បរទេស៖ លោក Thomas Tuchel អ្នកចាត់ការទូទៅរបស់ Chelsea នឹងបង្ខំចិត្តធ្វើការសម្រេចចិត្តចុងក្រោយលើកីឡាកររូបណាដែលត្រូវចូលលេង ក្នុងនោះរាប់បញ្ចូលទាំងខ្សែប្រយុទ្ធ Romelu Lukaku ផងដែរ សម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League វគ្គចែកពូលជាមួយនឹងក្រុម Juventus ប៉ុន្តែ លោកបានបញ្ជាក់កាលពីថ្ងៃចន្ទថា ខ្សែបម្រើដ៏មានឥទ្ធិពល Jorginho នឹងចូលលេង ក្រោយពីត្រូវបានប្តូរចេញពេលប្រកួតជាមួយ Leicester City កាលពីចុងសប្តាហ៍មុន។
Lukaku មិនបានចូលលេងសោះ បើគិតចាប់តាំងពីររបួសកជើងក្នុងពេលក្រុមខ្លួនបានយកឈ្នះលើក្រុម Malmo ក្នុងលទ្ធផល ៤-០ កាលពីខែមុន ប៉ុន្តែត្រូវបានរំពឹងទុកថា នឹងវិលចូលលេងវិញ ពេលប្រកួតជាមួយនឹងក្រុម Juventus របស់អ៊ីតាលី នៅរាត្រីនេះ។ លោក Tuchel បានប្រាប់អ្នកយកព័ត៌មានថា៖ «ខ្ញុំមិនប្រាកដជាមួយនឹង Lukaku នៅឡើយទេ។ រូបគេហាក់មិនអីក្នុងពេលហ្វឹកហាត់ម្សិលមិញ។ យើងនឹងរងចាំមើលពីប្រតិបត្តិនេះ។ រូបគេមានការណាត់ជួបគ្នាមួយជាមួយនឹងគ្រូពេទ្យ និងពេទ្យផ្នែកកាយសម្បទា។ នាទីចុងក្រោយនឹងក្លាយជាពេលវេលាដ៏សំខាន់បំផុត»។
ក្រុមម្ចាស់ការពារជើងឯក Chelsea ដែលបានរងបរាជ័យក្នុងលទ្ធផល ១-០ កាលពីជើងមុនក្នុងខែកញ្ញា កំពុងតែដេញតាមពីក្រោយ Juventus ៣ពិន្ទុ ក្រោយពីការប្រកួត៤លើកក្នុងពូល H។ ក្រុមតោខៀវមួយនេះ ត្រូវការត្រឹមតែ១ពិន្ទុប៉ុណ្ណោះ ពីការប្រកួតនៅកីឡដ្ឋាន Stamford Bridge ដើម្បីកក់កៅអីរបស់ខ្លួនទៅវគ្គ១៦ក្រុមចុងក្រោយ៕
ប្រភពព័ត៌មាន៖ Channel News Asia