ការវិលមក​ជួប​គ្នា​រវាង​ក្រុម​ម្ចាស់​ផ្ទះ វិសាខា និង​ភ្នំពេញក្រោន នៅរសៀល​ម៉ោង ៣:៣០ ថ្ងៃនេះ បាន​ក្លាយ​ជា​ជំនួប​ដ៏​ធំ ដែល​គេ​រំពឹង​ថា នឹង​មានឆាក​ប្រកួត​គ្នា​ដ៏កក្រើក ដើម្បី​ប្រជែង​គ្នា​ក្លាយ​ជា​ម្ចាស់​ជើង​ឯក នៃ​ពាន​រង្វាន់លីគកំពូលកម្ពុជា ឆ្នាំ​២០២១​នេះ ខណៈ​ជំនួបជើង​ទី​១ ក្រុមទាំង​២​នេះ បានស្មើ​គ្នា ៣-៣។

ទាំង​គ្រូ​បង្វឹក​ក្រុម​ភ្នំពេញ​ក្រោន លោក Oleg Starynskyi និងគ្រូ​បង្វឹក​ស្តីទី​របស់​ក្រុមវិសាខា លោក Tunji Ayoyinka Akeeb សុទ្ធតែបានអះអាង​ពីការ​ខំប្រឹងខ្លាំង ត្រៀម​ការ​ប្រកួតនេះ ហើយបាន​ចាត់ទុកជំនួប​នេះ ថាជា​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ ដើម្បីកំណត់​ក្រុម ​ដែលត្រូវ​ឈ្នះ​ពាន នៅរដូវកាលនេះ ព្រោះពេល​នេះ ភ្នំពេញ​ក្រោន ដែល​ឈរ​នៅលេខ​១​ស្រាប់ មាន​៤០ពិន្ទុ ហើយ​ក្រុមវិសាខា ឈរ​នៅលេខ​២ មាន​៣៨ ពិន្ទុ ខណៈ​ក្រុមទាំង​២​នេះ នៅ​សល់​២​ប្រកួត​ទៀត​ដូចគ្នា។

យ៉ាងណា​ក៏​ដោយ តាម​រយៈ​លទ្ធផល និងពិន្ទុ​នៅពេល​នេះ អាច​បង្ហាញ​បាន​ថា ក្រុមភ្នំពេញក្រោន មាន​ប្រៀបខ្លាំង​ជាង វិសាខា ព្រោះ​បើនពួកគេ ដណ្តើម​បាន​៣ពិន្ទុ​លើកនេះ នោះ​ក្រុម​នេះ នឹង​ក្លាយ​ម្ចាស់​ជើងឯក ដោយស្វ័យប្រវត្តិ​តែ​មួយ បើទោះ​បីជា នៅសល់​១​ប្រកួត​ទៀត ជាមួយ ក្រុមបឹងកេត ក៏ដោយ ខណៈជំនួបនេះ គ្រូ​ភ្នំពេញក្រោន នឹង​ប្រយុទ្ធឱ្យពី​លទ្ធភាព ដោយ​ឈ្នះ​៣ពិន្ទុដ៏សំខាន់នេះ។

តាម​រយៈ​ក្លិប​ភ្នំពេញក្រោន ផ្ទាល់ លោក Oleg Starynskyi បាននិយាយ​ថា៖ ​«នេះជា​ការ​ប្រកួត​ក្រុម​ស្ថិត​នៅលេខ​រៀង​ទី​១ និងលេខ​២ ហើយ​ក្រុម​ដែល​ទទួលបាន​ជ័យជម្នះ ក្នុង​ការ​ប្រកួតនេះ នឹង​ក្លាយ​ជា​ជើងឯក ដូច្នេះ​សម្រាប់ក្រុម​យើង គឺ​ធ្វើ​ការ​ខ្លាំងណាស់ ដើម្បី​ការពារ តំបន់ដែល​យើងកំពុង​ឈរ ក្នុងពេល​នេះ ហេតុនេះ យើង​ទៅ​កីឡដ្ឋាន​របស់វិសាខា ដើម្បីចំណុច​មួយប៉ុណ្ណោះ គឺឈ្នះ​​៣ពិន្ទុ»។

លោក​បាន​បន្ថែម​ថា៖​ «យើងមិន​ខ្វល់​ពីគូប្រកួត​របស់​យើង នោះទេ។ វា​ដូច​ជាការ​ប្រកួត​ពីមុនមកអ៊ីចឹង គឺ​ទាំង​ការ​ប្រកួត​ជាមួយ​វិសាខា និងការ​ប្រកួតបន្ទាប់​ជាមួយបឹងកេត ​យើងមាន​គោល​បំណង​មួយ​ប៉ុណ្ណោះ គឺ​ដើម្បីជ័យជម្នះ ព្រោះ​ក្លិបមាន​មហិច្ឆតា ជាមួយនឹង​ប្រវត្តិ​របស់​ខ្លួន ហេតុ​នេះ​​កីឡាករទាំងអស់ ត្រូវតែ​មានការ​ជំរុញ នៃ​ភាព​ជោគ​ជ័យ ហើយប្រយុទ្ធឱ្យអស់ពី​លទ្ធភាព។ នេះជា​មូល​ហេតុ​ដែលខ្ញុំ​និយាយ​ថា យើង​ត្រូវតែ​ទទួល​យក​នៅ​សម្ពាធ​ទាំង​អស់ ហើយ​​យកថាមពល​ពី​វា ដើម្បីជ័យជម្នះ»។

ចំណែក​លោក Tunji Ayoyinka Akeeb បានអះអាង​​ថា វិសាខា បាន​ត្រៀម​ខ្លួន​គ្រប់យ៉ាង ដើម្បីទប់ទល់នឹង ភ្នំពេញក្រោន លើក​នេះ។​ «ពួក​យើង បានត្រៀម​ខ្លួន​រួចរាល់ ទាំងស្មារតី និង​កម្លាំង​កាយ ដើម្បី​ត្រៀមការ​ប្រកួត​ទល់​នឹង​ក្លិប​ភ្នំពេញក្រោន លើកនេះ។ កីឡាករ​​របស់យើងបាន​ខំប្រឹង​ហ្វឹកហាត់ខ្លាំងណាស់ ទាំងកម្លាំង និងបច្ចេកទេស ដើម្បីត្រៀមការ​ប្រកួតនេះ»។

លោកបានបន្ថែម​ថា៖ ​«ដូច​បង​ប្អូន បាន​លើកឡើង​ថា ការ​ប្រកួតនេះ ជាជំនួប​ដ៏​ធំ ប្រៀបដូច​វគ្គ​ផ្តាច់ព្រ័ត្រ គឺ​ច្បាស់ណាស់ ព្រោះវា​នឹង​ក្លាយជា​ការ​ប្រកួត​ដ៏​អស្ចារ្យមួយ ដែលសម្រេច​ថា តើក្រុមមួយណា នឹ​ង​​មាន​ភាគ​រយច្រើន ដើម្បីក្លាយ​ជា​ជើង​ឯកពាន​រង្វាន់​លីគកំពូល​កម្ពុជា នៅ​ឆ្នាំ​២០២១​នេះ»។

ដោយឡែក ក្រុម​ឈរ​នៅតំបន់កំពូល​តារាងទាំង​៨ ក៏​ត្រូវ​ប្រកួត​ប្រជែង​គ្នា នៅថ្ងៃ​នេះ ផងដែរ ខណៈ​ក្រុម​សូលទីឡូអង្គរ ត្រូវ​ស្វាគមន៍​ក្រុមខេត្តព្រៃវែង ដើម្បី​បង្រ្គប់ការ​ប្រកួត​លើក​ទី​១៦ របស់ពួកគេ ហើយនេះ​ក៏ជា​ការ​ប្រកួតកំណត់​ជោគវាសនា​របស់ សូលទីឡូអង្គរ ផង​​ដែរ ថាតើ​ពួកគេ អាច​ដណ្តើម៣ពិន្ទុ ដើម្បីអ៊ុតបាល់ឱកាស​ចុងក្រោយ​របស់​ខ្លួន នៅ​ក្នុងការ​ប្រកួត លើកទី​១៧ ឬ​ក៏​បន្ត​ចាញ់ និងត្រូវ​កាត់ចោល ឱ្យ​ទៅលេង នៅ​លីគ​ទី​២ វិញ ត្រឹម​ការ​ប្រកួត​លើក​នេះ ព្រោះពេលនេះ៕