បរទេស៖ ក្លឹប Barcelona បាន​ប្រកាស​ថ្កោល​ទោស​អ្នក​កាំទ្រ​ដែលបាន​​បំពានលើ​លោក​គ្រូបង្វឹក Ronald Koeman កាល​ពី​ថ្ងៃ​អាទិត្យ នៅពេល​ដែល​លោក​បាន​ចាក​ចេញពី​កីឡដ្ឋាន Camp Nou ក្រោយពី​ការ​រង​បរា​ជ័យក្នុងលទ្ធផល ២-១ ក្រោមស្នា​ដៃក្រុម Real Madrid​។

លោក Koeman គឺ​ជា​វីរ​បុរស​ម្នាក់​របស់​ក្លិប Barca ក្រោយពី​បាន​រកគ្រាប់បាល់​ឈ្នះ​ ក្នុងការ​ប្រកួត​ដណ្តើម​ពាន European Cup វគ្គ​ផ្តាច់​ព្រ័ត្រ ឆ្នា​១៩៩២ ប៉ុន្តែ លោក​បាន​ស្ថិត​ក្រោម​សម្ពាធដ៏ធំក្នុងនាម​ជា​គ្រូបង្វឹក​កាលពីពេលថ្មីៗនេះ​។ ក្លិប​ឲ្យ​ដឹងក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «ក្លិប FC Barcelona សូម​ប្រកាស​ថ្កោល​ទោស​ជា​សា​ធារណៈ​ចំពោះ​អំពើហិង្សា និង​ការ​មើល​ងាយ ដែល​អ្នកចាត់កា​រ​ទូទៅ​របស់​យើង​ជួប​ប្រទះ នៅ​ពេល​ដែល​ចាក​ចេញ​ពីកីឡដ្ឋាន Camp Nou​។ ក្លិប​នឹង​​ចាត់​វិធាន​ការ​ផ្នែក​សន្តិសុខ និង​វិន័យ ដើម្បី​ធានា​ថា ហេតុ​ការណ៍​អាក្រក់​បែបនេះ មិន​កើត​ឡើង​ម្ត​ងទៀត​ឡើយ​»​។

អ្នក​គាំទ្រ​ជាច្រើន​ត្រូវបាន​​គេ​ឃើញ​បាន​ប្រមូល​ផ្តុំ​គ្នា​ជុំវិញ​រថយន្ត​របស់​លោក Koeman និង​ស្រែកជេរ​ទៅ​កាន់​គ្រូ​បង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះ ក្នុង​ពេល​ដែលលោក​បានព្យាយាម​បើក​រថយន្ត​ចេញពីកីឡដ្ឋាន​។​ Barcelona បាន​រង​បរា​ជ័យ​ក្រោមស្នា​ដៃក្រុម Real Madrid ជាប់​ៗ​គ្នា​ជាលើក​ទី​៤ ដែល​ជាការ​ចាញ់​ជាប់​ៗ​គ្នា​​ដ៏ច្រើន​បំផុតក្នុង​ការ​ប្រកួត Clasico បើ​គិ​ត​ចាប់​តាំងពីឆ្នាំ​១៩៦៥​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia