បរទេស៖ ក្លិប​បិសាចក្រហម Manchester United កំពុង​តែ​ពិចារណា​ទៅលើ​បេក្ខ​ភាព​​គ្រូបង្វឹក ក្នុងនោះ​រាប់​បញ្ចូល​ទាំង​លោក Zinedine Zidane, Mauricio Pochettino, Erik ten Hag, Luis Enrique និងលោក Brendan Rodgers ផង​ដែរ ដើម្បី​ចូល​កាន់តំណែង​ចាប់​ពី​រដូវ​កាលក្រោយ​ត​ទៅ ក្រោយពីការ​បណ្តេញ​លោក Ole Gunnar Solskjær ចេញ​ពី​តំណែង​។

លោក Solskjær បាន​បាត់បង់​ការ​ងារ​របស់​លោក ក្នុង​ពេល​សល់​ពេល​ត្រឹម​តែ​១​ខែ​ទៀត​ប៉ុណ្ណោះមុន​នឹង​ឈាន​ដល់​ខួប​រយៈពេល​៣​ឆ្នាំ​របស់​លោក​ក្នុងនាម​ជា​​អ្នក​ចាត់​ការ​ទូទៅ ក្រោយពី​ការ​រង​បរា​ជ័យ​ក្នុងលទ្ធផល ៤-១ នៅលើ​ទឹក​ដីក្រុម Watford កាលពីថ្ងៃ​សៅរ៍​។ នៅ​ថ្ងៃ​អាទិត្យ គ្រូបង្វឹក​សញ្ជាតិ​ន័រ​វែស​រូបនេះ បាន​​ផ្តល់​កិច្ច​សម្ភាស​ចុងក្រោយ​របស់​លោក​ដ៏​គួរ​ឲ្យ​រំ​ជួល​ចិត្ត ទៅកាន់​ក្លិប​នេះ ស្រប​ពេល​ដែល​ទឹក​ភ្នែក​បាន​ស្រក់​ចេញ​ពី​ភ្នែក​របស់​លោក ហើយ Man United ក៏​បាន​ចាប់​ផ្តើម​​ស្វែង​រក​គ្រូបង្វឹក​បណ្តោះ​អាសន្ន​ម្នាក់ ដើម្បី​ចូល​កាន់​តំណែង​រហូតដល់​បញ្ចប់​រដូវ​កាល​នេះ​។

មិនមាន​ពេល​កំណត់​ទាក់ទង​នឹង​ការ​តែង​តាំងឡើយ ហើយ​លោក Michael Carrick ដែល​ជា​បុគ្គ​លិក​​គ្រូ​បង្វឹក​របស់​លោក Solskjær នឹង​ដឹកនាំ​ក្រុម​ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​ចែកពូល​នៅ​រាត្រីថ្ងៃ​អង្គារ នៅលើ​ទឹកដីក្រុម Villarreal ហើយ​និ​ង​បន្ត​ដឹកនាំ​ក្រុមនេះ រហូត​ទាល់​តែ​រក​ឃើញគ្រូបង្វឹក​ថ្មី​ម្នាក់​។​ លោក Ralf Rangnick ប្រធានផ្នែក​កីឡា និង​អភិវឌ្ឍ​របស់​ក្លិប Lokomotiv Moscow ក៏​អាច​ជា​បេក្ខ​ភាព​ម្នាក់​ផង​ដែរ​៕

 

ប្រភព​ព័ត៌​មាន៖ The Guardian