គ្រូ​បង្គោលក្រុម​បឹងកេត លោក គឹម ភក្តី បាន​ចាប់​ផ្តើម​ធ្វើ​តេស្ត​សមត្ថ​ភាពកីឡាករ​យុវជន​របស់​ខ្លួន​ប្រមាណ​មួយចំនួន តាម​រយៈការ​​ដាក់ពួកគេ ឱ្យ​ចូល​រួម​ប្រកួត​មិត្ត​ភាព​ជាមួយក្រុម​ធំ​របស់​លោក ​ហើយ​​ក្រុម​យុវជន​ទាំងនេះ ក៏​នឹង​ត្រូវជ្រើស​រើស ​ដាក់បញ្ចូល​ជាមួយ​ក្រុមបឹង​កេត ដើម្បី​ចូល​រួម​ប្រកួត​ពាន​រង្វាន់​សម្តេចហ៊ុនសែន​ថ្នាក់​ជាតិ ឆ្នាំ​២០២១​នេះ ផងដែរ។

យ៉ាង​ណាមិញ សម្រាប់ការ​ប្រកួត​មិត្ត​ភាព​ដកស្រង់បច្ចេកទេសទល់នឹង​ក្រុម ISI ដង្កោ​សែនជ័យ កាលពី​ថ្ងៃពុធ​ម្សិលមិញ​នេះ លោក គឹម ភក្តី បាន​សរសេរ​ពី​ក្រុម​យុវជនទាំង​នេះ ថា មាន​ឆន្ទៈ​ក្នុងការ​លេង​ និងហ៊ាន​លេង។

«យុវជន ដែលបានចូលលេង ខ្ញុំបានមើលឃើញថា ពួកគេពិតជាមានឆន្ទៈ ក្នុងការលេង និង​​ហ៊ាន​លេង»។ នេះជា​ការ​លើក​ឡើង​របស់លោក គឹម ភក្តី ​បន្ទាប់ពី​ក្រុមបឹងកេត បានយក​ឈ្នះ​​ក្រុម ISI ដង្កោ​សែនជ័យ ១-០ ខណៈ​ការ​ប្រកួតមិត្ត​ភាពនេះ ត្រូវ​បាន​ធ្វើឡើងជា​៣​ដំណាក់​កាល ដោយ​១ដំណាក់ មាន​រយៈពេល​៤នាទី។

តាម​រយៈ​ការ​ប្រកួត​មិត្តភាព​នេះ​ បឹងកេត ក៏​បាន​ដាក់កីឡាករ​ក្រុម​ធំ​របស់​ខ្លួន​ភាគ​ច្រើន​ឱ្យ​ចូល​​លេង​ផងដែរ បន្ទាប់ពីពួកគេ បានអាក់ខាន​ប្រកួត ដោយសារ​លីគកំពូល​កម្ពុជា បាន​​សម្រាក ប៉ុន្មាន​សប្តាហ៍​នេះ ហើយការ​ធ្វើ​បែបនេះ ដើម្បី​ពង្រឹង​សមត្ថភាព​របស់​ពួកគេ ឡើងវិញ ត្រៀម​ការ​ប្រកួត​លីគកំពូល ដែលនឹងចាប់ផ្តើម​វិញ នៅដើម​ខែវិច្ឆិកា ខាង​មុខ​មុខ​នេះ៕