ក្រុមអគ្គិសនីកម្ពុជា ដែលមានគោលការណ៍ប្រើកីឡាករខ្មែរសុទ្ធ តាំងពីដើមទីមកនោះ បានប្តេជ្ញាចិត្តរួមគ្នាថា ត្រូវខំប្រឹងយ៉ាងណា យកឈ្នះក្រុមម្ចាស់ផ្ទះ ភ្នំពេញក្រោន សម្រាប់ការប្រកួតជម្រុះវគ្គ៨ក្រុមចុងក្រោយពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ជាតិ ឆ្នាំ២០២១ នៅល្ងាចម៉ោង៦ ថ្ងៃនេះ ចំណែកក្រុមអង្គរថាយហ្គឺរ ក៏មានរំពឹងថា អាចសម្រេចបំណង ក្នុងការឈានទៅកាន់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ សម្រាប់ការជួបក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង នៅម៉ោង ជាមួយគ្នានេះដូចគ្នា។
គ្រូបង្វឹកក្រុមអគ្គិសនីកម្ពុជា លោក មាស សំអឿន បានទទួលស្គាល់ថា ភ្នំពេញក្រោន ជាក្រុមខ្លាំង បើទោះបីជាពួកគេ ត្រូវប្រើប្រាស់កីឡាករខ្មែរសុទ្ធ នៅក្នុងការប្រកួតពានសម្តេចនេះ ប៉ុន្តែដោយសារ ភ្នំពេញក្រោន ត្រូវប្រកួតកាត់សេចក្តី ក្នុងលីគកំពូលកម្ពុជា នៅចុងសប្តាហ៍នេះ ដើម្បីប្រជែងយកពាន ដោយប្រយោលជាមួយក្រុមព្រះខ័នរាជស្វាយរៀង និងវិសាខា នោះ លោក សំអឿន បានគិតថា ភ្នំពេញក្រោន អាចនឹងមិនដាក់កីឡាករល្អៗឱ្យចូលលេងទាំងអស់ ពេលជួបក្រុមលោក នៅថ្ងៃនេះទេ។
លោក មាស សំអឿន បាននិយាយថា៖ «ភ្នំពេញក្រោន ជាក្រុមមានគុណភាពលេងល្អ ដោយសារពួកគេ បានឆ្លងកាត់ការហ្វឹកហាត់ ចេញពីក្រុមថ្នាល ហើយពួកគេ ព្រមទាំងមានបទពិសោធលេង និងការយល់ចិត្តគ្នាច្បាស់ ប៉ុន្តែខ្ញុំគិតថា ភ្នំពេញក្រោន អាចនឹងប្រឈមទៅនឹងការពិបាក ក្នុងការដាក់កីឡាករលេងជាមួយពួកយើង ព្រោះបន្ទាប់ពីការប្រកួតនេះទៅ ពួកគេ នៅមានការប្រកួតដ៏សំខាន់ ដែលជាការដណ្តើមជើងឯក នៅលីគកំពូល នាចុងសប្តាហ៍នេះ»។
អតីតគ្រូបង្គោលក្រុមបៀលប្រាយ លោក មាស សំអឿន បានបន្តថា៖ «បើសិនជា ភ្នំពេញក្រោន ដាក់កីឡាករល្អៗ១០០ភាគរយ ឱ្យលេងជាមួយយើង គឺពួកគេ អាចនឹងមានបញ្ហា ពេលប្រកួតនៅលីគកំពូល ប៉ុន្តែក្រុមយើង ផ្តោតតែទៅលើការប្រកួតនេះមួយទេ គឺយើងនឹងព្យាយាមលេង ១០០ភាគរយ ហើយគ្រប់គ្នានៅក្រុម បានប្តេជ្ញាចិត្តថា ត្រូវប្រឹងប្រែង ឆ្លងឱ្យផុតវគ្គនេះ ចំណែកគុណភាពលេងរបស់យើង ខ្ញុំគិតថា មិនស្ថិតនៅក្រោមភ្នំពេញក្រោន នោះទេ បើទោះបីជា ក្រុមនេះ សម្រេចដាក់កីឡាករល្អៗ ចូលលេងពេញជើង ជាមួយក្រុមយើង ក៏ដោយ»។
ជាមួយគ្នានេះ ក្រុមអង្គរថាយហ្គឺរ ដែលត្រូវជួបក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយ នៅកីឡដ្ឋានខេត្តស្វាយរៀង នៅល្ងាចម៉ោង៦នេះដែរ ក៏រំពឹងថា នឹងអាចធ្វើបានល្អ ដើម្បីឆ្លងផុតទៅលេងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ បើទោះបីជាពួកគេ ដឹងថា ស្វាយរៀង ជាក្រុមខ្លាំង និងធ្លាប់ឈ្នះពាន ក្នុងព្រឹត្តិការណ៍នេះ បានច្រើនជាង (៤ដង) និងជើងរងចំនួន៣ដងទៀត ប៉ុន្តែអង្គរថាយហ្គឺរ ជឿថា ពួកគេអាចសម្រេចក្តីស្រម៉ៃ ក្នុងការឡើងទៅវគ្គបន្តនេះបាន។
តាមរយៈក្លិបអង្គរថាយហ្គឺរផ្ទាល់ ខ្សែការពារ តាំង ពិសី បាននិយាយថា៖ «ស្វាយរៀង ជាក្រុមធំមួយ ដែលមានកីឡាករសម្បូរបទពិសោធច្រើន ជាពិសេសពួកគេ ធ្លាប់បានឈ្នះពាននេះរួចមកហើយ តែពួកយើង ក៏បានរៀបចំក្រុមរួចជាស្រេច សម្រាប់ការប្រកួតនេះ»។
កីឡាកររបស់ក្រុមអង្គរថាយហ្គឺរ រូបនេះ បានបន្ថែមថា៖«កីឡាករនីមួយៗ បានត្រៀមខ្លួនយ៉ាងល្អ និងមានឆន្ទៈ ចង់ឈ្នះការប្រកួតនេះ ហើយខ្ញុំយល់ថា វាអាចទៅរួច ដែលយើងនឹងទៅជុំបន្ត ដោយអាស្រ័យទៅលើការរៀបចំ និងរបៀប ដែលយើងនឹងលេងនៅលើទីលាន ជាពិសេសការសហការគ្នាជាក្រុម។ ខ្ញុំគិតថា យើងអាចធ្វើវាបាន»៕