ក្រុមម្ចាស់​ផ្ទះ​សិង្ហបុរី និង​ក្រុមជម្រើសជាតិ​ថៃ សុទ្ធតែ​ទទួលបាន​ជ័យជម្នះ នៅ​ក្នុងការ​ប្រកួត​បើក​ឆាក ប្រចាំពូល​A ​នៃ​ពានរង្វាន់ AFF Suzuki Cup 2020 កាល​ពី​ថ្ងៃ​អាទិត្យ ចំណែក​ក្រុម​ជម្រើសជាតិ​កម្ពុជា នឹង​ត្រូវ​​ប្រកួត​បើកឆាក​ប្រចាំ​ពូ​ល ​B ជាមួយ​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី នា​រសៀល​ម៉ោង ៤:៣០ ថ្ងៃ​ចន្ទ​នេះ គឺ​មុនពេល​ក្រុម​ឡាវ ត្រូវ​ប្រឈម​ជាមួយ​ក្រុម​ជើងឯក វៀតណាម ហើយ​ការប្រកួត​នេះ មានការ​ផ្សាយ​បន្ត​ផ្ទាល់ តាម​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស​។​

​          បើទោះបីជា ក្រុម​ធំ​ជម្រើសជាតិ​កម្ពុជា មិន​ធ្លាប់មាន​ប្រវត្តិ​ឈ្នះ​ក្រុម​ម៉ាឡេស៊ី នៅក្នុង​ការប្រកួត​ពាន​រង្វាន់ AFF Suzuki Cup នេះ ហើយ​ពួកគេ ​ប្រមូលផ្តុំ​ហ្វឹកហាត់ ជុំ​គ្នាបាន​​រយៈពេល​ខ្លី ហើយ​ថែមទាំង មិនបាន​ប្រកួត​មិត្តភាព​ដកស្រង់​បច្ចេកទេស ប៉ុន្តែ​គ្រូ​បង្គោល​លោក Ryu Hiros នៅតែ​មានការ​រំពឹងថា កូនក្រុម​របស់លោក នឹង​លេង​បានល្អ ពេល​ជួប ម៉ាឡេស៊ី លើក​នេះ​។​

គ្រូបង្វឹក​ជនជាតិ​ជប៉ុន លោក Ryu Hiros បាន​និយាយ នៅក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃ​សៅរ៍​ថា​៖ «​យើង​បាន​ជួបប្រទះ​ការលំបាក​ជាច្រើន នៅក្នុង​អំឡុង​ពេល​មាន​ជំងឺ​រាតត្បាត ដោយ​ក្រុម​នេះ មិនមាន​ការប្រកួត​មិត្ត​ភាព​ទេ ប៉ុន្តែ​យើង​រំពឹងថា កីឡាករ​ទាំង​យុវជន និង​កីឡាករ ដែលមាន​បទពិសោធ​ច្រើន ពី​ការប្រកួត​អន្តរជាតិ នឹង​បង្ហាញ​ការលេង​ល្អ និង​ភាពស៊ីចង្វាក់​គ្នា​បានល្អ សម្រាប់​ការប្រកួត​នេះ​»​។​

យោងតាម​ប្រវត្តិ និង​កំណត់ត្រា នៃ​ការជួបគ្នា​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ម៉ាឡេស៊ី នៅក្នុង​ពានរង្វាន់ AFF Suzuki Cup នេះ ដែល​ចេញ​ដោយ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា តាំងពី​ឆ្នាំ ​១៩៩៦​ មក បាន​បង្ហាញ​ថា កម្ពុជា មិន​ធ្លាប់​ឈ្នះ​​ក្រុម​ម៉ាឡេស៊ី នោះ​ទេ គឺ​ពួក​គេ  បាន​ចាញ់ សម្រាប់​ការប្រកួត​ទាំង​៣​លើក គឺ​បាន​ចាញ់ ៣-០ កាលពី​ឆ្នាំ​ ២០០០ រួច​បន្ត​ចាញ់ ៣-២ កាល​ឆ្នាំ​ ២០១៦ ហើយ​ការជួបគ្នា​លើកចុងក្រោយ ក្នុង​ពាន​នេះ កាល​ឆ្នាំ​ ២០១៨ កម្ពុជា បាន​បន្ត​ចាញ់ ១-០។

យ៉ាងណាក៏ដោយ គ្រូបង្គោល​ក្រុម​ម៉ាឡេស៊ី លោក Tan Cheng Hoe ​បាន​ប្រាប់កាសែត New Straits Times នៅមុន​ពេល ការធ្វើដំណើរ​មកដល់​ប្រទេស​សិង្ហ​បុរី​នេះ ថា​៖ «​ការជួប​កម្ពុជា មិន​ងាយស្រួល​ដូច​អ្នកគាំទ្រ​គិត​នោះទេ ព្រោះ​ពួកគេ​លេង​បានល្អ​ណាស់ ក្រោម​ការដឹកនាំ​របស់ គ្រូបង្វឹក​ជនជាតិ​ជប៉ុន​។ ​បាល់ទាត់​កម្ពុជា កំពុង​រីកចម្រើន​នាពេល​ថ្មីៗ​នេះ ហើយ ចាន់ វឌ្ឍនាកា ក៏​ជាប់​ឈ្មោះ​ឡើងមក​ដែរ ដែល​យើង​ត្រូវតែ​យកចិត្តទុកដាក់​។ ​ខ្ញុំ​មិន​ចង់ឱ្យ​កីឡាករ មាន​ទំនុកចិត្ត​ខ្លាំងពេកនោះទេ ក្នុងការ​ប្រកួត​បើកឆាក​នោះទេ គឺ​ពួកគេ​ត្រូវតែ​ផ្តោតលើ​ការ​លេង​តាម​ការណែនាំ​»​។​

