បរទេស៖ លោក Antonio Conte អ្នក​ចាត់​ការ​ទូទៅ​របស់ក្រុម Tottenham បាន​ដឹង​ភ្លាម​ៗ​ថា កម្រិត​ក្នុងក្រុម​របស់​លោក «មិន​ខ្ពស់​ឡើយ» ក្រោយពី​ការ​រង​បរា​ជ័យ​យ៉ាង​អា​ម៉ាសក្នុងលទ្ធផល ២-១ ក្រោមស្នា​ដៃក្រុម​ស្លូ​វ៉េ​នី NS Mura ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Europa Conference League​។

បច្ចុប្បន្ន Spurs ត្រូវ​តែ​ផ្តួល​ក្រុម Rennes លើ​ទឹកដីខ្លួន​ឯង​ ក្នុងការ​ប្រកួត​​ចុងក្រោយ​ក្នុងពូល ដើម្បី​គេច​ផុត​ពីការ​ធ្លាក់​ចេញពីក្រប​ខ័ណ្ឌលំ​ដាប់​ទី​៣​របស់អឺ​រ៉ុប​មួយនេះ​។ ជា​មួយ​គ្នា​នេះ ពួក​គេមិនអាច​ដេញ​តាម​ឲ្យទាន់​ក្រុម Rennes នៅលើ​កំពូល​តា​រាង​នៃ​ពូល​ឡើយ ដែលមានន័យ​ថា ពួក​គេ​នឹង​ឈាន​ទៅវគ្គ​៣២​ក្រុម​ចុងក្រោយ ​ស្រប​ពេល​ដែល​ក្រុម​ឈរលេខ​១ក្នុងពូល នឹង​​ឈាន​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។ Harry Kane គឺ​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​២នាក់​ដែលបាន​រក្សា​កៅអីក្នុង​ជម្រើស​ទាំង​១១នាក់​ដំបូង ពី​ក្រុម​ដែល​បាន​ផ្តួល Leeds United ២-១ កាលពីថ្ងៃ​អាទិត្យ ក្នុងក្រប​ខ័ណ្ឌ Premier League​។

គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលីលោក Conte បាន​ទទួល​មេរៀន​ដ៏​ឈឺ​ចាប់​មួយ ក្នុងការ​ពង្រឹង​ក្រុម​របស់លោក ក្រោយពី​បាន​ជួប​រាត្រី​ដ៏​អា​ម៉ាសមុខ​នៅ Maribor នៅពេល​ប្រកួត​ជាមួយនឹង​ក្លិប​មួយ​ដែល​ទើប​តែ​បង្កើត​បាន​៩​ឆ្នាំ​។ លោក Conte បាន​ឲ្យដឹងថា៖​ «ក្រោយពី​រយៈ​ពេល​៣​សប្តាហ៍ ខ្ញុំ​បាន​ចាប់​ផ្តើម​យល់ពី​ស្ថានភាព​។ វា​មិនមែន​ជា​រឿង​សាមញ្ញ​ឡើយ។ នៅពេល​នេះ កម្រិត​ក្នុងក្រុម Tottenham មិន​ខ្ពស់ឡើយ​។ អ្នក​ខ្លះ​ប្រហែល​ជា​គិត​ថា ពេល​ខ្ញុំ​មក​ដល់ ក្រុមនេះ នឹង​ជោគ​ជ័យ ហើយគិត​ថា ខ្ញុំ​គឺ​ជា​គ្រូ​សីលម្នាក់​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia