គណៈកម្មការ​ប្រកួតបាល់​ទាត់ជាតិ​កម្ពុជា (CNCC) នៃ​សហព័ន្ធកីឡាបាល់​ទាត់​កម្ពុជា បាន​ជម្រាប​ជូន​ទៅ​ដល់​សាមី​ក្លិបទាំង​អស់ និងអ្នកពាក់ព័ន្ធ ដើម្បី​រៀបចំ​បើក​ឱ្យ​ការ​ចូល​រួម​ផ្ទាល់​របស់​អ្នកទស្សនា ទាំង​មនៅ​ក្នុងការ​ប្រកួតពាន​រង្វាន់សម្តេច ហ៊ុន សែន និង​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា ឆ្នាំ​២០២១។

តាម​ការ​ជូនដំណឹង​នេះ CNCC ​បាន​សម្រេច​អនុញ្ញាត​ឱ្យទស្សនិក​ជន​ចូល​រួមទស្សនា​ការ​ប្រកួត ដោយកំណត់​ចំនួនពាក់កណ្តាល (៥០ភាគរយ) នៃ​ចំនួនកៅ​អី អង្គុយ​សរុប ក្នុង​កីឡដ្ឋាន​របស់ក្លិប​បាល់ទាត់នីមួយៗ ដែលអាស្រ័យ​ទៅតាម​មូលដ្ឋាន​តំបន់​រាជធានី-ខេត្ត​នីមួយៗ​របស់ខ្លួន។

យ៉ាងណា​ក៏​ដោយ CNCC បាន​កំណត់នូវ​លក្ខខណ្ឌ​ច្បាស់លាស់ សម្រាប់ទស្សនិកជន ដែល​ចង់​ចូល​រួម​ទស្សនា​ផ្ទាល់ ទី១ អ្នកទស្សនា ត្រូវ​ចំ​ឈ្មោះ​ជាមុន ដោយកំណត់​នូវទីតាំង​កៅអីអង្គុយ និង​អាសយដ្ឋាន​ច្បាស់លាស់ រួមទាំង​លេខ​ទូរស័ព្ទ ទី​២ អ្នកទស្សនា ត្រូវ​ភ្ជាប់មក​ជាមួយ​នៅ​អត្តសញ្ញាណ​បណ្ណ និងបណ្ណ​ចាក់វ៉ាក់សាំង បង្ការ​ជំងៃ​កូវីដ​១៩ ទី​៣ ត្រូវ​ធ្វើការ​វាស​កម្តៅ និងសម្អាត​អនាម័យដៃ ដោយ​អាល់កុល ឬជែល ដល់​ទស្សនិកជន​ទាំងអស់ មុន​អនុញ្ញាត​ឱ្យចូល​បរិវេណ​កីឡដ្ឋាន។

ចំណែកទី​៤ ត្រូវ​មានការរក្សាគម្លាត សុវត្ថិភាព ប្រវែង ១,៥​ម៉ែត្រ ពី​មនុស្សម្នាក់ ទៅ​មនុស្ស​ម្នាក់​ទៀត ទី​៥ ទស្សនិកជន​ ត្រូវពាក់ម៉ាស ជាប់ជា​ប្រចាំ ក្នុង​កំលុង​ពេល​ទស្សនា​ការ​ប្រកួត ទី​៦ មិន​អនុញ្ញាតឱ្យ​ទស្សនិក​ជន ដែលមានអាការៈ​សង្ស័យ ឬ​ជំងឺ​ផ្តាសាយ ចូល​ទស្សនា​ការ​ប្រកួត​ឡើយ ទី​៧ ក្លិប​ដែលមិនបានអនុវត្ត តាមវិធានការ​របស់ក្រសួង​សុខាភិបាល និងការណែនាំ​របស់ CNCC នឹង​មិនអនុញ្ញាតឱ្យមាន​ទស្សនិកជន ចូលទស្សនា​ជា​ដាច់ខាត ហើយទី​៨ គឺ​ក្នុង​ការ​ករណី​ការប្រកួតណាមួយ រក​ឃើញ​ទស្សនិកជន ដែលមាន​វិជ្ជមាន ឬសង្ស័យ​មានជំងឺ​កូវីដ​១៩ ហើយ​នៅតែ​អនុញ្ញាត​ឱ្យ​ចូល​រួមការ​ប្រកួត​ទៀត  នោះ CNCC នឹង​ផ្អាកជា​បណ្តោះអាសន្ន ដោយមិនឱ្យ​ទស្សនិកជន ចូល​រួម​ទស្សនា សម្រាប់ការ​ប្រកួត​​នោះ រហូត​ដល់មានការ​សម្រេច​ជា​ថ្មី ពី CNCC៕