បរទេស៖ លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool បានបញ្ជាក់ថា លោកនៅតែមិនពេញចិត្តទៅនឹងទម្រង់លេងរបស់ Atletico Madrid បើទោះបីលោកកោតសរសើរដល់គ្រូបង្វឹកក្រុមម្ចាស់ជើងឯកអេស្ប៉ាញមួយនេះគឺលោក Diego Simeone។
លោក Klopp បានរិះគន់ទៅលើបច្ចេកទេសផ្តោតតែលើការការពាររបស់ក្រុម Atletico នៅពេលដែលក្រុមរបស់លោក Simeone បានទទួលជ័យជម្នះក្នុងលទ្ធផល ៣-២ បន្ទាប់ពីនាទីបន្ថែម១៥នាទី២ដង នៅកីឡដ្ឋាន Anfield ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយ កាលពីខែមីនា ឆ្នាំ២០២០ដើម្បីឈ្នះទាំង២ជើងក្នុងលទ្ធផល ៤-២។ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ បាននិយាយដោះស្រាយកាលពីថ្ងៃចន្ទថា លោកបានផ្ទុះកំហឹង ដោយសារតែលោកខកចិត្តដ ក្រោយត្រូវបានបង្ខំឲ្យលេងការប្រកួតពីមុខអ្នកទស្សនាដ៏ច្រើនកុះករ ត្រឹមតែរយៈពេលប៉ុន្មានថ្ងៃ នៅមុនពេលការឆ្លងរាតត្បាតរបស់វីរុសកូរ៉ូណា បានបិទកីឡាបាល់ទាត់អស់រយៈពេលជាច្រើនខែ។ លោក Klopp បាននិយាយថា៖ «ខ្ញុំបានផ្ទុះកំហឹង ដោយសារតែការខកចិត្តនឹងរឿងជាច្រើននៅក្នុងពិភពលោកនៅពេលនោះ។ បន្ទាប់មក យើងត្រូវតែផ្តោតលើការប្រកួតកីឡាបាល់ទាត់ ក្នុងស្ថានភាពដ៏ចម្លែក»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «លោក Diego Simeone កំពុងតែដឹកនាំក្នុងទិសដ៏ត្រឹមត្រូវ។
លោកជាម្ចាស់ជើងឯកអេស្ប៉ាញនាពេលបច្ចុប្បន្ន។ ខ្ញុំមិនដឹងថា គាត់ស្ថិតនៅក្លិប Atletico យូរប៉ុណ្ណាហើយ ប៉ុន្តែ អ្វីៗពិតជាជោគជ័យនៅទីនោះ»។ លោក Klopp បាននិយាយថា លោកគោរពសមិទ្ធផលដែលក្លិប Atletico សម្រេចបាន ប៉ុន្តែ លោកចង់បានរូបមន្តលេងផ្សេងពីនេះ ពីក្រុម Atletico៕
ប្រភពព័ត៌មាន៖ Channel News Asia