សម្រាប់ការបើកឱ្យមានការប្រកួតជាថ្មី នៃលីគកំពូលកម្ពុជា ឆ្នាំ២០២១ នៅរសៀលម៉ោង ៣:៣០ ថ្ងៃនេះ ក្រុមត្រូវប្រឈមមុខដាក់គ្នា វិសាខា និងក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ សុទ្ធតែបានបង្ហាញការតាំងចិត្ត និងប្តេជ្ញាចិត្ត ស្វែងរកជ័យជម្នះរៀងៗខ្លួន ប៉ុន្តែ វិសាខា ហាក់មានភាពជឿជាក់ខ្លាំងជាង។
គ្រូបង្គោលស្តីទីក្រុមវិសាខា លោក Tunji Ayoyinka Akeeb បានអះអាងថា ក្រុមរបស់លោក បានខិតខំហ្វឹកហាត់ខ្លាំងណាស់ ដើម្បីត្រៀមការវិលត្រឡប់មកវិញ នៃលីគកំពូលកម្ពុជានេះ ហើយ វិសាខា បានប្តេជ្ញាថា នឹងធ្វើឱ្យបានល្អបំផុត ដើម្បីស្វែងរកការឈ្នះគ្រប់ការប្រកួត ដែលនៅសល់ ទៅតាមឆន្ទៈរបស់ខ្លួន។
តាមរយៈក្លិបវិសាខាផ្ទាល់ លោក Tunji Ayoyinka Akeeb បាននិយាយថា៖«កីឡាករទាំងអស់ បានខិតខំប្រឹងហ្វឹកហាត់ខ្លាំង សម្រាប់រយៈពេល ៣សប្តាហ៍ចុងក្រោយនេះ ដើម្បីត្រៀមការប្រកួតត្រឡប់មកវិញ ព្រោះពួកយើងដឹងហើយថា ៣ប្រកួតចុងក្រោយនេះ គឺសំខាន់ណាស់ ដែលយើងត្រូវការឈ្នះ ជាចាំបាច់»។
គ្រូបង្គោលស្តី ដែលបានរួមចំណែកដឹកនាំក្រុមវិសាខា យកឈ្នះក្រុមអង្គរថាយហ្គឺរ ៣-១ កាលនៅជាគ្រូជំនួយ ពេលប្រកួតជើងទី១ លោក Tunji Ayoyinka Akeeb បានបន្ថែមថា៖ «ពួកយើងប្តេជ្ញាធ្វើឱ្យបានល្អបំផុត ដើម្បីដណ្តើមពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២១ ប៉ុន្តែអ្វីដែលសំខាន់ ពួកយើង នឹងផ្តោតទៅលើការប្រកួតម្តងមួយៗ ពិសេសការប្រកួតជាមួយក្រុមអង្គរថាយហ្គឺរ សប្តាហ៍នេះ»។
យ៉ាងណាមិញ អ្នកចាត់ការទូទៅក្រុមអង្គរថាយហ្គឺរ លោក Yusuke Shinoda ក៏មានការជឿជាក់ខ្លាំងថា ក្លិបរបស់លោក នឹងអាចផ្ដល់នូវការលើកទឹកចិត្ត, ស្នាមញញឹម និងកម្លាំងដល់អ្នកខេត្តសៀមរាប ដែលប៉ះពាល់ដោយការរាលដាលជំងឺកូវីដ១៩ផងដែរ ហើយលោកបានអះអាងថា ការជួបក្រុមវិសាខា នៅកីឡដ្ឋានអេស.អរ.យូ នារសៀលថ្ងៃពុធនេះ ជាថ្ងៃរបស់ក្លិបអង្គរថាយហ្គឺរ ឬ Angkor Tiger FC Day។
លោក Yusuke Shinoda បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖ «ក្លិបរបស់យើង នឹងផ្ដល់នូវការលើកទឹកចិត្ត, ស្នាមញញឹម និងកម្លាំងចិត្តដល់អ្នកខេត្តសៀមរាប តាមរយៈការតស៊ូរបស់យើង។ មិនថា ស្ថានភាពពិបាកកម្រិតណាទេ ក្នុងនាមជាក្រុមតំណាងកម្ពុជា និងតំណាងខេត្តសៀមរាប យើងនឹងតស៊ូដល់ទីបញ្ចប់។ យើងនឹងបង្ហាញថា ថ្ងៃនេះ គឺជា Angkor Tiger FC Day។ សូមឱ្យអ្នកគាំទ្រផ្ដល់កម្លាំងចិត្តដល់យើង នៅលើទឹកដីដ៏ស្រស់ស្អាតរបស់យើង។ សូមគាំទ្រយើង និងប្រយុទ្ធទាំងអស់គ្នា»៕