បរទេស៖ លោក Michael Carrick បានបញ្ជាក់កាលពីថ្ងៃចន្ទថា លោកកំពុងតែរីករាយនឹងការទទួលបាន «សិទ្ធិពិសេស» ក្នុងការដឹកនាំក្រុម Manchester United ជាបណ្តោះអាសន្ន ខណៈដែលប្រធានក្រុម Harry Maguire បានទាទារឲ្យកីឡាករទទួលខុសត្រូវចំពោះការទទួលបានលទ្ធផលដ៏ខកចិត្តជាបន្តបន្ទាប់ ដែលនាំឲ្យលោក Ole Gunnar Solskjaer រងការបណ្តេញចេញ។
លោក Solskjaer ត្រូវបានបណ្តេញចេញកាលពីថ្ងៃអាទិត្យ ក្រោយពីការជួបលទ្ធផលឈ្នះតែ១លើកគត់ក្នុងចំណោមការប្រកួត៧លើកចុងក្រោយក្នុងក្របខ័ណ្ឌ Premier League ក្នុងរាប់បញ្ចូលទាំងការចាញ់ក្រុម Leicester, Liverpool, Manchester City និង Watford ផងដែរ។ លោក Carrick វ័យ៤០ឆ្នាំ គឺជាសមាជិកក្នុងក្រុមបុគ្គលិកគ្រូបង្វឹករបស់គ្រូបង្វឹកសញ្ជាតិន័រវែសរូបនេះ ប៉ុន្តែនឹងចូលកាន់តំណែងបណ្តោះអាសន្ន ក្នុងពេលដែលក្លិបកំពុងធ្វើការលើផែនការតែងតាំងអ្នកចាត់ការទូទៅបណ្តោះអាសន្នម្នាក់ រហូតដល់បញ្ចប់រដូវកាលនេះ។
លោក Carrick ដែលបានឈ្នះពានជាច្រើនក្នុងនាមជាកីឡាកររបស់ក្លិប Man United នៅចន្លោះឆ្នាំ២០០៦ និង២០១៨នោះ បានឲ្យដឹងថា៖ «ការឃើញលោក Ole បាត់បង់ការងារកាលពីម្សិលមិញ ពិតជារឿងដ៏ខកចិត្តសម្រាប់ខ្ញុំ និងសម្រាប់គ្រប់គ្នាក្នុងក្លិបនេះ។ វាជាសិទ្ធិពិសេសមួយសម្រាប់ខ្ញុំក្នុងការអង្គុយនៅកន្លែងនេះ ហើយខ្ញុំយល់ច្បាស់ពីកម្រិតសមត្ថភាពដែលតម្រូវសម្រាប់តំណែងនេះ»៕
ប្រភពព័ត៌មាន៖ Channel News Asia