កីឡាករ​ជើង​ចាស់ ប្រាក់ មន្នីឧត្តម របស់​ក្រុម​ព្រះខ័នរាជស្វាយរៀង ត្រូវ​បាន​កោះ​ហៅ​ឱ្យ​ចូល​រួមជាមួយ​ក្រុមជម្រើសជាតិ​កម្ពុជា ជាថ្មី​ឡើង​វិញ បន្ទាប់ពី​គ្មាន​ឈ្មោះ សម្រាប់​ការ​ចេញ​ទៅ​បំពេញបេសកកម្ម កាលពី​ពេល​ថ្មី កន្លង​មកនេះ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​របស់បឹងកេត ម៉ាត់ នូរុណ នៅ​តែបន្ត​​អនុវត្តមាន នៅ​ក្នុង​បញ្ជី​ឈ្មោះ​ក្រុម​ជម្រើសជាតិ ដដែល។

យោងតាម​បញ្ជីឈ្មោះ​ក្រុមជម្រើសជាតិ ដែល​ចេញ​ដោយសហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​បង្ហាញ​ថា កីឡាករ​ចំនួន​៣០នាក់ មកពី​ក្លិបចំនួន​៨ រួម​មាន វិសាខា ភ្នំពេញ​ក្រោន បឹងកេត ព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៍ កង​យោធពល​ខេមរភូមិន្ទ ខេត្ត​ព្រៃវែង និង​ក្រុម​អគ្គិសនី​កម្ពុជា ត្រូវបាន​កោះ​ហៅ ដើម្បីត្រៀម​ចូល​រួមការប្រកួតពាន​រង្វាន់ AFF Suzuki Cup 2020 ដែលនឹងត្រូវ​ធ្វើ​នៅ​ប្រទេស​សិង្ហបុរី ចាប់ពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២២។

កីឡាករ​ជើង​ចាស់​សម្បូរបទពិសោធមួយចំនួន​ដូចជា គួច សុកុម្ភៈ, សុះ ស៊ូហណា, កែវ សុខផេង, អ៊ន ចាន់ប៉ូលីន, សារ៉េត គ្រីយ៉ា, សឿយ វិសាល និង​ប្រាក់ មុន្នីឧត្តម ជាដើម សុទ្ធ​តែ​មាន​ឈ្មោះ នៅ​ក្នុង​បញ្ជី​ឈ្មោះ​ក្រុមជម្រើសជាតិ ​ទាំង​៣០​នាក់​លើក​នេះ ហើយ​ប្រាក់ ធីវ៉ា ក៏ត្រូវ​បាន​​​កោះ​ហៅ​ឱ្យ​ចូល​រួម​ផងដែរ ប៉ុន្តែ​នៅ​ក្នុង​បញ្ជីឈ្មោះនេះ គ្មាន​វត្តមាន ម៉ាត់ នូរុណ នោះ​ទេ ហើយ គួច ដានី ដែល​ធ្លាប់មាន​ឈ្មោះ ក៏​មិន​មាន​នោះ​ដែរ។

គួរ​បញ្ជាក់​ថា សម្រាប់​ការប្រកួតពាន​រង្វាន់ AFF Suzuki Cup 2020 ដែល​បាន​លើក​មក​ធ្វើ​នៅ​ឆ្នាំ​២០២១ និង​ដើម​ឆ្នាំ​២០២២​នេះ ក្រុម​ជម្រើសជាតិ​កម្ពុជា ឈរ​នៅពូល​B ជាមួយ​​ក្រុម​វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ឡាវ ខណៈ​ពូល​A មាន​ថៃ ក្រុម​ម្ចាស់​ផ្ទះ​សិង្ហបុរី ហ្វីលីពីន មីយ៉ាន់ម៉ា និង​ទីម័រខាងកើត៕