បរទេស៖ ក្រុម​តោ​ខៀវ Chelsea តម្រូវ​ឲ្យ​ធ្វើការ​ស៊ុត​បាល់​​ប៉េណាល់​ទីកាត់​សេចក្តី​២​ជុំ​ជាប់​ៗ​គ្នា ដើម្បី​ឈាន​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ពាន League Cup ក្រោយពី​ពួកគេ​បាន​ទម្លាក់​ក្រុម Southampton ស្រប​ពេល​ដែលក្រុម Arsenal បានផ្តួល​ក្រុម Leeds United ក្នុង​លទ្ធផល ២-០ កាលពីថ្ងៃ​អង្គារ​។

អ្នក​​ចាំ​ទី Kepa Arrizabalaga បាន​ក្លាយ​ជា​វីរ​បុរស​​របស់ Chelsea ខណៈ​ដែល​រូប​គេ​បាន​សង្គ្រោះ​បាល់​ជាច្រើន ដើម្បី​​រា​​រាំង​ក្រុម Southampton មិន​ឲ្យ​ឈាន​ទៅ​វគ្គ​បន្ត ស្រប​ពេល​ដែល​​​ការ​ប្រកួត​នៅកីឡដ្ឋាន Stamford Bridge បាន​បញ្ចប់ក្នុងលទ្ធផល​ស្មើ ១-១ បន្ទាប់​ពី​លេ​បាន​៩០នាទី​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ លោក​គ្រូបង្វឹក Mikel Arteta បាន​និយាយ​ថា កីឡាករ Eddie Nketiah មាន​អនា​គត​​នៅក្នុងក្លិបនេះ ក្រោយពី​រូប​គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​​ដើម្បី​ជួយ​ឲ្យ​ក្រុម​កាំភ្លើង​ធំមួយ​នេះ ទម្លាក់ក្រុម Leeds United និង​ឈាន​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ពាន Carabao Cup​។

ខ្សែ​ការ​ពារ Calum Chambers បាន​ជួយ​ឲ្យ Arsenal រក​បាន​គ្រាប់បាល់​នាំមុខមុន នៅមុន​ពេល Nketiah បំពេញ​ជ័យ​ជម្នះ​សម្រាប់ក្រុម​ខ្លួន​។ លោក Arteta ដែល​បាន​ជួយ​អភិវឌ្ឍ​កីឡាករ​វ័យ​ក្មេង​ជាច្រើន​របស់ Arsenal ​ក្នុង​នោះ​រាប់​បញ្ចូល​ទាំង Emile Smith Rowe និង Bukayo Saka ដែរ​នោះ បាន​ឲ្យដឹងថា៖ «ខ្ញុំ​ជឿជាក់​ថា រូប​គេនឹង​ក្លាយ​ជា​​កីឡាករ​កម្រិត​កំពូល​ម្នាក់ ហើយ​ជា​ការ​រំពឹង​ទុក​នៅក្លិប Arsenal»៕