ក្រុមភ្នំពេញក្រោន ដែលធ្លាប់ឈ្នះជើងឯក ពីការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន (ថ្នាក់ជាតិ) កាលពីឆ្នាំ២០០៨ និងឆ្នាំ២០០៩ បានបង្ហាញការជឿជាក់ខ្លាំងថា ពួកគេ អាចនឹងយកឈ្នះក្រុមទើបឡើងពីខេត្ត ខេត្តត្បូងឃ្មុំ សម្រាប់ការប្រកួតជម្រុះវគ្គ១៦ក្រុមចុងក្រោយ ពានសម្តេច ហ៊ុន សែន ឆ្នាំ២០២១ នៅថ្ងៃអង្គារនេះ ប៉ុន្តែក្រុមព្រះខ័នរាជស្វាយរៀង បានបង្ហាញផលលំបាក លើការត្រៀមខ្លួន នៅមុនពេលជាក្រុមកោះកុងអេហ្វស៊ី នៅថ្ងៃនេះដែរ។
បើទោះបីជា ក្រុមភ្នំពេញក្រោន បានបញ្ចូលក្រុមយុវជនមួយចំនួន ឱ្យចូលរួមជាមួយក្រុមធំរបស់ខ្លួន ដើម្បីត្រៀមការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ជាតិ នៅឆ្នាំនេះ ប៉ុន្តែឱកាសបានបង្ហាញខ្លួនសម្រាប់ក្រុមយុវជនទាំងនេះ ហាក់ស្ថិតនៅក្នុងភាពមិនទាន់ច្បាស់លាស់ ជាមួយមហិច្ឆតាចង់ឈ្នះខ្លាំងរបស់ភ្នំពេញក្រោន សម្រាប់ការជួបក្រុមខេត្តត្បូងឃ្មុំ នៅកីឡដ្ឋានរបស់ខ្លួន នាល្ងាចម៉ោង៦ ថ្ងៃអង្គារនេះ។

តាមរយៈក្លិបភ្នំពេញក្រោន ផ្ទាល់ លោក Oleg Starynskyi ជាគ្រូបង្គោល បាននិយាយថា៖ “យើងមានកីឡាករមួយចំនួនទើបតែឡើងមក ដោយពួកគេនៅក្មេងៗ ហើយសម្រាប់ការប្រកួតផ្លូវការ ពួកគេត្រូវព្យាយាមឱ្យបានខ្លាំង ហើយប្រសិនបើគេយល់ គឺពួកគេនឹងមានឱកាស។ យើងត្រូវតែរៀបចំ សម្រាប់ការប្រកួតនេះ ព្រោះយើងមិនអាចបង្កើតកំហុស ក្នុងការប្រកួតនេះបានទេ ហើយការជួបក្រុមខេត្តត្បូងឃ្មុំ យើងត្រូវតែឈ្នះ”។

គ្រូបង្វឹកក្រុមភ្នំពេញក្រោន រូបនេះ បានបញ្ជាក់ថា៖ “យើងត្រូវតែដាក់កីឡាករល្អៗលេង ក្នុងការប្រកួតនេះ ដើម្បីទទួលបានលទ្ធផលល្អ។ ចំណែកការរៀបចំ យើងយល់ថា ក្រុមមកពីខេត្ត ដែលបានលេង២ថ្នាក់ខេត្តនេះ ជាក្រុមខ្លាំង អ៊ីចឹងយើងមិនអាចរំពឹងថា ជាការប្រកួតដែលងាយស្រួល ឬក៏ដាក់កីឡាករក្មេងៗលេងច្រើននោះទេ។ យើងត្រូវតែរៀបចំដូចការប្រកួតរាល់ដង ដូច្នេះវាមិនមានពេល ក្នុងការបង្កើតកំហុសនោះទេ យើងត្រូវតែឈ្នះ ដើម្បីបានលេង នៅវគ្គបន្តទៀត”។

ដោយឡែក ក្រុមព្រះខ័នរាជស្វាយរៀង ដែលធ្លាប់ឈ្នះបានពានរង្វាន់សម្តេចហ៊ុនសែន ច្រើនជាងគេ គឺចំនួន៤លើក រួមទាំងឈ្នះជើងឯករង បាន៣លើក ផងនោះ បានបង្ហាញផលលំបាក ទៅលើការត្រៀមខ្លួន ប៉ុន្តែក្រុមនេះ ក៏បានបង្ហាញការរីករាយផងដែរ ដែលបានលេងនៅចំពោះមុខអ្នកគាំទ្រ សារជាថ្មី សម្រាប់ការជួបក្រុមកោះកុងអេហ្វស៊ី នៅកីឡដ្ឋានខេត្តស្វាយរៀង នាល្ងាចម៉ោង៦ ថ្ងៃអង្គារនេះ។

លោក លោក Conor Nestor គ្រូបង្គោលក្រុមព្រះខ័នរាជស្វាយរៀង បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖ “ការត្រៀមខ្លួនពិតជាពិបាក ព្រោះអីកីឡាករដែលវិលត្រឡប់ពីការប្រកួតក្នុងក្រុមជម្រើសជាតិ ត្រូវធ្វើចត្តាឡីស័ក ប៉ុន្តែយើងពិតជារីករាយ ដោយសារតែកីឡាកររបស់ យើងអាចប្រកួតប្រជែងដោយផ្ទាល់ពីមុខក្រុមអ្នកគាំទ្ររបស់យើង”។

គ្រូបង្វឹកជនជាតិអៀរឡង់រូបនេះ បានបន្ថែមថា៖ “យើងបានរៀនសូត្រពី ក្រុមកោះកុង ដូចយើងបានធ្វើ ក្នុងពេលប៉ះជាមួយក្រុមដទៃ អ៊ីចឹងដែរ។ យើងដឹងថា ពួកគេមានកីឡាករសម្បូរបទពិសោធ និងធ្លាប់លេងនៅលីគកំពូល ដូច្នេះយើងនឹងយកចិត្តទុកដាក់ឱ្យបានខ្ពស់ និងធ្វើឱ្យច្បាស់ថា យើងប្រឹងប្រែងឱ្យបានខ្លាំងដូចរាល់ដង”៕