បរទេស៖ បញ្ហា​នៅក្រៅ​ទីលាន​របស់​ក្លិប Bayern Munich ជុំ​វិញ​ភាព​ជ្រួល​ច្របល់​នៃមហាសន្និ​បាត​ប្រចាំ​ឆ្នាំ និង​ការ​ពិភាក្សា​លើ​ការ​ចាក់​វ៉ាក់​សាំង ស្រប​ពេល​ដែល​កីឡាករ​ជាច្រើន​កំពុង​ស្ថិតក្នុង​ចត្តា​ឡីស័ក អាច​ធ្វើ​ឲ្យ​ក្រុម Borussia Dortmund មាន​ប្រៀប​ក្នុង​ជំនួប​ក្រប​ខ័ណ្ឌ Bundesliga នៅ​ចង​សប្តាហ៍នេះ​​។ នេះបើយោង​ទៅ​តាមការលើក​ឡើង​​​របស់អតីត​ប្រធាន​ក្រុមនៃក្រុម​​ជម្រើស​ជាតិ​អាល្លឺម៉ង់លោក Lothar Matthaeus កាលពីថ្ងៃព្រហស្បតិ៍​។

សមា​ជិក​ជាច្រើន​របស់ក្លិប Bayern កាលពីសប្តាហ៍​មុន បាន​ធ្វើការ​តវ៉ានៅ AGM ប្រឆាំង​នឹង​កិច្ច​ព្រមព្រៀងធ្វើ​ជាម្ចាស់​​ឧបត្ថម្ភ​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍ Qatar Airways ជុំ​វិញ​កំណត់​ត្រានៃការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​ប្រទេស​អាស៊ី​កណ្តាល​មួយនេះ ស្រប​ពេល​ដែល​កីឡាករ​​ចំនួន​៦នាក់ បាន​ស្ថិតក្នុង​ចត្តា​ឡីស័ក ទាក់ទង​នឹង​វីរុសកូវីដ ១៩​។ កីឡាករ​ភាគច្រើន​ដែល​ជាប់ចត្តា​ឡីស័ក បាន​វិល​ទៅកាន់ក្រុម​​នេះវិញ ប៉ុន្តែ​ខ្សែ​បម្រើ Joshua Kimmich នឹង​អវត្តមាន​ក្នុងការ​ប្រកួតនៅ​រាត្រីថ្ងៃសៅរ៍ ដោយ​សារ​តែ​​ជាប់​ធ្វើ​ចត្តា​ឡីស័ក ក្រោយពី​តេស្ត​ឃើញ​លទ្ធផល​វិជ្ជ​មាន​​វីរុស​កូវីដ ១៩​។

ខ្សែ​បម្រើ​អន្តរ​ជាតិ​អាល្លឺម៉ង់ Kimmich ដែលមិនបាន​ចាក់​វ៉ាក់សាំង បាន​ស្ថិតចំ​ចំណុចកណ្តាលនៃការ​ពិភាក្សា​​លើការ​ចាក់​វ៉ាក់សាំង​កីឡាករ ក្នុងក្រប​ខ័ណ្ឌ Bundesliga​។ លោក Matthaeus សមា​ជិក​ក្រុម​ជម្រើស​ជាតិអាល្លឺម៉ង់ ដែលបាន​ឈ្នះពាន World Cup ឆ្នាំ​១៩៩០ បាន​ឲ្យដឹង​ថា៖ «Bayern មាន​បញ្ហា​​ជាច្រើន ពួកគេអវត្តមាន Kimmich ហើយ​មានកិច្ច​ពិភាក្សា​ជាច្រើន​ជុំ​វិញ​ក្រុមនេះ ហើយ​ប្រហែល​ជាពួកគេមិនមានការ​ផ្តោត​អារម្មណ៍​ដូច​ពីមុនឡើយ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia