បរទេស៖ អនា​គត​របស់​លោក Ole Gunnar Solskjaer ក្នុងនាម​ជា​អ្នក​ចាត់​ការ​ទូទៅ​របស់ក្លិប Manchester United ត្រូវ​បាន​ធ្វើ​ឲ្យ​ស្ថិត​ក្នុង​ភាពមិនច្បាស់ ដោយសារ​តែ​អតីត​ខ្សែ​ការ​ពារ​របស់​ក្រុម​បិសាចក្រហម​មួយនេះគឺ​លោគ Rio Ferdinand ដែល​បាន​អំពាវ​នាវ​​ឲ្យ «ផ្ទេរ​តំណែង​របស់ខ្លួន​​​ឲ្យ​គេ​ទៅ​»​។

លោក Solskjaer កំពុង​​ធ្លាក់​ចូល​ក្នុង​សម្ពាធ​ដ៏​ធំ ក្រោយពី​ការ​រង​បរា​ជ័យ​លើ​ទឹកដីខ្លួន​ឯង​ក្រោមស្នា​ដៃក្រុម Manchester City កាលពី​ថ្ងៃ​សៅរ៍ និង​ចាញ់​ក្រុម Liverpool ក្នុង​លទ្ធ​ផល ៥-០ កាលពី​ខែ​មុន​។​ ក្នុង​ពេល​និយាយ​​ក្នុងកម្មវិធី Vibe with Five YouTube លោក Ferdinand បាន​បញ្ជាក់​ថា វា​ប្រហែល​ជា​ដល់​ពេលសម្រាប់​គ្រូបង្វឹក​សញ្ជាតិ​ន័រ​វែស​រូបនេះ​ហើយ ក្នុងការ​ចាក​ចេញពី​ក្លិប​នៅកីឡដ្ឋាន Old Trafford និង​បាន​បន្ថែម​ថា «លោក​នឹង​ចាក​ចេញ​ទាំងភាព​រីក​រាយ​»​។ លោក Ferdinand បាន​និយាយ​ថា៖ «បើ​និយាយ​ពី​ចំណុច​ដែល​គាត់​​បាន​ចាប់​ផ្តើម ទៅកាន់​ចំណុច​ដែល​គាត់​នៅ​ជាមួយនឹង​យើង​តាំងពីដើមរដូវកាល​នេះ ខ្ញុំ​គិត​ថា មាន​ភាព​វិជ្ជ​មាន​»​។

លោក Solskjaer បាន​ធ្វើ​ឲ្យ​ខ្លួន​​ឯង​ស្ថិតក្នុងការ​ឃ្លាំមើល ក្រោយពីការ​រង​បរា​ជ័យ​ក្នុង​លទ្ធផល ២-០ ក្រោមស្នា​ដៃក្រុម Man City ខណៈ​ដែល​ការ​ចាញ់​នេះ បាន​កើត​ឡើង​ក្នុង​រយៈពេល​ត្រឹម​តែ​១៣​ថ្ងៃ ក្រោយពី​ការ​ចាញ់​ក្រុម Liverpool ៥-០ លើ​ទឹកដីខ្លួន​ឯង​។​ Man United រក​បាន​ត្រឹម​តែ​៤ពិន្ទុ​គត់ ពីការ​ប្រកួត​៦​លើកចុងក្រោយ និងកំពុង​តែ​ស្ថិតក្នុង​ចំណាត់​ថ្នាក់លេខ​៦លើ​តារាង ដោយ​ដេញ​តាមពីក្រោយ Chelsea ៩ពិន្ទុ​​​៕

 

ប្រភព​ព័ត៌​មាន៖ BBC