បរទេស៖ ក្រុមម្ចាស់ផ្ទះសិង្ហបុរី បានចាប់ផ្តើមយ៉ាងល្អ ក្នុងការប្រកួតបើកឆាកនៃព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំ២០២០ ខណៈដែលខ្សែប្រយុទ្ធ Ikhsan Fandi បានស៊ុតបាល់បញ្ចូលទី២គ្រាប់ ក្នុងពេលក្រុមខ្លួនបានផ្តួលក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ក្នុងលទ្ធផល៣-០ នាកីឡដ្ឋាន National Stadium កាលពីថ្ងៃអាទិត្យ។
នៅពីមុខអ្នកគាំទ្រប្រមាណជា៧៥៨៨នាក់ គ្រាប់បាល់ស៊ុតបញ្ចូលទីនៅតង់ទី១ពីកីឡាករ Ikhsan និងខ្សែការពារ Safuwan Baharudin បានជួយឲ្យក្រុមសិង្ហបុរី ឡើងទៅឈរលេខ១ក្នុងពូល ជាបណ្តោះអាសន្ន។ ក្នុងការប្រកួតពូល A ដូចគ្នា ក្រុមជម្រើសជាតិថៃ បានយកឈ្នះលើក្រុមជម្រើសជាតិទីម័រ ក្នុងលទ្ធផល ២-០ ដើម្បីដណ្តើមបាន៣ពិន្ទុដូចគ្នាពីការប្រកួតបើកឆាករបស់ខ្លួន។
ដោយឡែក ក្រុមជម្រើសជាតិកម្ពុជា នឹងចាប់ផ្តើមយុទ្ធនាការ AFF Suzuki Cup របស់ខ្លួន នៅពេលដែលពួកគេធ្វើដំណើរទៅប្រកួតជាមួយនឹងក្រុមជម្រើសជាតិម៉ាឡេស៊ី នាកីឡដ្ឋាន Bishan ចាប់ពីម៉ោង ៤:៣០ រសៀលតទៅ។ ក្នុងការប្រកួតមួយគូទៀតក្នុងពូល B ដូចគ្នានេះ ក្រុមម្ចាស់ការពារជើងឯក វៀតណាម នឹងត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិឡាវ ចាប់ពីម៉ោង ៧:៣០ យប់តទៅ៕
ប្រភពព័ត៌មាន៖ Channel News Asia
 
                