តែទោះបីជា​យ៉ាង​ណា នៅ​ក្នុងសន្និសិទកាសែត​រួមគ្នា​​រវាង​ក្រុមទាំង​៤ ដែល​ឈរ​នៅពូល​B កាលពី​ថ្ងៃសៅរ៍ កន្លងមកនេះ លោក Tan Cheng Hoe បាន​លាក់បាំង​នៅ​ក្តីបារម្ភនេះ ដោយ​ប្តូរ​មក​ជា​និយាយ​ថា ក្រុម​របស់លោក នឹង​ដណ្តើមបាន​លទ្ធផល​ល្អ ពី​ការប្រកួត​នេះ ដើម្បីឱ្យ​ស័ក្តិសម​ទៅនឹង​ទំនុកចិត្ត​របស់​អ្នកគាំទ្រ ដែលមាន​ចំពោះ​ក្រុម​នេះ។

លោក Tan Cheng Hoe បាន​និយាយថា​៖ «​អ្នកគាំទ្រ ម៉ាឡេស៊ី ជាច្រើន​មានការ​រំពឹងទុក​ខ្ពស់ ពី​ពួកយើង ដូច្នេះ​សង្ឃឹមថា អ្នកនឹង​រីករាយ​ជាមួយ​ការ​ប្រកួត​នេះ ជាមួយ​ក្រុម​ម៉ាឡេស៊ី​។ យើង​បាន​ប្រមូលផ្តុំ នៅ​គូ​ឡា​ឡាំ​ពួមួយរយៈ ហើយ​ក៏មាន​បញ្ហា​ខ្លះ​ដែរ ប៉ុន្តែ​ក្រុម​ទាំងមូល នឹង​រក្សា​ការ​ផ្តោតអារម្មណ៍ និង​សុទិដ្ឋិនិយម ក្នុង​គ្រប់​កាលៈទេសៈ​ទាំងអស់ ហើយ​ព្យាយាម​​រក្សា​លំនឹង​ក្រុម​ឱ្យ​ល្អ សម្រាប់​ការ​ប្រកួត​បើកឆាក​នឹង​កម្ពុជា​»​។​

ដោយ​ឡែក​ក្រុម​ការពារ​តំណែង​ជើង​ឯក វៀតណាម ក៏បាន​បង្ហាញ​កង្វល់​ផង​ដែរ សម្រាប់​ការ​ប្រកួតនេះ។ គ្រូ​បង្គោល លោក Park Hang-seo  ដែល​ត្រូវដឹកនាំ​ក្រុម​វៀតណាម ជួប​ក្រុម​ឡាវ នៅ​ល្ងាច​នេះ បាន​និយាយ​ថា៖​«យើង​ទើប​តែ​បាន​លេង​៦​ប្រកួត ​ក្នុង​ការ​ប្រកួត​ជម្រុះ​ជុំ​ទី​៣ ​នៃពាន World Cup ដោយ​យើងរកពិន្ទុមិនបានសោះ   ហើយ​បញ្ហា​នេះ ក៏​បាន​ប៉ះពាល់​ដល់​បរិយាកាសនៃក្រុមទាំងមូល ផងដែរ។ ក្រៅ​ពី​នេះ យើង​ក៏​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក​​នៃ​​ការ​ប្រកួត​​នេះ​ដែរ វា​ជា​សម្ពាធ ដែល​យើងមិន​អាច​និយាយ​លទ្ធផល​ជា​មុន​បាន​ទេ ប៉ុន្តែ​ក្រុម​វៀតណាម​នឹង​រៀបចំ​ឱ្យ​​បាន​ល្អ»។

ដោយ​ឡែក សម្រាប់​ការ​ប្រកួត​បើក​ឆាក​ប្រចាំពូល​A កាលពី​ថ្ងៃអាទិត្យ ម្សិលមិញ ក្រុម​ម្ចាស់​ផ្ទះ សិង្ហបុរី បាន​ឡើង​ទៅ​ឈរ​នៅលេខ​១ ​ប្រចាំ​ពូលនេះ ជា​បណ្តោះ​អាសន្ន បន្ទាប់ពី​ពួក​គេ បាន​យក​ឈ្នះ​ក្រុម​មីយ៉ាន់ម៉ា ៣-០ ហើយ​ក្រុម​ថៃ បាន​យក​        ឈ្នះ​ក្រុម​ទីម័រ​ខាង​កើត ២-០ ដើម្បី​ឈរ​នៅលេខ​២៕