ភាព​ល្បីល្បាញ​របស់ ម៉ឺន ដា ដែល​​ធ្លាប់​ឃើញ​ប្រកួតញឹកញាប់ ​នៅ​សង្វៀន​ប្រទេស​ថៃ និង​ធ្លាប់​ឈ្នះ​បាន​ខ្សែក្រវាត់​ក្នុង​ប្រភេទ​ទម្ងន់ ​៥៧ ​គីឡូក្រាមទៀត​នោះ បាន​នឹង​កំពុង​ធ្វើ​ឱ្យ​បេក្ខភាព ដែលត្រូវ​ប្រកួត​ម៉ារ៉ាតុងដណ្តើម​ប្រាក់លាន នៅ​លើ​សង្វៀន​ថោន នា​ថ្ងៃអាទិត្យ មានការ​បារម្ភ ហើយគិត​ថា អាច​នឹង​មានការ​ពិបាក​ប្រជែង​យក​ប្រាក់រង្វាន់ ៣,៤ លាន​រៀល ជាមួយ ម៉ឺន ដា ណាស់។

អ្នក​ប្រដាល់​គុនខ្មែរ ម៉ឺន ដា  ​បាន​ឃ្លាត​ពីស​ង្វៀន​ក្នុងស្រុក​អស់​រយៈពេល​ជាង ​៤ ​ឆ្នាំមក​ហើយ ប៉ុន្តែ​ការវិល​វិញ​របស់​គេ លើក​នេះ វា​នៅ​តែ​ផ្តល់ក្តីបារម្ភ​ទៅ​លើ​ជើង​ខ្លាំង ធន់ អៀន​ឡៃ​ និង​អ្នលក​លេង​កណ្តាប់ដៃ លាភ រដ្ឋា ចំណែក​បេក្ខភាព​​ជើង​ថ្មី សូ​ដា លី​ម៉ូ មិន​ស្ថិត​នៅ​ក្នុងការ​ចាប់​អារម្មណ៍ សម្រាប់ការ​ប្រកួតដណ្តើម​ប្រាក់លាន ក្នុង​ទម្ងន់ ​៥៧ ​គីឡូក្រាម លើក​នេះ នោះ​ទេ​។​

​        លោក ជួប វុត្ថា អ្នក​ផ្គូផ្គង​ការ​​ប្រកួត​ប្រចាំ​សង្វៀន​ថោ​ន បាន​និយាយថា​ សង្វៀន​ថោន បាន​កក់​បេក្ខភាព ម៉ឺន ដា ច្រើន​សប្តាហ៍​មក​ហើយ ដើម្បី​ដាក់ឱ្យ​ប្រកួត​កម្ម​វិធី​នេះ ហើយ​វត្ត​មាន​របស់គេ បាន​ធ្វើ​ឱ្យមានការ​ទាក់ទាញ​ខ្លាំង ចំណែក លាភ រដ្ឋា​ និង ធន់ អៀន​ឡៃ សុទ្ធតែជា​ជើងចាស់ មាន​បទពិសោធ​ក្រាសក្រែល គឺ​មានតែ​កីឡាករ សូ​ដា លី​ម៉ូ ម្នាក់​​ទេ ដែល​មាន​បទ​ពិសោធ​នៅ​ខ្ចី​ជាងគេ តែក៏ទើបសាង​សមត្ថភាព​កំពុង​ល្អផងដែរ។

​        ចំណែក លោក ធន់ សុភា គ្រូបង្វឹក​របស់ ធន់ អៀន​ឡៃ បាន​និយាយថា​៖ «​វត្តមាន​កីឡាករ ម៉ឺន ដា និង លាភ រដ្ឋា ពិតជា​លំបាក​ឈ្នះ​ណាស់ ពិសេស ម៉ឺន ដា នេះ គឺ​ទោះ​បាត់​មុខ​យូរ នៅ​សង្វៀន​ក្នុងប្រទេស ប៉ុន្តែ​គេ​ប្រកួត​ញឹក​​ញាប់​នៅ​ប្រទេស​ថៃ ទទួល​​បាន​លទ្ធផល​ឈ្នះ​ច្រើនជាង​ចាញ់​​។ ​តែ​ទោះជា​យ៉ាងណា ខ្ញុំ​កំពុង​បង្វឹក ធន់ អៀន​ឡៃ ​ឱ្យបាន​ល្អ ដើម្បី​ឈ្នះ ម៉ឺន ដា ក្នុងករណី​ចាប់ឆ្នោត​ជួប​គ្នា នៅ​វគ្គ​ជម្រុះ ​៣ ​ទឹក​ដំបូង​ តែ​បើ​ចាប់​​ឆ្នោត​ប៉ះ​ លាភ រដ្ឋា ឬ សុ​ដា លី​ម៉ូ មិនសូវ​បារម្ភ​ទេ»។​

​        ចំណែក លាភ រដ្ឋា ក៏​បាន​សរសេរ​ពី​សមត្ថ​ភាព​របស់ ម៉ឺន ដា ផង​ដែរ ដោយ​បាន​និយាយ​ថា​៖ «​ម៉ឺន ដា ខ្លាំង តែ​ខ្ញុំ​មិន​ធ្លាប់​ប្រកួត​គ្នា​ទេ ចំណែក ធន់ អៀន​ឡៃ ធ្លាប់​ប្រកួតស្មើគ្នា ​ក្នុង​ម៉ាស​ហ្វៃ ហើយ​ជើង​ថ្មី សូ​ដា លី​ម៉ូ ខ្ញុំ​មិន​បារម្ភ​ទេ​។ ​តែ​ទោះ​យ៉ាង​ណា ចំពោះ​បញ្ហា​ចាញ់​ ឬ​ឈ្នះ ពិបាក​និយាយ​មុន​ណាស់ តែ​លើក​នេះ ខ្ញុំ​ហាត់​ត្រៀម​បានល្អ​»​។​

​ជាមួយគ្នា​នេះ លោក រឹក គី ជា​គ្រូបង្វឹក ម៉ឺន ដា ក៏មិន​សូវ​មាន​ទំនុក​ខ្លាំង​លើ​សិស្ស​របស់ខ្លួន​ប៉ុន្មាន​ដែរ ព្រោះ ម៉ឺន ដា ខក​ខាន​ប្រកួត​យូរ​ដែរ​ហើយ ហើយ​​ត្រូវ​ប្រឈម​ជាមួយ ធន់ អៀនឡៃ និង លាភ រដ្ឋា ដែល​សុទ្ធតែ​ជើង​ខ្លាំង និងមាន​ជំនាញខាង​វាយសម្រុក ពិបាក​ក្នុងការ​ទប់​ទល់។

លោក រឹក គី បាន​និយាយថា​៖ «​ខ្ញុំ​មិន​ហ៊ាន​សង្ឃឹម​ឈ្នះ​ច្រើន​ទេ ព្រោះ​ ម៉ឺន ដា ​ខកខាន​ប្រកួត​យូរ​ដែរ​ហើយ​ ហើយ​មួយវិញទៀត ជើង​ខ្លាំង លាភ រដ្ឋា និង ធន់ អៀន​ឡៃ ជា​កំពូល​កីឡាករ​​វាយ​​សម្រុក និង​មាន​សមត្ថ​ភាពល្អ គឺ​ពិតជា​មិនអាច​សង្ឃឹម​ឈ្នះ​ច្រើន​នោះទេ ត្រឹម​ ៦០ ​ភាគរយ​ប៉ុណ្ណោះ​»​៕