នះ​បាន​កៅអី ឡើង​ទៅ​ប្រកួតជុំ​ទី ​៣ នៃ​ពាន​​រង្វាន់ AFC Asian Cup 2023។

ចំណែក​ក្រុម U23 ជម្រើសជាតិ​កម្ពុជា នឹង​​ត្រូវ​​បន្ត​ដំណើរ​ពីប្រទេស​បារ៉ែន ទៅកាន់​ប្រទេសជប៉ុន ដើម្បី​ចូល​រួមប្រកួតជម្រុះ​ពាន​រង្វាន់ AFC U23 ASIAN Cup នៅទី​នោះ ដោយ​ពួកគេ ត្រូវជួបក្រុម​ហុងកុង នៅ​ថ្ងៃទី​ ២៣ មុនពេល​​ប៉ះក្រុម​ម្ចាស់​ផ្ទះ ជប៉ុន នៅថ្ងៃទី​ ២៦ ខែតុលា ឆ្នាំ​២០២១ ប៉ុន្តែ​កីឡាករ​បាន​ឆ្លង​ជំងឺ​កូវីដ​ទាំង​៦នាក់ ខាង​លើ ត្រូវ​បន្ត​ស្នាក់នៅ​សណ្ឋាគារ ក្នុង​ប្រទេស​បារ៉ែន ដើម្បី​ព្យាបាលជំងឺនេះ ក្នុង​លក្ខខណ្ឌ បាន​កំណត់ ចំនួន​១០​ថ្ងៃ​ទៀត៕