បរទេស៖ ខ្សែ​ប្រយុទ្ធ Raheem Sterling បាន​សារ​ភាព​កាលពីថ្ងៃព្រហស្បតិ៍​ថា រូប​គេ «នឹង​បើក​ចំហរ» ឲ្យ​មាន​ការ​ផ្ទេរ​ចេញពីក្លិប Manchester City ដើម្បី​អាច​មាន​ឱកាស​លេង​ការ​ប្រកួត​បាន​​កាន់​តែ​ច្រើន​ជាង​មុន បើ​ទោះ​បី​ត្រូវ​ផ្ទេរ​ទៅកាន់​ក្លិប​រទេស​​ក៏ដោយ​។ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អង់គ្លេស​វ័យ​២៦​ឆ្នាំ បាន​ស្ថិត​នៅ​ជាមួយនឹ​ងក្រុម​ម្ចាស់​ជើង​​​​​ឯក​ក្រប​ខ័ណ្ឌ Premier League ​មួយ​នេះ ចាប់​តាំង​ពីឆ្នាំ​២០១៥ នៅពេល​ដែល​រូប​គេ​បាន​ផ្ទេរ​មក​ពីក្លិប Liverpool​។

ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា រូប​គេ​បាន​បង្ហាញខ្លួន​ត្រឹម​តែ​២លើក​គត់​ក្នុងក្រប​ខ័ណ្ឌ Premier League នៅ​រដូវ​កាល​នេះ ក្រោម​ការ​ដឹកនាំ​របស់​លោក Pep Guardiola​​។ ក្នុង​ពេល​និយាយ​ក្នុង​កម្មវិធី FT Business of Sport US Summit កីឡាករ Sterling បាន​ឲ្យដឹងថា៖ «ប្រសិន​បើ​មាន​ឱកសា​ក្នុងការ​ទៅកន្លែង​ផ្សេង ដើម្បី​អាច​លេង​ការ​ប្រកួត​កាន់​តែ​ច្រើន​បន្ថែមទៀត ខ្ញុំ​នឹង​បើក​ចំហរ​​ឲ្យ​​មាន​ការ​ផ្ទេរ​នៅពេលនេះ​»​។

តារាឆ្នើម​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «ដូច​ដែលខ្ញុំ​បាន​និយាយ​អ៊ីចឹង កីឡា​បាល់​​ទាត់​គឺ​ជា​រឿង​ដ៏សំខាន់​បំផុត​ចំពោះ​ខ្ញុំ ដោយ​នេះ​គឺ​ជា​ការ​ប្រជែង​ដែលខ្ញុំ​បាន​កំណត់​ខ្លួន​តាំងពី​វ័យ​កុមារ ហើយ​ក៏មាន​​សុបិន ដើម្បីលេង​​នៅ​ក្រៅ​ស្រុក​ផង​ដែរ»​។ Sterling អាច​នឹង​បង្ហាញខ្លួន​ក្នុង​ជម្រើស​ដំបូង​​ទាំង​កម្រ​ក្នុង​​កា​រ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍ ជាមួយនឹងក្រុម Burnley ក្រោយពី​ខ្សែ​បម្រើ Ferran Torres បាន​​រង​របួស​ប្រអប់​ជើង ក្នុ​ពេល​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ ក្នុង​យុទ្ធនាការ Nations League​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia