បរទេស៖ លោក Ole Gunnar Solskjaer ជឿជាក់​ថា លោក​អាចផ្លាស់ប្តូរ​ជោគ​វា​សនា​របស់​ក្រុម Manchester United ខណៈ​ដែលសម្ពារ​នានា​កំពុង​តែ​កើត​ឡើង​លើគ្រូបង្វឹកសញ្ជាតិ​ន័រ​វែ​សរូប​នេះ នៅមុន​ពេល​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League ជាមួយនឹងក្រុម Atalanta នៅ​កីឡដ្ឋាន Old Trafford នៅរាត្រីនេះ​​។

Man United កំពុង​តែ​ដេញ​តាមពីក្រោយ​ក្រុម Chelsea នៅលើ​តារាក្រប​ខ័ណ្ឌ Premier League​ ចំនួន​៥ពិន្ទុ ក្រោយពី​បាន​រង​បរា​ជ័យ​ក្រោមស្នា​ដៃក្រុម Leicester ក្នុងលទ្ធផល ៤-២ កាលពីថ្ងៃ​សៅរ៍​​​។ ពួ​ក​គេក៏​មិនទាន់​មានភាព​ច្បាស់​លាស់ក្នុងការ​ឈ្នះកៅអី​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃក្រប​ខ័ណ្ឌ Champions League ផង​ដែរ ក្រោយពី​ចាញ់​ការ​ប្រកួត​បើកឆាក​ក្រោមស្នា​ដៃក្រុម​ស្វ៊ិស Young Boys បើ​ទោះ​បី​ពួក​​គេ​បានផ្តួលក្រុម Villarreal ក្នុង​ការ​ប្រកួត​ទី​២​របស់​ពួក​គេក៏ដោយ​។ មាន​ការ​រំពឹង​ទុក​ជា​ច្រើន​ពី​ក្រុមរ​បស់​លោក Solskjaer ក្រោយពីការ​ចូល​រួម​របស់​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo, Jadon Sancho និង Raphael Varane អំឡុងពេលនៃការ​​បើក​ទីផ្សារ​ដោះដូរ​កីឡាករ​។ Man United នឹង​ត្រូវ​​ជួប​ការ​ប្រកួត​ធំ​ៗ​ជាច្រើន នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខនេះ ក្នុងនោះ​រាប់​បញ្ចូល​ទាំង​ការ​ប្រកួតក្រប​ខ័ណ្ឌ Premier League ជាមួយនឹងក្រុម Liverpool, Tottenham និង Manchester City និងការ​ប្រកួត​២​ជើង​ជាមួយនឹងក្រុម​ខ្លាំង​អ៊ីតាលី Atalanta ផងដែរ​។

លោក Solskjaer បាន​ប្រាប់​សន្និ​សីទ​សាសរ​ព័ត៌​មា​ន​កាលពីថ្ងៃ​អង្គារថា៖​ «ពិតណាស់ យើង​បាន​នាំយក​កីឡាករ​ថ្មី​ៗ​មួយ​ចំនួន ដែលបាន​បង្កើត​ឲ្យ​មាន​ការ​រំពឹង​ទុក​ដ៏ខ្ពស់​។ ពិត​ណាស់ មាន​សម្ពាធលើរូប​ខ្ញុំ ប៉ុន្តែ យើង​ធ្លាប់​បាន​ឆ្លង​កាត់​ដំណាក់​កាល​បែបនេះពីមុន​រួច​មកហើយ​។ ខ្ញុំ​កំពុង​តែ​សម្លឹង​ឆ្ពោះ​ទៅ​មុខដើម្បី​ឆ្លើយ​តប​នៅពេលនេះ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia