បរទេស៖ ក្រុម Roma ​របស់​លោក Jose Mourinho បាន​រង​បរា​ជ័យ​យ៉ាង​អា​ម៉ាស​ក្នុងលទ្ធផល ៦-១ ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Europa Conference League កាលពីថ្ងៃព្រហស្បតិ៍ នៅលើ​ទឹកដីក្រុម Bodo/Glimt ដែល​ជាម្ចាស់​ជើង​​ឯក​ន័រ​វែស ដែល​អ្នក​គាំទ្រ​របស់​ពួក​គេ​បាន​បង្កើត​ភាព​ល្បី​ល្បាញ​​ចំពោះ​ការ​យក​ច្រាស់​ដុះ​ធ្មេញ​យក្ស​ទៅកាន់​ការ​ប្រកួត​។

ក្រុម Bodo/Glimt ដែល​លេង​ក្នុង​​ការ​ប្រកួតក្រប​ខ័ណ្ឌ​អឺ​រ៉ុប​ជាលើក​ទី​១១​របស់​ពួក​គេនៅរដូវ​កាល​នេះ បាន​ផ្តល់​ការភ្ញាក់​ផ្អើល​​ដល់​ក្រុម​យក្ស​អ៊ី​តាលីមួយនេះ ដែល​បាន​​ជួប​ការ​លំបាក​ក្នុងការ​សម្រប​ខ្លួន​នឹង​សីតុណ្ហ​ភាព​​ដ៏​ត្រជាក់ នៅលើ​ទីលាន​សិប្បនិម្មិត នៅ​កីឡដ្ឋាន Arctic Circle​។ កីឡាករ Erik Botheim បាន​ស៊ុត​បាល់​បញ្ចូល​​៣​គ្រាប់​សម្រាប់​ក្រុមន័រ​វែស​ ខណៈដែល​ប្រធានក្រុម Patrick Berg, Ola Solbakken និង Amahl Pellegrino ក៏​បាន​រក​គ្រាប់បាល់​ផង​ដែរ ដើម្បីបំពេញ​ការ​ខក​ចិត្ត​ដល់​លោក Mourinho​។ Bodo/Glimt បាន​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌលីក​របស់​ន័រ​វែស​ ជាលើក​ដំបូង ក្នុង​ប្រវត្តិ​សាស្ត្រ​រយៈពេល​១០៤ឆ្នាំ​របស់​ពួកគេ កាលពី​រដូវកាល​​មុន​។

លោក Mourinho បាន​ទទួល​ស្គាល់​កំហុស​របស់​លោក​ចំពោះ​ការ​មិន​ប្រើប្រាស់​កីឡករ​ក្នុង​ជម្រើស​ដំបូង​ជាច្រើន​ ដោយ​មិនរំពឹង​ទុក​ថា នឹង​ជួប​លទ្ធផល​បែប​នេះ​ឡើយ ហើយ​ការ​សម្រេច​ចិត្ត​របស់​បាន​ទទួល​ផល​តប​ស្នង​។ គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គាល់​វ័យ​៥៨​ឆ្នាំ​រូបនេះ​ បាន​ឲ្យដឹង​ថា៖ «ខ្ញុំ​បាន​សម្រេច​ចិត្ត​ដាក់ជម្រើស​ដំបូង​បែប​នេះ ហេតុនេះការ​ទទួល​ខុស​ត្រូវ​គឺ​ជា​រូប​ខ្ញុំ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia