បរទេស៖ លោក Antonio Conte បាន​ស្គាល់​រស​ជាតិ​ផ្អែម និងល្វីង ក្នុង​ការ​ប្រកួត​ទី​១​របស់​លោក​ក្នុងនាម​ជា​គ្រូបង្វឹក Tottenham ដែល​បានផ្តួល​ក្រុម Vitesse Arnhem ក្នុងលទ្ធ​ផល ៣-២ ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Europa Conference League កាលពីថ្ងៃ​ព្រហស្បតិ៍ ក្នុងការ​ប្រកួត​មួយ​​ដែល​បង្កើត​ឲ្យ​មាន​ការ​ពិន័យ​កាត​ក្រហម​៣​លើក​​។

លោក Conte បាន​​ចូល​ទៅ​ដឹកនាំ​នៅកីឡដ្ឋាន Tottenham Hotspur ក្រោយពី​ទទួល​បាន​លិខិត​អនុញ្ញាតិឲ្យ​ធ្វើ​ការ​ភ្លាម​ៗក្នុង​រយៈពេល​២​ថ្ងៃ បន្ទាប់​ពីការ​តែង​តាំង​របស់​លោក​។ ក្រោយពី​ឃើញ​ក្រុម​របស់​លោក​នាំមុខ​៣គ្រាប់ នៅមុន​ពេល​​រង​នូវ​សម្ពាធ​វិញ​ បន្ទាប់​មក បាត់​បង់​កីឡាករ​ម្នាក់ ខណៈ​ដែល Vitesse បាន​បញ្ចប់​ការ​ប្រកួត​​ដោយ​នៅសល់​កីឡាករ​ត្រឹម​តែ​៩នាក់​។

លោក Conte បាន​ប្រាប់​សារ​ព័ត៌​មាន BT ថា៖ «នេះ​គឺ​ជា​ការ​ប្រកួត​ដ៏រំភើប​។ ជា​ធម្ម​តា ខ្ញុំ​មិន​ចូល​ចិត្ត​ការ​ប្រកួត​បែប​នេះ​ឡើយ ដោយ​ការ​ប្រកួត​ដែល​ឆ្កួត​លេ​លា មានន័យ​ថា អ្វី​ៗ​ក៏​​អាច​កើត​ឡើង​បាន​ផង​ដែរ​»​។ លោក​បាន​បន្ថែម​ទៀ​តថា៖ «យើង​បាន​​នាំមុខ​ ៣-០ បន្ទាប់​មក របូត​គ្រាប់បាល់​២​គ្រាប់ ដែល​យើង​អាច​ជៀស​ផុត​បាន​។ ក្រោយពី​រង​ពិន័យ​កាត​ក្រហម យើង​បាន​ស្ថិតក្នុង​បញ្ហា​។ ការ​ដណ្តើម​បាន​​ជ័យ​ជម្នះ ក្នុង​ពេល​មាន​បញ្ហា គឺ​ជា​រឿង​ល្អ​សម្រាប់​ក្រុម​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia