បរទេស៖ លោក Thomas Tuchel គ្រូបង្វឹក​របស់ Chelsea បាន​ឲ្យដឹង​ថា ខ្សែ​ប្រយុទ្ធ Romelu Lukaku កំពុង​តែ​ចុះ​ខ្សោយ​ផ្នែកស្មារតី ក្រោយពី​ត្រូវ​បានដាក់​ឲ្យ​លេង​ច្រើន​ប្រកួតពេក​​ ខណៈ​ដែល​​តារា​ឆ្នើម​​មាន​តម្លៃ​ខ្លួន​ខ្ពស់​ប្រចាំក្លិប​រូបនេះ សម្លឹង​រក​ការ​បញ្ចប់​ការ​មិនអាច​រក​បាន​គ្រាប់បាល់​របស់​គេ​​។

ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​បែលហ្ស៊ិក​រូបនេះ បាន​វិលទៅកាន់​ក្លិប Chelsea ពីក្លិប Inter Milan កាលពី​ខែ​សីហា ក្នុងតម្លៃ​ខ្លួន​៩៧លានផោន (ស្មើ​នឹង​១៣៤លានដុល្លារ​អាមេរិក) ពោល​គឺ​រយៈពេល​៧​ឆ្នាំ ក្រោយពី​បានចូល​រួម​​ជាលើក​ដំបូង​របស់គេនៅ​កីឡដ្ឋាន Stamford Bridge បាន​បញ្ចប់​។ ខ្សែ​ប្រយុទ្ធវ័យ​២៨ឆ្នាំ​រូបនេះ បាន​បង្ហាញពីទម្រង់លេង​យ៉ាង​ទាក់ទាញនៅប៉ុន្មាន​​សប្តាហ៍​ដំបូង​នៅ​រដូវកាលនេះ ប៉ុន្តែ​ទម្រង់លេង​របស់​គេ​បានធ្លាក់​ចុះ​ ហើយ​រូប​គេ​មិនបាន​ស៊ុត​បាល់បញ្ចូល​ទី​សោះ​សម្រាប់ក្រុម Chelsea បើ​គិត​ចាប់​តាំងពីពាក់​កណ្តាល​ខែ​កញ្ញា​។ នៅមុន​ពេលការ​ប្រកួតក្រប​ខ័ណ្ឌ Champions League ជាមួយនឹងក្រុមស៊ុយ​អែត Malmo នៅ​រាត្រីនេះ លោក Tuchel បាននិយាយ​ថា កីឡាករ​រប់ស​លោក​នៅ​តែត្រូវ​សម្រប​ខ្លួន​ជាមួយនឹង Lukaku នៅក្នុង​ក្រុម​។ លោកបាន​ឲ្យដឹងថា៖ «ការ​សម្រប​ខ្លួន​នេះ នឹង​មានភាពល្អប្រសើរ​ជា​រៀង​រាល់​ថ្ងៃ ពីព្រោះ​យើង​កំពុងតែ​ស្ថិតក្នុង​ដំណើរការ​ក្នុងការ​សម្រប​​ខ្លួន​ជាមួយ​គ្នា​។

នៅ​ពេលនេះ ខ្ញុំមាន​អារម្មណ៍ថា Romelu ត្រូវ​បាន​គេ​ដាក់​ឲ្យលេង​ច្រើន​ពេក​​»​។ លោក​បានបន្ថែមទៀត​​ថា៖ «ខ្ញុំ​គិត​ថា រូប​គេ​បានលេង​ការ​ប្រកួត​ច្រើន​ពេកនៅ​រដូវ​កាល​ក្តៅនេះ ការ​ប្រកួត​ច្រើន​ពេក​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​។ ពេលនេះ រូប​គេ​លេង​ក្នុង​យុទ្ធនាការ Nations League ជាមួយនឹងក្រុម​បែលហ្ស៊ិក​»​៕

 

ប្រភព​ព័ត៌មាន៖ AFP