គ្រូបង្វឹកក្រុមភ្នំពេញក្រោន លោក Oleg Starynskyi បានអះអាងថា ក្រុមរបស់លោក មិនត្រឹមផ្តោតតែទៅលើការប្រជែងយកពានលីគកំពូលកម្ពុជា ឆ្នាំ២០២១ ប៉ុណ្ណោះទេ ប៉ុន្តែ ភ្នំពេញក្រោន ក៏ចង់បង្កើតឱ្យមានការភ្ញាក់ផ្អើល តាមរយៈការឈានទៅរកការឈ្នះពានរង្វាន់សម្តេច ហ៊ុន សែន ជាថ្មី ផងដែរ។

នៅពេលនេះ ក្រុមភ្នំពេញក្រោន កំពុងឈរនៅលេខ១ នៃតារាពិន្ទុ ការប្រកួតលីគកំពូលកម្ពុជា ឆ្នាំ២០២១ ដោយមាន ៤០ពិន្ទុ និងតាមពីក្រោយដោយក្រុមវិសាខា ដែលមាន ៣៨ពិន្ទុ ខណៈការប្រកួតនេះ នៅសល់តែ២លើកទៀតប៉ុណ្ណោះ គឺមានន័យថា ភ្នំពេញក្រោន កំពុងមានភាគរយខ្ពស់ជាងគេ ក្នុងការឈ្នះពាននៅរដូវកាលនេះ។

ចំណែកការប្រកួតជម្រុះវគ្គ១៦ក្រុមចុងក្រោយ នៃពានរង្វាន់សម្តេច ហ៊ុន សែន (ថ្នាក់ជាតិ) ឆ្នាំ២០២១ ក្រុមភ្នំពេញក្រោន ត្រូវជួបក្រុមមន្ទីរអយកខេត្តត្បូងឃ្មុំ ដែលជាក្រុមបានលេខ២ ពីការប្រកួតថ្នាក់ខេត្ត ហើយជំនួបនេះ លោក Oleg Starynskyi បានជំរុញឱ្យកូនក្រុមរបស់លោកត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំង ពិសេសកុំបង្កើតឱ្យមានកំហុស ដើម្បីឱ្យ ភ្នំពេញក្រោន អាចឈានឡើងទៅវគ្គជាបន្តបន្ទាប់ទៀត និងអាចឈ្នះ ដូចពេលពួកគេ ធ្វើបាន២ឆ្នាំជាប់ៗគ្នា កាលពីឆ្នាំ២០០៨ និងឆ្នាំ២០០៩។

តាមរយៈក្លិបភ្នំពេញក្រោន ផ្ទាល់ លោក Oleg Starynskyi ជាគ្រូបង្គោលក្រុមនេះ បាននិយាយថា៖ “ពានរង្វាន់សម្តេចហ៊ុនសែន គឺជាពានដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជា វាពិតជាសំខាន់ ដូចពានលីគកំពូលដែរ ហើយជាងនេះទៅទៀត ភ្នំពេញក្រោន ធ្លាប់ឈ្នះពាននេះ យូរឆ្នាំមកហើយ ហេតុនេះក្នុងនាមជាក្លិបធំមួយ យើងត្រូវតែមានមហិច្ឆតាធំ ក្នុងការប្រកួតប្រជែងពានទាំង២នេះ ព្រោះកីឡាករ គ្រូបង្វឹក បុគ្គលិកទាំងអស់ ព្រមទាំងប្រធានក្លិប គឺចង់បានពានកាន់តែច្រើន តាម ដែលអាចធ្វើបាន”។

ទាក់ទងនឹងរូបមន្តប្រកួតចាញ់ធ្លាក់ៗ នៃពានសម្តេចហ៊ុនសែន គ្រូបង្វឹកជនជាតិអ៊ុយក្រែនលោក Oleg Starynskyi បានបន្ថែមថា៖ “ពិតណាស់ វាកាន់តែធ្វើឱ្យការប្រកួតជក់ចិត្តបន្ថែមទៀត ហើយយើងត្រូវតែប្រឹងប្រែងឱ្យអស់ពីសមត្ថភាពគ្រប់ការប្រកួត ព្រោះប្រសិនយើងបង្កើតកំហុស នោះយើងមិនមានពេល ក្នុងការកែប្រែការប្រកួត នៅប្រកួតបន្ទាប់ទៀតទេ អ៊ីចឹងនេះជាមូលហេតុ ដែលយើងត្រូវប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ក្នុងការប្រកួតដំបូង។ យើងមិនអាចបង្កើតកំហុស ក្នុងការប្រកួតនេះបានទេ ហើយការជួបក្រុមខេត្តត្បូងឃ្មុំ យើងត្រូវតែឈ្នះ”៕