ការ​ហ៊ានលេង និង​លេងប្រកប​ដោយភាព​ជឿជាក់ ដើម្បី​បង្កើតឱកាស​វាយ​បក​ទៅលើ​គូ​ប្រកួត តាម​កាលៈទេសៈ​ជាក់ស្តែង គឺ​ជាអ្វី​ដែល​ក្រុម​ជម្រើសជាតិកម្ពុជា​អាយុ​ក្រោម​ ២៣ ​ឆ្នាំ បាន​បង្ហាញឱ្យអ្នកគាំ​ទ្រ​បាន​ឃើញ នៅពេល​ពួកគេ បានចាញ់ក្រុមម្ចាស់​ផ្ទះ​ជប៉ុន កាលពីប៉ុន្មាន​ម៉ោងនេះ។

វា​ហាក់មិនមានអ្វី​ប្លែក​នោះ​ទេ ដែល​ក្រុម​U23កម្ពុជា បានចាញ់​ក្រុមម្ចាស់​ផ្ទះ​ជប៉ុន ៤-០ សម្រាប់​ការ​ប្រកួត​ជម្រុះ​​ប្រចាំ​ពូល ​K នៃ​ពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022 នៅ​កីឡដ្ឋាន J-Village ប្រទេស​ជប៉ុន​នេះ ព្រោះ​កម្រិត​នៃការ​លេង និង​ភាព​ខុសគ្នា ចំពោះការ​អភិវឌ្ឍ​បាល់​ទាត់របស់ប្រទេស​ទាំង​២នេះ វា​បាន​បង្ហាញ​រួច​ទៅ​ហើយ​ថា ​ក្រុមកម្ពុជា មិនអាច​ទៅ​រួច​ជាមួយ​ក្រុមជប៉ុន បាននោះ​ទេ។

យ៉ាង​ណា​ក៏​ដោយ សកម្ម​ភាព​ប្រកួត នៅ​ថ្ងៃ​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ ពីការ​ហ៊ាន​លេង និង​លេង​ប្រកប​ដោយ​ភាព​ជឿជាក់​របស់​កម្ពុជា គឺពួកគេ បាន​ព្យាយាម​បិទ និង​គ្រប់​គ្រង​បាល់ ដើម្បី​វាយបក​ទៅលើ​ក្រុម​ជប៉ុន ទៅតាមគោលការណ៍ ដែល​គ្រូ​បង្វឹក​បានដាក់ចេញ គឺ​ការ​លេង​ទៅ​តាម​របៀប​របស់កម្ពុជា។

ការ​របូត​៤​គ្រាប់ ពីការ​ស៊ុត​ទម្លុះ​សំណាញ់​ទី​របស់ក្រុម​ម្ចាស់​ផ្ទះ​ជប៉ុន ដែលកើត​ឡើង​២​គ្រាប់ នៅក្នុងតង់ទី​១ និង​២​គ្រាប់ទៀត នៅក្នុងតង់ទី​២​នេះ វាមិនមែន​ជា​លទ្ធផលអាក្រក់ពេក​ទេ សម្រាប់កម្ពុជា ហើយ​អ្នកទស្សនា​ភាគ​ច្រើន ក៏ពេញ​ចិត្ត​ទទួល​យក នឹង​លទ្ធផល​នេះ​ផងដែរ នៅ​ពេល​ពួក​គេ បាន​មើលឃើញ​ពីការ​ហ៊ាន​លេង និងលេង​ដោយ​ឆន្ទៈពិតប្រាកដ របស់​ក្រុម​គោព្រៃជំទង់ ទាំង​នេះ ព្រោះនេះជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ពីការ​អភិវឌ្ឍគុណផ​លនៃការ​លេង​របស់​កម្ពុជា ដ៏ពិតប្រាកដ សម្រាប់ត្រៀម​ឆ្ពោះ​ទៅកាន់​ការ​ប្រកួតស៊ីហ្គេម ជាពិសេស​ស៊ីហ្គេម លើកទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា។

យ៉ាងណា​ក៏​ដោយ តាម​រយៈការ​ចាញ់​ក្រុម​ជប៉ុន ៤-០ សម្រាប់ការ​ប្រកួត​លើក​ទី ​២ ចុង​ក្រោយ​​របស់​ខ្លួននេះ ក្រុម​កម្ពុជា ហាក់​មិ​នមានឱកាស បាន​ឡើង​ទៅ​វគ្គបន្ត ក្នុង​នាមជា​ក្រុមលេខ​២​ល្អ​នោះ​ទេ ចំណែកក្រុម​ជប៉ុន ត្រូវបាន​គេ​មើល​ឃើញ​ថា នឹង​អាច​បន្ត​ទៅ​យក​ឈ្នះ​លើ​ក្រុម​ហុងកុង នៅថ្ងៃទី​២៨ ខែតុលា ដើម្បី​ឡើង​ទៅ​លេង​នៅ​វគ្គ​បន្ត ក្នុងនាមជា​ក្រុមលេខ​១ ប្រចាំ​ពូល​ K នេះ ជា​មិនខាន៕