បរទេស៖ ក្រុមហង្សក្រហម Liverpool និង Ajax បានរក្សាកំណត់ត្រាយ៉ាងល្អឥតខ្ចោះរបស់ខ្លួន ក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលនេះ ដើម្បីឈានទៅវគ្គ១៦ក្រុមចុងក្រោយកាលពីថ្ងៃពុធ។
ក្រុមរបស់លោក Jurgen Klopp បានផ្តួលក្រុម Atletico Madrid ក្នុងការប្រកួតដ៏រំភើបមួយនាកីឡដ្ឋាន Anfield ខណៈដែលកីឡាករ Diogo Jota និង Sadio Mane បានស៊ុតបាល់បញ្ចូលទីដូចគ្នា ក្នុងរយៈពេល២១នាទីដំបូង ដើម្បីកត់ត្រាជ័យជម្នះក្នុងលទ្ធផល ២-០។ បច្ចុប្បន្ន Liverpool មានសុវត្ថិភាពរួចជាស្រេចក្នុងការបញ្ចប់ដោយការឈរលេខ១ក្នុងពូល ដោយនាំមុខក្រុម Porto ដល់ទៅ៧ពិន្ទុ ខណៈដែលនៅសល់ការប្រកួតត្រឹមតែ២លើកទៀតប៉ុណ្ណោះ ហើយក្រុម Atletico ដេញតាមពីក្រោយ៨ពិន្ទុ ក្នុងចំណាត់ថ្នាក់លេខ៣។ លោក Klopp បានប្រាប់សារព័ត៌មាន BT Sport ថា៖ «អ្នកនឹងទទួលបានប្រាក់ជាច្រើនក្នុងពេលឈ្នះការប្រកួតនីមួយៗក្នុង Champions League។
គោលដៅទី១គឺការឆ្លងផុតពូលនេះ ប៉ុន្តែ យើងធ្វើបានសម្រេច ក្នុងពេលនៅសល់២ប្រកួតទៀត»។ ស្របពេលជាមួយគ្នានេះ ក្រុម Ajax បានរក្សាភាពខ្លាំងរបស់ខ្លួនក្នុងក្របខ័ណ្ឌអឺរ៉ុប តាមរយៈការវាយបកដេញតាមពីក្រោយ ដើម្បីទទួលជ័យជម្នះក្នុងលទ្ធផល ៣-១ លើក្រុម Borussia Dortmund ខណៈដែល Sebastien Haller រកបានគ្រាប់បាល់ទី៧របស់គេ ក្នុងការបង្ហាញខ្លួនត្រឹមតែ៤លើកក្នុងក្របខ័ណ្ឌ Champions League៕
ប្រភពព័ត៌មាន៖ Channel News Asia