បរទេស៖ ខ្សែការពារ Gerard Pique បានជួយឲ្យយុទ្ធនាការ Champions League របស់ក្រុម Barcelona មានភាពល្អប្រសើរឡើងវិញ កាលពីថ្ងៃពុធ តាមរយៈការស៊ុតបាល់បញ្ចូលទីតែ១គ្រាប់ក្នុងពេលពួកគេផ្តួលក្រុម Dynamo Kiev ក្នុងលទ្ធផល ១-០ ដែលជាជ័យជម្នះជាលើកដំបូងក្នុងយុទ្ធនាការនៅរដូវកាលនេះ។
ខ្សែការពារ Pique បានស៊ុតបាល់បំប៉ោងសំណាញ់ទីយ៉ាងល្អ ក្រោយពីការបញ្ជូនបាល់ពី Jordi Alba ខណៈដែលក្រុមម្ចាស់ផ្ទះបានរកគ្រាប់បាល់ក្នុងការប្រកួតក្របខ័ណ្ឌអឺរ៉ុបជាលើកដំបូង ក្នុងការប្រកួតច្រើនជាង៤ម៉ោងកន្លះ។ Barcelona បានការពារយ៉ាងរឹងមាំដើម្បីដណ្តើមបាន៣ពិន្ទុពេញ ហើយជ័យជម្នះនេះ ជួយរក្សាក្តីសង្ឃឹមរបស់ពួកគេ ក្នុងការឈានទៅវគ្គបន្ត។ បច្ចុប្បន្ន ពួកគេកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ដោយដេញតាមពីក្រោយក្រុម Benfica ១ពិន្ទុ។ ក្រុម Barcelona បានធ្វើដំណើរទៅកាន់ការប្រកួតនេះ ក្រោយពីចាញ់ក្នុងលទ្ធផល ៣-០ ក្រោមស្នាដៃក្រុម Bayern និងBenfica ក្រោយពីបានបង្កើតឱកាសស៊ុតបាល់ពីមុខទីត្រឹមតែ១លើកគត់។
ពួកគេមិនអាចរកបានគ្រាប់បាល់បញ្ចូលទីក្នុងការប្រកួតក្របខ័ណ្ឌអឺរ៉ុប៣ប្រកួតជាប់ៗគ្នា ជាលើកដំបូង បើគិតចាប់តាំងពីខែមីនា ឆ្នាំ១៩៨៨ ហើយ Pique បានធ្វើឲ្យប្រាកដថាសំណាងអាក្រក់នេះ មិនបន្តកើតឡើងទៀតឡើយ៕
ប្រភពព័ត៌មាន៖ AFP