បរទេស៖ លោក Steve Bruce បានទទួលស្គាល់ថា អនាគតរបស់លោក មិនស្ថិតក្នុងដៃរបស់លោកឡើយ ក្រោយពីបានរងបរាជ័យក្នុងការប្រកួតជាលើកទី១របស់ Newcastle ក្រោមការដឹកនាំរបស់ម្ចាស់កម្មសិទ្ធិថ្មីរបស់ពួកគេ ប៉ុន្តែ លោកបានកោតសរសើរសកម្មភាពរបស់អ្នកគាំទ្រនៃក្រុមម្ចាស់ផ្ទះចំពោះការសង្គ្រោះជីវិតរបស់អ្នកគាំទ្រម្នាក់ ក្រោយពីអ្នកគាំទ្ររូបនោះត្រូវការការសង្គ្រោះបន្ទាន់។
ក្លិប Newcastle បានប្រកាសថា បច្ចុប្បន្នអ្នកគាំទ្ររូបនេះ ដឹងខ្លួនហើយ និងកំពុងតែសម្រាកនៅមន្ទីរពេទ្យ ក្រោយពីការជួបបញ្ហានៅតង់ទី១ក្នុងការប្រកួតដែល Newcastle បានរងបរាជ័យក្នុងលទ្ធផល ៣-២ ក្រោមស្នាដៃក្រុម Tottenham បាននាំឲ្យការប្រកួតត្រូវផ្អាក២០។ ក្រោយពីការផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រធានក្លិបថ្មីលោក Yasir al-Rumayyan ដែលបានទស្សនាការប្រកួតដោយផ្ទាល់ កីឡាករ Callum Wilson បានជួយឲ្យម្ចាស់កម្មសិទ្ធិថ្មីសញ្ជាតិអារ៉ាប៊ីសាអ៊ូឌីតរបស់ក្លិប Newcastle ជួបការរីករាយនៅដើមតង់ តាមរយៈការរកគ្រាប់បាល់បើកឆាកនៅត្រឹមនាទី ទី២ នៅមុនពេល Tanguy Ndombele និង Harry Kane រកបានគ្រាប់បាល់ដូចគ្នាដើម្បីផ្លាស់ប្តូរស្ថានភាពនៃការប្រកួត។
លោក Bruce បានឲ្យដឹងថា៖ «ខ្ញុំត្រូវតែនិយាយថា អ្នកគាំទ្រពិតជាធ្វើបានល្អណាស់។ ពួកគេបានផ្តល់ដំណឹងដល់កីឡាករ ដែលបានឆ្លើយតបភ្លាមៗ។ រឿងដ៏សំខាន់នោះគឺថា យើងមានអ្នកជំនាញ និងឧបករណ៍ជួយដង្ហើម ដែលបានសង្គ្រោះជីវិតបុរសម្នាក់នោះ»៕
ប្រភពព័ត៌មាន៖ The Guardian