ការប្រកួតបិទរដូវកាល លីគកំពូលកម្ពុជា ប្រចាំឆ្នាំ២០២១ នៅចុងសប្តាហ៍នេះ នឹងត្រូវធ្វើឡើង ដោយមានភាពទាក់ទាញខ្លាំង ក្រោមចំណុចសំខាន់២ គឺទាំងការប្រកួតដណ្តើមពាន និងការប្រជែងយកស្វែងជើងមាស ប្រចាំរដូវកាលនេះ សុទ្ធតែត្រូវសម្រេច នៅក្នុងការប្រកួតបិទរដូវកាលនេះដូចគ្នា។
ការកញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ រវាងក្រុមលេខ១ ភ្នំពេញក្រោន និងក្រុមលេខ២ វិសាខា វានៅតែមិនទាន់អាចកំណត់បានថា តើក្រុមណា នឹងក្លាយជាម្ចាស់ពាន នៅរដូវកាលនេះ ដ៏ពិតប្រាកដ? ខណៈជំនួប ដែលធ្វើឡើង កាលពីថ្ងៃសៅរ៍ នៅកីឡដ្ឋានព្រីនស៍ នោះ ពិតជាមានភាពក្តៅគគុក និងជក់ចិត្តខ្លាំង ប៉ុន្តែភាពសង្វេគចិត្ត ក៏បានកើតមានឡើង ផងដែរ នៅពេលខ្សែប្រយុទ្ធ រ៉ឹង ប៊ុនហៀង បានបាក់កជើងខាងស្តាំ ត្រូវបញ្ជូនទៅវះកាត់ ក្រោយប៉ះទង្គិចជាមួយប្រធានក្រុមភ្នំពេញក្រោន អ៊ន ចាន់ប៉ូលីន នោះ។
តាមរយៈការចែកគ្នាម្នាក់១ពិន្ទុនេះ វាបានផ្តល់ឱកាសផងដែរ សម្រាប់ក្រុមព្រះខ័នរាជស្វាយរៀង ដើម្បីអាចប្រជែងយកពាន ដោយប្រយោល នៅក្នុងការប្រកួតបិទរដូវកាល ព្រោះការការយកឈ្នះ ក្រុមគិរីវង់សុខសែនជ័យ កាលពីថ្ងៃសៅរ៍នោះដែរ បានធ្វើឱ្យ ក្រុមស្វាយរៀង នៅពេលនេះ មាន៣៩ពិន្ទុ ស្មើជាមួយ វិសាខា ខណៈក្រុមភ្នំពេញក្រោន មាន៤១ពិន្ទុ គឺត្រូវរង់ចាំការប្រកួតកាត់សេចក្តី នៅក្នុងជំនួបបិទរដូវកាលដូចគ្នា។
តែទោះបីជាយ៉ាងណា ក្រុមភ្នំពេញក្រោន ដែលកំពុងឈរនៅលេខ១ស្រាប់នោះ មានភាគរយខ្ពស់ជាង ក្នុងការប្រជែងយកពាន នៅរដូវកាលនោះ គឺមានន័យថា បើសិនជា ពួកគេ អាចបន្តរកបាន៣ពិន្ទុ នៅក្នុងជំនួបចុងក្រោយជាមួយក្រុមបឹងកេត នោះពួកគេ នឹងក្លាយជាម្ចាស់ជើងឯក ដោយមិនចាំបាច់ខ្វល់ នឹងលទ្ធផលនៃការប្រកួតរបស់ក្រុមវិសាខា និងក្រុមស្វាយរៀង នោះទេ។
បន្ថែមទៅលើ ការទន្ទឹងរង់ចាំអ៊ុលមើល ក្រុមដែលអាចក្លាយជាម្ចាស់ជើងឯកនេះ គឺការប្រកួតប្រជែងដណ្តើមយកស្បែកជើងមាស នៅរដូវកាលនេះ ក៏មានវិលមករកភាពទាក់ទាញខ្លាំងផងដែរ ព្រោះការរកបាន៤គ្រាប់តែម្នាក់ឯង របស់ខ្សែប្រយុទ្ធ Privat ពេល ក្រុមស្វាយរៀង លត់ក្រុមគិរីវង់ ៦-០ នោះ បានធ្វើឱ្យខ្សែប្រយុទ្ធកាមេរ៉ូនរូបនេះ មានគ្រាប់បាល់សរុបចំនួន១៩គ្រាប់ គឺតិចជាងខ្សែប្រយុទ្ធរបស់ណាហ្គាវើលដ៍ Marcio ត្រឹម១គ្រាប់ប៉ុណ្ណោះ។
នៅមុនការប្រកួត កាលពីថ្ងៃសៅរ៍នោះ Marcio ត្រូវបានគិតថា នឹងឈ្នះស្បែកជើងមាស នៅរហូតកាលនេះ តាមរយៈការរកបាន២០គ្រាប់របស់គេ ប៉ុន្តែការមិនអាចរកបានគ្រាប់បាល់បន្ថែម នៅពេលក្រុមណាហ្គាវើលដ៍ យកឈ្នះក្រុមទ័ព ៣-១ កាលពីថ្ងៃសៅរ៍នោះ បានធ្វើឱ្យ Privat រកបានគ្រាប់បាល់ជិតតាមស្មើវិញ ហេតុនេះអ្នកឈ្នះបានស្បែកជើងមាស ក្នុងនាមជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេនោះ នឹងត្រូវសម្រេច នៅក្នុងការប្រកួតបិទរដូវកាលនេះដូចគ្នា។
យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតប្រជែងរវាងក្រុមចំណាត់ថ្នាក់ ទាំង៥ក្រុមក្រោម ដើម្បីរកក្រុមមានពិន្ទុតិចជាងគេ ដែលត្រូវកាត់ចោលនោះ វាបានបង្ហាញច្បាស់ហើយហើយ គឺក្រុមសូលទីឡូអង្គរ ត្រូវកាត់ចេញពីលីគកំពូលកម្ពុជា នៅឆ្នាំនេះ ដោយធ្លាក់ទៅលេង នៅលីគទី ២ វិញ សម្រាប់ឆ្នាំ ២០២២ វិញ ព្រោះការបានត្រឹមលទ្ធផលស្មើ ១-១ ជាមួយក្រុមខេត្តព្រៃវែង កាលពីថ្ងៃសៅរ៍នោះ បានបញ្ជាក់ថា ក្រុមដែលបង្កើតឡើងដោយលោក Keisuke Honda មួយនេះ ត្រូវឈរនៅបាតតារាង ប្រចាំរដូវកាលនេះតែម្តង៕