បរទេស៖ លោក Ole Gunnar Solskjaer បាន​បញ្ជាក់​ថា លោក​ពេញ​ចិត្ត​នឹង​ការ​រិះ​គន់ ខណៈ​ដែលក្រុម Manchester United ត្រៀម​ជួប​ជា​មួយនឹងក្រុម Atalanta ក្នុងក្រប​ខ័ណ្ឌ Champions League នៅរាត្រីនេះ ក្រោយពី​បានយកឈ្នះលើ​ក្រុម Tottenham ក្នុង Premier League​។

គ្រូបង្វឹក​សញ្ជាតិ​ន័រ​វែស​រូបនេះ បាន​ប្រឈម​មុខ​នឹង​​ពាក្យ​ចរ​ចាម​អា​រ៉ាម​ជាច្រើន​ជុំ​វិញ​អនា​គត​របស់​លោក ក្រោយពីការ​រង​បរា​ជ័យ​ក្រោមស្នា​ដៃ​​ក្រុម Liverpool ក្នុងលទ្ធផល ៥-០ នា​កីឡដ្ឋាន Old Trafford កាលពី​សប្តាហ៍​មុន បាន​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​ចេញពីការ​ប្រជែងដណ្តើម​ចំណាត់​ថ្នាក់​កំពូល​ទាំង​៤​។ ប៉ុន្តែ ក្រុម​ Man United បាន​កាត់​បន្ថយ​សម្ពាធ​លើ​អ្នក​ចាត់​ការ​ទូទៅ​របស់​ពួក​គេ តាមរយៈ​ការយកឈ្នះ​ ៣-០ ក្នុង​ទីក្រុងឡុងដ៍ ហើយ​បែរជាលោក Nuno Espirito Santo គ្រូបង្វឹក​របស់​ក្រុម Spurs ទៅ​វិញ​ជា​អ្នក​បាត់​បង់​ការ​ងារ​ កាលពីថ្ងៃចន្ទ​។

ការ​សម្រេច​ចិត្ត​របស់​លោក​ក្នុង​ការ​ដាក់​ឲ្យ Cristiano Ronaldo ចាប់​ដៃគូ​ជាមួយនឹង Edinson Cavani ក្នុង​តំបន់​ប្រយុទ្ធ​លើ​ទឹកដីក្រុម Spurs និង​ប្រើប្រាស់​ខ្សែការ​ពារ​៣នាក់ បាន​ទទួលផ្លែផ្កា ខណៈ​ដែល Ronaldo បាន​ស៊ុត​បាល់​បញ្ចូលទី និង​បាន​ជួយ​ឲ្យ​ Cavani ​រក​បាន​១គ្រាប់​។ ក្នុង​សន្និ​សីទមុន​ការ​ប្រកួតកាលពីថ្ងៃចន្ទ លោក Solskjaer បាន​ឲ្យដឹងថា៖ «ការ​រិះ​គន់​អាច​ធ្វើ​ឲ្យអ្នកមិនច្បាស់​លើ​ខ្លួន​ឯង បើ​មិនអ៊ី​ចឹង​អ្នក​អាច​ក្រោក​ឈរដោយខ្លួន​ឯងបាន​។ ខ្ញុំ​តែង​តែ​ពេញ​ចិត្ត​នឹង​ការ​រិះ​គន់»៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia